ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម ថា​រ័​ត្ន បញ្ចេញ​ក្បាច់​វាយតប់​ក្នុង​រឿង​ថ្មី​បន្តបន្ទាប់ ក្រោយ​ឱកាស​ឡើង​សង្វៀន​ស្ងាត់​ដូច​ចោរលួច​សេះ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទើបតែ​មាន​ព័ត៌មាន​ថា ជោគជ័យ​ក្នុង​វិស័យ​សម្ដែង​ភាពយន្តរហូត​ដល់​ភ្លេច​ការ​ប្រកួត​នៅ​លើ​សង្វៀន​សោះ កីឡាការិនី សម ថា​រ័​ត្ន ដែល​ល្បី​ខាង​ក្បាច់​គុន​ល្បុក្កតោ​ត្រូវ​គេ​ឃើញ​

រាជធានី​ភ្នំពេញ ៖ ទើបតែ​មាន​ព័ត៌មាន​ថា ជោគជ័យ​ក្នុង​វិស័យ​សម្ដែង​ភាពយន្តរហូត​ដល់​ភ្លេច​ការ​ប្រកួត​នៅ​លើ​សង្វៀន​សោះ កីឡាការិនី សម ថា​រ័​ត្ន ដែល​ល្បី​ខាង​ក្បាច់​គុន​ល្បុក្កតោ​ត្រូវ​គេ​ឃើញ​បញ្ចេញ​រឿង​ថ្មី​ជា​ប្រភេទ​រឿង​វាយតប់​ជា​បន្តបន្ទាប់​មើលទៅ​រស់​រវើក​មិន​ចាញ់​រឿង​ «Jailbreak ការពារ​ឧក្រិដ្ឋជន​» ដែល​ធ្វើ​ឱ្យ​នាង​ល្បីឈ្មោះ​នោះ​ទេ ។ នេះ​ជា​ស្នាដៃ​មួយ​ថ្មី​ដែល​មានការ​ប្រកាស​ថា ​នឹង​ចេញ​បង្អួត​មហាជន​នៅ​ដំណាច់​ខែមីនា​នេះ ខណៈ​រឿង​ថ្មី​ៗ​ក៏​បាន​ទទួល​ថត​ស្របគ្នា​ នឹង​ដំណឹង​ឡើង​សង្វៀន​ប្រកួត​ហាក់​ស្ងប់ស្ងាត់​ដូច​ចោរលួច​សេះ​នោះ ។

សម ថា​រ័​ត្ន បាន​សារភាព​ថា ប្រមាណ​ជា​២​ឆ្នាំ​ចុង​ក្រោយ​នាង​បាន​ទទួល​ឱកាស​សម្ដែង​ភាពយន្ត និង​ក្លាយជា​តារា​សម្ដែង​ច្រើន​ឡើង ដោយសារ​តែ​នាង​អាច​សន្ទនា​ភាសា​អង់គ្លេស​បាន​ល្អ និង​ចេះ​ក្បាច់គុន​វាយតប់​បាន​រស់​រវើក ។

នាង​ថា ឱ្យ​តែ​ក្រុម​ផលិតករ​មានគំនិត​ផលិត​រឿង​បែប​វាយតប់ ឬ​រឿង​ហក់លោត គឺ​នឹក​ដល់​ឈ្មោះ​របស់​នាង​ភ្លាម ទើប​នាង​ចេះ​តែ​មានការ​ងារ​មិនសូវ​លស់​ពេល​ដែល​ជួយ​ឱ្យ​អាជីព​សម្ដែង​ភាពយន្ត​របស់​នាង​មិនសូវ​ទំនេរ ។

នៅ​ថ្ងៃ​ទី​៣០ មីនា ខាង​មុខ​នេះ គេ​នឹង​ឃើញរូប​នាង​សម្ដែង​ក្នុង​ខ្សែភាពយន្ត​រឿង​«​លត់ដែក​ថែប​»​ដោយ​នាង​ត្រូវ​ដើរតួ​ជានា​រី​វាយតប់​ក្បាច់គុន​ល្បុក្កតោ​ជាមួយ​អ្នកជំនាញ​ក្បាច់គុន​បុរាណ​ខ្មែរ ដែល​តំណាង​ដោយ​តួ​សម្ដែង​មួយ​ចំនួន និង​អ្នកជំនាញ​ក្បាច់គុន​កា​រ៉ា​តេ​ដូ ដែល​តំណាង​ដោយ​លោក សុវណ្ណ គី​រី ។ នាង​ថា នៅ​ក្នុង​រឿង​នេះ នាង​សម្ដែង​អស់ពី​សមត្ថភាព​មិន​ខុស​គ្នា​នឹង​រឿង​«Jailbreak ការពារ​ឧក្រិដ្ឋជន​»​នោះ​ទេ ទើប​នាង​រំពឹង​ថា នឹង​កន្ត្រាក់​ការ​ចាប់អារម្មណ៍​បាន​ខ្ពស់​នៅ​ថ្ងៃ​ដាក់​បញ្ចាំង ។ នៅ​ក្នុង​រឿង​នេះ ប្រជុំ​ដោយ​អ្នកលេង​ក្បាច់គុន​៣​ប្រភេទ​ច្រើន​នាក់​ចម្រុះ​គ្នា ដើម្បី​ប្រៀបធៀប​ពី​ក្បាច់គុន​បរទេស និង​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​នៅ​ពេល​ប៉ះ​គ្នា​។ នេះ​ជា​រឿង​ធំ​ថ្មី​មួយ​ដែល​នាង​សម្ងំ​ថត​ច្រើន​ខែ ហើយដោយ​រំពឹង​ខ្ពស់​ពី​ទំហំ​ជោគជ័យ ។

សម ថា​រ័​ត្ន បាន​អះអាង​ថា ខ្សែ​រឿង​ធំ​ៗ​ដែល​នាង​បាន​ថត​សុទ្ធតែ​មានការ​ទទួលស្គាល់​ទាំងអស់ ជា​ពិសេស​រឿង​«Jailbreak ការពារ​ឧក្រិដ្ឋជន​» និង​រឿង​របស់​អ្នក​នាង​អែន​ជេ​លី​ណា ជោ​លី ។ នាង​ក៏​ត្រៀមខ្លួន​បង្ហាញ​ស្នាដៃ​ក្នុង​រឿង​ធំ​មួយទៀត​គឺ​រឿង «​ឃុន​ហ្លួង​ព្រះស្ដេច​កន​» ដែល​ត្រៀម​ដាក់​បញ្ចាំង​ឆាប់​ៗ​ខាង​មុខ​នេះ​។ នាង​ថា ខ្សែ​រឿង​ទាំង​៣​សុទ្ធតែ​រឿង​ដែល​ជួយ​ឱ្យ​នាង​ល្បីឈ្មោះ​ក្នុង​ពិភព​សម្ដែង ហើយ​ក៏​ចាត់​ទុក​ថា​នាង​បាន​ក្លាយជា​នារី​ម្នាក់​ដែល​ស្រឡាញ់ ងប់ងុល​នឹង​ការ​សម្ដែង​ផង​ដែរ​ទើប​នាង​ទទួល​សម្ដែង​ជា​ហូរហែ​ដោយ​គ្មាន​ធុញទ្រាន់​បែប​នេះ ។

យ៉ាងណា​មិ​ញ នាង​ក៏​រំពឹង​ថា ខ្សែ​រឿង​«​លត់ដែក​ថែប​»​ដែល​នឹង​ចាក់​បញ្ចាំង​ក្នុង​ពេល​ដ៏​ខ្លី​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ខ្លាំង​មិន​ខាន​ដោយសារ​រឿង​នេះ​នាង​បាន​បញ្ចេញ​ក្បាច់គុន​អស់ពី​សមត្ថភាព​។ នាង​សារភាព​ថា ការ​សម្ដែង​មិនមែន​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ឱកាស​ហុច​ឱ្យ ហើយ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​សម្ដែង​​ក៏​ល្អ​ជាង​ឡើង​សង្វៀន​ប្រកួត ទើប​នាង​ចាប់ផ្ដើម​រយាល​ឆ្ងាយ​ពី​ការ​ហ្វឹកហាត់ ហើយ​ទទួលយក​ការ​សម្ដែង​ច្រើន​ជាង ។ នាង​មាន​គម្រោង​ទទួល​ថតកុន​ក្នុង​ពេល​បន្តបន្ទាប់ ប៉ុន្តែ​សម្រាប់​គម្រោង​ឡើង​ប្រកួត គឺ​មិន​ទាន់​មាន​ទេ ដោយសារ​សហព័ន្ធ​ល្បុក្កតោ មិន​មានការ​ប្រកួត​ណាមួយ និង​ដោយសារ​តែ​គូប្រកួត​ក្នុងស្រុក​មិន​មាន​នោះ​ផង ទើប​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​ឡើង​រេញ​ហាក់​មិនសូវ​ផ្ដល់​ឱកាស​ឱ្យ​នាង ។ សម ថា​រ័​ត្ន បន្ត​ថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ​នាង​រវល់​នឹង​រឿង​ថតកុន​ច្រើន​ជាង​ខ្វាយខ្វល់​នឹង​ត្រៀម​ប្រកួត ។

នេះ​មិនមែន​មាន​ន័យ​ថា នាង​ត្រូវ​បោះបង់​ការ​ប្រកួត​ហើយ​ទទួល​ការ​សម្ដែង​នោះ​ទេ បើ​មានការ​ប្រកួត​ធំ​ៗ​នាង​នឹង​នៅ​តែ​ទទួល ។ នាង​ថា ខ្លួន​ចង់​ប្រកួត​កីឡាប្រដាល់​ដាក់​ទ្រុង តែ​គណៈកម្មការ​រៀបចំ​មិន​មាន​គូប្រកួត​សម្រាប់​នាង និង​មិន​មានការ​ផ្គូផ្គង​ឱ្យ​នាង​ឡើង​រេញ​ទាល់តែ​សោះ ទើប​នាង​សម្រេចចិត្ត​ឈោង​ចាប់​អាជីព​ថតកុន​ធ្វើ​ឆ្នាំងបាយ​ជា​ជំនួស ។

ក្នុង​ចំណោម​កីឡាករ​-​កីឡាការិនី​ល្បីឈ្មោះ សម ថា​រ័​ត្ន បាន​ក្លាយជា​តារា​សិល្បៈ​តែ​ម្នាក់ ដែល​មានឱកាស​បាន​សម្ដែង​ក្នុង​រឿង​ខ្នាត​ធំ​របស់​ផលិតករ​បរទេស ។ ក្រៅពី​មាន​ភាព​រស់​រវើក​ដោយសារ​តែ​មាន​ជំនាញ​វាយតប់​ស្រាប់ កីឡាការិនី​ម្នាក់​នោះ​ក៏​ចេះ​សម្ដែង​ទឹកមុខ​បាន​ល្អ ធ្វើ​ឱ្យ​ម្នាក់​ៗ​កោតសរសើរ​ពី​សមត្ថភាព​សម្ដែង​ផង​ដែរ ទើប​ផលិតករ​ធំ​ៗ​ចាប់អារម្មណ៍​ទាក់ទង​ឱ្យ​នាង​សម្ដែង​មិនសូវ​ខាន ។ នាង​អះអាង​ថា ការ​សម្ដែង​ក្នុង​រឿង​កន្លង​មក មិនមែន​ដោយសារ​តែ​ខ្សែ​ទុយោ ឬ​ចេះ​ក្បាច់គុន​នោះ​ទេ ប៉ុន្តែ​កត្តា​សំខាន់ គឺ​នាង​ក៏​ចេះ​សម្ដែង​ទឹកមុខ​តាម​ការ​តម្រូវ​របស់​ផលិតករ​ដែល​ចង់បាន ។ ក្នុង​នោះ​ក៏​មានការ​ថែទាំ​រូបរាង​មិន​ឱ្យ​បែក​សាច់ និង​មិន​កែកុន​មុខមាត់​ធ្វើ​ឱ្យ​ខុស​ទម្រង់​ដើម ក៏​ជា​ការ​ចង់បាន​របស់​ផលិតករ​ផង​ដែរ ជា​ពិសេស​ផលិតករ​ហូ​លី​វូ​ដ និង​ផលិតករ​បរទេស​ដែល​ត្រូវការ​តួ​សម្ដែង​ជា​មុខ​បែប​ខ្មែរ​ដូច​ជា​រូប​នាង ៕