និទាឃរដូវអារ៉ាប់នៅអេហ្ស៊ីបត្រូវបិទជានិមិត្តរូប ។ កាលពីថ្ងៃទី១៣ មីនា មេធាវីរបស់អតីតប្រធានាធិបតីលោកហូស្នី មូបារ៉ាក់ ប្រកាសថា អយ្យការបានយល់ព្រមដល់ការដោះលែង លោកមូបារ៉ាក់ ឱ្យមានសេរីភាពវិញ ។
អតីតប្រធានាធិបតីរូបនេះ ដែលដឹកនាំប្រទេសរយៈពេល៣០ឆ្នាំត្រូវចាកចេញពីអំណាចកាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១១ ក្រោយការបះបោររយៈពេល១៨ថ្ងៃដែលមានការបង្ក្រាបបង្ហូរឈាម ។ លោកត្រូវគេកាត់ទោសដាក់គុកអស់មួយជីវិតកាលពីខែមិថុនា ឆ្នាំ២០១២ ក៏ប៉ុន្តែទោសនេះត្រូវលុបលាងវិញ តាមរយៈសវនាការថ្មីមួយ ។ រួចកាលពីថ្ងៃទី២ មីនា កន្លងទៅនេះ តុលាការសាលាវិនិច្ឆ័យបានអះអាងពីការផាត់ចោលរាល់ការចោទប្រកាន់ប្រឆាំងលោក ។
មេធាវីលោកមូបារ៉ាក់ បញ្ជាក់ថា អតីតប្រធានាធិបតីរូបនេះអាចវិលត្រឡប់មកផ្ទះវិញ ពេលក្រុមវេជ្ជបណ្ឌិតនិយាយថា លោកអាចចាកចេញបាន ។
ទោះបីយ៉ាងណា លោកនឹងពុំអាចទៅកាន់បរទេសបាន ព្រោះជាប់ការស៊ើបអង្កេតរបស់ផ្នែកដែលត្រួតពិនិត្យទ្រព្យសម្បត្តិប្រមូលបានដោយក្លែងបន្លំ ។
លោកហូស្នី មូបារ៉ាក់ អាយុ៨៨ឆ្នាំ ត្រូវកាត់ទោសជាពិសេសពីបទពាក់ព័ន្ធនឹងការស្លាប់បាតុករ២៣៩នាក់កាលពីខែមករា ឆ្នាំ២០១១ ។
លោកស្រី MAI MOGIB សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យក្រុងគែរយល់ថា ឧត្តមគតិនិទាឃរដូវអារ៉ាប់លែងមានទៀតហើយនៅអេហ្ស៊ីប ។ លោកយល់ថា បើពិភាក្សាលើរូបលោកមូបារ៉ាក់ និងបណ្តានិមិត្តរូបនៃសម័យកាលរបស់លោក ពេលនេះឃើញថា អាចទទួលយកបានក្នុងបណ្តាសារព័ត៌មាន និងតាមដងវិថី ។
ក្រោយការទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យរវាងពាក់កណ្តាលឆ្នាំ២០១២ និងពាក់កណ្តាលឆ្នាំ២០១៣ ដែលនាំទៅដល់ការបោះឆ្នោតប្រធានាធិបតីជាប់ជនអ៊ិស្លាមនិយម លោកម៉ូហាម៉េដម័រស៊ី អេហ្ស៊ីប ត្រូវធ្លាក់ក្រោមការគ្រប់គ្រងត្រួតត្រារបស់ពួកយោធាជាមួយប្រមុខយោធាលោកអាប់ដែលហ្វាតាហ៍ អាល់ស៊ីសស៊ី ដែលផ្តួលរំលំប្រធានាធិបតីស៊ីវិលដំបូង ។ ពួកប្រឆាំងអ៊ិស្លាមនិយមត្រូវបង្ក្រាប រួចមេដឹកនាំនិទាឃរដូវអារ៉ាប់ជាច្រើននាក់ត្រូវចាប់ដាក់គុក ឬចាប់បង្ខំឱ្យនិរទេស ៕
ចែករំលែកព័តមាននេះ