យោងតាមតុល្យការថ្មីមួយចេញផ្សាយកាលពីថ្ងៃទី១៣ មីនា ដោយអង្គការសិទ្ធិមនុស្សស៊ីរី OSDH មានប្រភពព័ត៌មានច្រើនក្នុងប្រទេសថា សង្គ្រាមស៊ីវិលនៅស៊ីរីរយៈពេល៦ឆ្នាំមកនេះ បណ្តាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួនដល់ប្រមាណជា៤៦៥.០០០នាក់ ។
អង្គការស្និទ្ធពួកប្រឆាំងស៊ីរីនេះបញ្ជាក់ថា អាចអះអាងពីមនុស្សស្លាប់៣២១.០០០នាក់ និងថា មនុស្សប្រមាណជា១៤៥.០០០នាក់ទៀតបាត់ខ្លួន ។ ក្នុងចំណោមអ្នកស្លាប់មានជនស៊ីវិល៩៦.០០០នាក់ ។ ក្នុងចំណោមជនស៊ីវិលស្លាប់ទាំងនេះ៨៣.៥០០នាក់ស្លាប់ ដោយសារកងទ័ពរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្តរុស្ស៊ី អីុរ៉ង់ និងលីបង់ ក្នុងនោះ២៧.៥០០នាក់ស្លាប់ ដោយសារការវាយប្រហារតាមអាកាស និង១៤.៦០០នាក់ស្លាប់ ដោយសារការធ្វើទារុណកម្មក្នុងគុក ។
OSDH បញ្ជាក់ថា ការបាញ់ផ្លោង និងការវាយប្រហារនានារបស់ពួកឧទ្ទាមសម្លាប់ជនស៊ីវិលជាង៧.០០០នាក់ ។
ពួកជីហាដក្រុមរដ្ឋអ៊ិស្លាមសម្លាប់៣.៧០០នាក់ រួចការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះអន្តរជាតិនាំមុខដោយសហរដ្ឋអាេមរិកប្រឆាំងក្រុមរដ្ឋអ៊ិស្លាមសម្លាប់មនុស្ស៩២០នាក់ ។ ចំណែកតួកគីដែលគាំទ្រពួកឧទ្ទាមនៅព្រំដែនជាមួយស៊ីរីសម្លាប់ជនស៊ីវិលជាង៥០០នាក់ ។
ចំពោះអង្គការយូនីសេហ្វវិញបញ្ជាក់ថា ក្នុងផ្ទៃប្រជាជនស៊ីវិលបណ្តាកុមាររងការប៉ះពាល់ជាពិសេស ។ យូនីសេហ្វថា កុមារ៦៥០នាក់ត្រូវសម្លាប់កាលពីឆ្នាំទៅមិញ នៅស៊ីរីគឺ២០%លើសពីឆ្នាំ២០១៥ ។ ជាង១ភាគ៣នៃកុមារទាំងនេះត្រូវស្លាប់ក្នុងសាលា ឬជិតសាលាពួកគេ ។
តួលេខនេះដែលប្រមូលចាប់តាំងពីឆ្នាំ២០១៤មក ពុំរាប់បញ្ចូលបណ្តាជនរងគ្រោះជាកម្មវត្ថុនៃការត្រួតពិនិត្យផ្លូវការឡើយ មានន័យថា ពិតជាមានខ្ពស់ជាងនេះទៀត ។ យូនីសេហ្វបញ្ជាក់ថា ការប្រយុទ្ធគ្នានាំឱ្យមានការលំបាកក្នុងការបញ្ចូលមនុស្សទៅព្យាបាល រួចកុមារជាច្រើននាក់ស្លាប់ផងដែរ ដោយជំងឺដែលពុំមានការព្យាបាល ។
OSDH ក៏រាប់ផងដែរ ពីការស្លាប់ទាហាននៃកងទ័ពរដ្ឋាភិបាល និងពួកជីវពលស្និទ្ធរដ្ឋាភិបាល១១៤.៤៧៤នាក់ ហើយពួកឧទ្ទាម និងពួកយុទ្ធជនឃើត៥៥.០០០នាក់ក៏ត្រូវស្លាប់ក្នុងការច្បាំងគ្នារយៈពេល៦ឆ្នាំកន្លងទៅដែរ ។ OSDH បន្តថា យុទ្ធជនអតីតក្រុមរណសិរ្សអាល់ណូស្ត្រា បច្ចុប្បន្នគឺក្រុម FATEH EL CHAM មានទំនាក់ទំនងជាមួយអាល់កៃដា និងក្រុមរដ្ឋអ៊ិស្លាម៥៦.០០០នាក់ស្លាប់ក្នុងការប្រយុទ្ធ ។
វិបត្តិស៊ីរីផ្ទុះឡើងពីថ្ងៃទី១៥ មីនា ឆ្នាំ២០១១ មក មុនពេលប្រែក្លាយទៅជាសង្គ្រាមស៊ីវិលទាំងស្រុងចូលរួមដោយបណ្តាមហាអំណាចបរទេស ៕
ចែករំលែកព័តមាននេះ