ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តារ​វិបត្តិ​កូ​វី​ដ​! ហុងកុង​នឹង​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​ដោយ​ការ​ផ្តល់​សំបុត្រ​យន្តហោះ​ឥត​គិតថ្លៃ

1 ឆ្នាំ មុន

ហុងកុង ៖ ហុងកុង​នឹង​ផ្តល់​សំបុត្រ​យន្តហោះ​ដោយ​ឥត​គិតថ្លៃ​ចំនួន ៥០​ម៉ឺន​សំបុត្រ ដែល​មាន​តម្លៃ​

ហុងកុង ៖ ហុងកុង​នឹង​ផ្តល់​សំបុត្រ​យន្តហោះ​ដោយ​ឥត​គិតថ្លៃ​ចំនួន ៥០​ម៉ឺន​សំបុត្រ ដែល​មាន​តម្លៃ​ប្រមាណ ២​ពាន់​លាន​ដុល្លារ​ហុងកុង ស្មើនឹង ២៥៤.៨​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ កំពុង​ព្យាយាម​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍ ដែល​រង​គ្រោះ​ដោយសារ​វិបត្តិ​កូ​វី​ដ​១៩​។

ហុងកុង បាន​លុប​ចោល​ច្បាប់​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ កំពុង​តស៊ូ​ដើម្បី​ទទួល​បាន​កាលវិភាគ​ហោះហើរ​របស់​ពួក​គេ​ត្រឡប់​មក​វិញ​នៅ​ក្នុង​កម្រិត​ដើម មុន​ពេល​ផ្ទុះ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។

លោក Dane Cheng នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​ទេសចរណ៍​ហុងកុង​បាន​និយាយ​ថា ហុងកុង​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ផ្សាយពាណិជ្ជកម្ម​សំបុត្រ​យន្តហោះ​ឥត​គិតថ្លៃ​។ ដោយ​សំបុត្រ​ឥត​គិតថ្លៃ​ដែល​ត្រូវ​បាន​ទិញ ដើម្បី​គាំទ្រ​ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ នឹង​ត្រូវ​ចែក​ចាយ​នៅ​ឆ្នាំ​ក្រោយ​ដល់​អ្នកដំណើរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ដោយ​អាជ្ញាធរ​អាកាសយានដ្ឋាន​ជាតិ​។

កាលពី​ថ្ងៃ​ទី​៥ ខែតុលា ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស Virgin Atlantic បាន​បញ្ជាក់​ថា ខ្លួន​នឹង​បិទ​ការិយាល័យ​លែង​ដំណើរការ​តទៅ​ទៀត​នៅ​ក្នុង​ទីក្រុង​ហុងកុង ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ជុំវិញ​ភាព​ស្មុគស្មាញ​នៃ​ប្រតិបត្តិការ​សំខាន់​ៗ​ដោយសារ​តែ​ការ​បិទ​ដែនអាកាស​របស់​រុ​ស្ស៊ី​។

ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន បាន​បណ្តាល​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​ត្រូវ​ផ្អាក​ជើងហោះហើរ​របស់​ខ្លួន ឬ​ប្រើ​ផ្លូវ​វែង​ជាង ដើម្បី​ចៀស​វាង​ការ​ហោះហើរ​លើ​តំបន់​រង​ផល​ប៉ះពាល់​។

លោកស្រី Prudence Lai អ្នកវិភាគ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Euromonitor International គិត​ថា ការ​ផ្តល់​ជូន​សំបុត្រ​យន្តហោះ​ដោយ​ឥត​គិតថ្លៃ នឹង​ជួយ​ព​ន្លឿ​ន​ដំណើរការ​ជួសជុល​កេរ្តិ៍ឈ្មោះ​របស់​ហុងកុង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា នេះ​គឺ​ត្រូវ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ពេល​ដែល​អ្នកទេសចរ​ចិនដីគោក​នឹង​ត្រលប់​មក​វិញ ដោយសារ​តែ​ប្រទេស​ចិនដីគោក​បាន​រួមចំណែក​ដល់​ការ​មក​ដល់ និង​វិ​ក័យ​ប័ត្រ​ធ្វើ​ដំណើរ​របស់​ហុងកុង​ច្រើន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​សរុប​។

ទីក្រុង​ហុងកុង​មាន​អ្នក​ទស្សនា​ប្រមាណ ១៨៤,០០០​នាក់​ក្នុង​រយៈពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។ តួលេខ​នេះ គឺជា​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បើ​ធៀប​ទៅ​នឹង​មុន​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ដែល​មនុស្ស​ប្រមាណ ៥៦​លាន​នាក់ បាន​មក​លេង​ទីក្រុង​នេះ កាលពី​ឆ្នាំ ២០១៩៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ