អ្នកមានលុយចាក់ដីលុបមាត់ស្ទឹងសង្កែ
ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មេឃុំបាយដំរាំ និងរដ្ឋបាលស្រុកបាណន់ ជាអ្នកនៅពីក្រោយនៃការចាក់ដីលុបមាត់ស្ទឹងសង្កែ ដែលធ្វើផ្ទាល់ដោយអ្នកមានលុយ មានអំណាចដើម្បី
ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មេឃុំបាយដំរាំ និងរដ្ឋបាលស្រុកបាណន់ ជាអ្នកនៅពីក្រោយនៃការចាក់ដីលុបមាត់ស្ទឹងសង្កែ ដែលធ្វើផ្ទាល់ដោយអ្នកមានលុយ មានអំណាចដើម្បី
ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មេឃុំបាយដំរាំ និងរដ្ឋបាលស្រុកបាណន់ ជាអ្នកនៅពីក្រោយនៃការចាក់ដីលុបមាត់ស្ទឹងសង្កែ ដែលធ្វើផ្ទាល់ដោយអ្នកមានលុយ មានអំណាចដើម្បីសាងសង់ផ្សារ និងស្ថានីយប្រេង ថែមទាំងប្រើអំណាចបណ្ដេញពលរដ្ឋក្រីក្រមួយគ្រួសារ ដែលស្នាក់នៅទីនោះឲ្យចាកចេញដោយគ្មានសំណងទៀតផង ធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅតំបន់នោះ។
អ្នកស្រុកបាននិយាយថា ទីតាំងនោះស្ថិតនៅជាប់ក្បាលស្ពានបេឡេត៏ឆ្លងស្ទឹងសង្កែត្រើយកើត ខាងមុខវត្តបាយដំរាំ ក្នុងភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ដែលជាដីចំណីស្ទឹង ។ ពលរដ្ឋភាគច្រើននៅតំបន់នោះ បានសង្ស័យទៅលើលោកង៉ុង ឆាន់លី មេឃុំបាយដំរាំ និងអាជ្ញាធរស្រុកបាណន់ថា បានរួមគំនិតជាមួយអ្នកមានលុយនិងមានអំណាចចាក់ដីលុបដីចំណីស្ទឹង ដើម្បីធ្វើផ្សារ និងធ្វើស្ថានីយប្រេង ដែលដំណើរការសាងសង់ជាង២ខែកន្លងមកហើយ។ គេមិនទាន់ស្គាល់ថៅកែផ្សារនោះជានរណាទេ តែគេឃើញបុរសម្នាក់ឈ្មោះចាន់ សុភា តែងមកពិនិត្យសំណង់នោះរាល់ថ្ងៃ ។ អ្នកភូមិបានជំទាស់យ៉ាងខ្លាំងទៅនឹងការសាងសង់ផ្សារនិងស្ថានីយប្រេងនេះ ដោយសារទីនោះមិនសមនឹងបង្កើតផ្សារឬស្ថានីយប្រេងទេ ។ ប៉ុន្តែពួកគេមិនហ៊ានចេញមុខតវ៉ា សូម្បីអត្តសញ្ញាណក៏សុំលាក់ដែរ ព្រោះខ្លាចអំណាចអាជ្ញាធរ ដែលតែងគំរាមមិនឈប់។ មិនតែប៉ុណ្ណោះលោកមេឃុំ និងឈ្មោះចាន់ សុភា បានព្យាយាមបណ្ដេញពលរដ្ឋក្រីក្រមួយគ្រួសារដែលរស់នៅច្រើនឆ្នាំមកហើយក្បែរនោះឲ្យចាកចេញដើម្បីយកដីឲ្យថៅកែផ្សារទៀតផង ។
អ្នកស្រីគីម ស្រីម៉ៅ អាយុ៣២ឆ្នាំ មានប្តីឈ្មោះហឿន សុខផល អាយុ៣៧ឆ្នាំ ជាជាងជួសជុលម៉ូតូ ដែលកំពុងប្រឈមនឹងអាជ្ញាធរបណ្ដេញចេញបាននិយាយថា មេឃុំបាយដំរាំ លោកង៉ុង ឆាន់លី ដែលមានផ្ទះនៅក្បែរគាត់ដែរ បានហៅគាត់ទៅសាលាឃុំ ប្រាប់ឲ្យគ្រួសារគាត់រុះរើផ្ទះចេញពីទីនោះច្រើនលើកហើយ តែអ្នកស្រីមិនចេញ ព្រោះគ្មានសំណងអ្វីសោះ ។ អ្នកស្រីថា មិនតែប៉ុណ្ណោះឈ្មោះចាន់ សុភា អ្នកមើលការសាងសង់ផ្សារ ក៏គំរាមកំហែងគ្រួសារអ្នកស្រីមិនឈប់ឈរ បង្ខំឲ្យចាកចេញ ។ ពលរដ្ឋក្រីក្ររូបនេះបន្តថា ការបង្ខំចុងក្រោយគឺអាជ្ញាធរបានអះអាងថា គេនឹងផ្ដល់ថ្លៃរុះរើផ្ទះចំនួន៦០០ដុល្លារ រីឯសំណងអ្វីផ្សេងទៀតគ្មានទេ ។
អ្នកស្រីគីម ស្រីម៉ៅ បាននិយាយពីការគំរាមកំហែងរបស់លោកមេឃុំថា «បើមិនចាកចេញពេលនេះទេ ចាំមើលបោះឆ្នោតរួចច្បាស់ជាដឹងគ្នាហើយ» រីឯឈ្មោះចាន់ សុភា ជាអ្នកមើលសំណង់ផ្សារវិញក៏គំរាមគាត់ដែរថា រើឬមិនរើ… ប្រយ័ត្ន… បើមិនឃើញក្ដារមឈូសមិនស្រក់ទឹកភ្នែកទេ ។ អ្នកស្រីបានបញ្ជាក់ប្រាប់ថា គាត់បានរស់នៅលើដីចំណីស្ទឹងខាងមុខវត្តបាយដំរាំនេះ កាលពីឆ្នាំ២០០៥ ដោយមានការអនុញ្ញាតពីអតីតៈមេឃុំចាស់ និងមានការឯកភាពពីព្រះសង្ឃនិងគណៈកម្មការវត្តបាយដំរាំផងដែរ។ គាត់ទទួលស្គាល់ថា កាលនោះគេហាមមិនឲ្យគាត់លក់ដូរដីនោះទេ តែតម្រូវឲ្យគាត់ចាកចេញនៅពេលណាមួយដែលរដ្ឋត្រូវការ។ ប៉ុន្តែពេលនេះរដ្ឋត្រូវការ តែមិនមែនរដ្ឋយកដីនោះទៅអភិវឌ្ឍដើម្បីប្រយោជន៍រួមទេ គឺបានយកទៅឲ្យអ្នកមានលុយធ្វើផ្សារដើម្បីផលប្រយោជន៍ឯកជន។ ដូច្នេះអ្នកស្រីមិនអាចចាកចេញទេ បើអ្នកមានលុយយកដីរដ្ឋធ្វើផ្សារនិងស្ថានីយប្រេងបាន គាត់ក៏អាចធ្វើផ្ទះនៅបានដែរ មិនត្រូវដេញគ្រួសារគាត់ចេញ ហើយយកដីប្រគល់ឲ្យឯកជនបែបនេះទេ។ តើឲ្យគ្រួសារគាត់ទៅរស់នៅឯណា បើគ្មានទាំងដីភូមិសម្រាប់ស្នាក់នៅ និងដីសម្រាប់ធ្វើស្រែចំការនឹងគេមួយចំអាមផងនោះ ?
កោះសន្តិភាពមិនអាចសុំការពន្យល់ពីលោកង៉ុង ឆាន់លី មេឃុំបាយដំរាំបានទេ នៅព្រឹកថ្ងៃទី១៣ មីនា ជុំវិញការចោទប្រកាន់របស់ពលរដ្ឋ ដោយលោកបានប្រាប់តាមទូរស័ព្ទថា លោកកំពុងជាប់ទទូលសញ្ញាបត្រនៅភ្នំពេញ។ រីឯលោកជុំ ញ៉ អភិបាលស្រុកបាណន់ ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយសារទូរស័ព្ទរបស់លោកហៅចូលច្រើនលើកតែគ្មានអ្នកទទួល។ ដោយឡែកឈ្មោះចាន់ សុភា ដែលអ្នកភូមិប្រាប់ថា អ្នកមើលការខុសត្រូវសំណង់ផ្សារក៏មិនអាចទំនាក់ទំនងសួរនាំបានដែរ ។
ប្រជាពលរដ្ឋបានរិះគន់ថា អាជ្ញាធរធ្វើនេះដូចជាហួសហេតុពេកហើយ អាងខ្លួនមានអំណាចធ្វើអ្វីស្រេចតែចិត្ត ។ ពលរដ្ឋបានលើកឡើងថា បើអាជ្ញាធរនិងអ្នកមានលុយ អាចធ្វើសំណង់រំលោភលើដីចំណីស្ទឹងបាន ពលរដ្ឋក៏ធ្វើបានដែរ ។ ពួកគេនិយាយថា ថ្ងៃក្រោយទឹកស្ទឹងសង្កែអាចនឹងប្រឈមយ៉ាងធ្ងន់ធ្ងរអំពីបញ្ហាបរិស្ថាន ដោយសារកាកសំណល់ និងទឹកកខ្វក់ដែលបង្ហូរចេញពីផ្សារអ្នកមានអំណាចនេះ។ មិនតែប៉ុណ្ណោះជម្រកសត្វជ្រឹងនៅខាងមុខវត្តបាយដំរាំ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដ៏ពេញនិយម និងដ៏សំខាន់នាបច្ចុប្បន្ននេះ ក៏ប្រឈមនឹងការបាត់បង់ផងដែរ ។ ដូច្នេះបើតាមការពិនិត្យរាល់ទង្វើរបស់អាជ្ញាធរ គឺហាក់មិនបានគិតគួរអំពីផលប្រយោជន៍រួមទេ គឺគេគិតតែពីផលប្រយោជន៍បុគ្គលនិងបក្សពួកខ្លួនមួយក្ដាប់តូចតែប៉ុណ្ណោះ ។
សូមបញ្ជាក់ដែរថា សព្វថ្ងៃនេះនៅចុងស្ពានបេឡេត៍ត្រើយកើត ខាងមុខវត្តបាយដំរាំ ពលរដ្ឋដែលមានមុខរបលក់ដួរតូចតាចបាននាំគ្នាយកទំនិញនានាទៅលក់លើកម្រាលផ្ទាល់ដីលើដងផ្លូវដូចជា ខោអាវ បន្លែ ត្រី សាច់ និងគ្រឿងទេសផ្សេងៗ តែផ្សារដ៏តូចនេះបើកលក់តែរយៈពេលពី៣ទៅ៤ម៉ោងប៉ុណ្ណោះ ក៏រលាយទៅវិញដូចក្រមួនត្រូវថ្ងៃ ។ ដោយសារសម្លឹងឃើញឱកាសបែបនេះហើយ ទើបអាជ្ញាធរបានលេស ឃុបឃិតជាមួយអ្នកមានលុយ មានអំណាចបណ្ដេញពលរដ្ឋចេញដើម្បីចាក់ដីលុបចំណីស្ទឹង ធ្វើផ្សារនិងស្ថានីយប្រេង ដើម្បីលក់តូបឲ្យពលរដ្ឋដោយមិនខ្វល់អំពីផលប៉ះពាល់ឡើយ បើទោះជាពលរដ្ឋរិះគន់កប់ៗមាត់យ៉ាងណាក្ដី ក៏មិនស្រកៀរត្រចៀកដែរ ៕
ចែករំលែកព័តមាននេះ