មនុស្សយ៉ាងតិច៤៦នាក់ស្លាប់ ហើយជាច្រើនសិបនាក់រងរបួសដោយសារការបាក់គំនរសំរាមយ៉ាងធំបំផុតមួយនៅប្រទេសអេត្យូពីជាយក្រុងរដ្ឋធានី អាឌីស អាបេបា ដោយពួកអ្នករស់នៅជិតគំនរសំរាមនេះអះអាងថា ដោយសារការងារកាយពង្រាបផ្នែកខាងលើនៃគំនរ ។
លោកស្រី DAGMAWIT MOGES អ្នកនាំពាក្យរបស់សាលាក្រុងអាឌីអាបេបា ថ្លែងប្រាប់ AFP នាថ្ងៃទី១២ មីនា ថា តុល្យការនៃគ្រោះមហន្តរាយដែលកើតមានកាលពីយប់ថ្ងៃទី១១ មីនា នេះនៅភាគនិរតីរដ្ឋធានីអេត្យូពី អ្នកស្លាប់ពេលនេះមាន៤៦នាក់ ក្នុងនោះមាននារី៣២នាក់ និងបុរស១៤នាក់ រួចកុមារមួយចំនួនស្ថិតក្នុងចំណោមជនរងគ្រោះ។
លោកស្រី MOGES បញ្ជាក់ថា ភាគច្រើននៃអ្នកស្លាប់ជាអ្នករើសអេតចាយរស់នៅលើគំនរសំរាមនេះ ដែលរស់ដោយសារការកាយសំរាមរករបស់អាចលក់បានរាល់ថ្ងៃ ។
លោកស្រីបន្តថា តុល្យការជនរងគ្រោះអាចមានខ្ពស់ជាងនេះទៀត ។ ការបាក់គំនរសំរាមនេះប៉ះពាល់ដល់តំបន់ធំមួយព្រោះគំនរសំរាមលាតសន្ធឹងលើផ្ទៃដីទំហំដល់ជាង៣០ហិកតា ។
បណ្តាសាក្សី និងពួកអ្នកនៅរួចរស់រានមានជីវិតនិយាយប្រាប់ AFP ថា ចង្កេះមួយនៃភ្នំសំរាមស្រាប់តែបាក់ភ្លាមៗកាលពីយប់ថ្ងៃទី១២ មីនា ហើយនាំយកទាំងខ្ទមទាំងឡាយរបស់អ្នករស់នៅលើគំនរសំរាម KOSHE នេះ ។ ពេលបាក់យើងឮសំឡេងខ្លាំងមួយ ហើយពេលយើងរត់ចេញយើងឃើញគំនរសំរាមបាក់សំដៅសង្កាត់ពួកយើង ។
នារសៀលថ្ងៃទី១២ មីនា អេស្កាវ៉ាទ័រចំនួន៦គ្រឿងប្រឹងប្រែងកាយគំនរភ្នំសំរាមតាមរកអ្នកអាចនៅរស់រានមានជីវិត ឬសាកសពមនុស្ស ។
កន្លែងចាក់សំរាម KOSHE ចាប់តាំងពី៤០ឆ្នាំមកហើយ ជាទីតាំងចាក់សំរាមសំខាន់សម្រាប់ក្រុងអាឌីសអាបេបា រដ្ឋធានីមានប្រជាជាន៤លាននាក់ ហើយមានកំណើនប្រជាសាស្ត្រយ៉ាងលឿន ៕
ចែករំលែកព័តមាននេះ