ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ឡាក់គី» ដំរី នៅភ្នំតាម៉ៅ ចេះគូររូប!

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ៖ ការតាំងពិព័រណ៍ “ដំរីឡាក់គី” ត្រូវបានរៀបចំពិធីសម្ពោធ កាលពីល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅវិចិត្រសាលនៃសណ្ឋាគារ ROSEWOOD ក្នុងរាជធានីភ្នំពេញ។…

​ភ្នំពេញ៖ ការតាំងពិព័រណ៍ “ដំរីឡាក់គី” ត្រូវបានរៀបចំពិធីសម្ពោធ កាលពីល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅវិចិត្រសាលនៃសណ្ឋាគារ ROSEWOOD ក្នុងរាជធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះ បានបង្ហាញអំពីផ្ទាំងគំនូរក្រណាត់ដ៏អស្ចារ្យ ចំនួន ១៧ ផ្ទាំង ហើយវិចិត្រករ មិនមាននរណាក្រៅពី​ទូតសុច្ឆន្ទៈដំរីនៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ (PTWRC) ដែលមានឈ្មោះថា «ឡាក់គី» នោះទេ។

ការតាំងពិព័រណ៍នេះ គឺចង់រំលឹកអំពីភ្នំតាម៉ៅ ដែលជាដែនជម្រកនៃសត្វព្រៃ ដែលត្រូវបានជាប់អន្ទាក់ ឬត្រូវបានជួញដូរខុសច្បាប់។ ការតាំងពិព័រណ៍នេះ បានបង្ហាញពីសារៈសំខាន់នៃការការពារសត្វព្រៃ និងព្រៃឈើ។

សូមជម្រាបថា ដែនជម្រកសត្វព្រៃភ្នំតាម៉ៅ បានធ្វើឱ្យសត្វទាំងនេះ មានអារម្មណ៍មានសុវត្ថិភាព ហើយក៏បានជួយឱ្យសត្វទាំងនេះ មានភាពប្រសើរឡើងវិញទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីឱ្យសត្វទទួលបាននូវការរស់នៅល្អ ប្រសើរជាងមុន។

ភ្នំតាម៉ៅ គឺជាផ្ទះទីពីររបស់ពួកគេ ហើយ ក៏ជាទីកន្លែងដែលបង្ហាញពីសេចក្តីស្រលាញ់ និងការចូលចិត្តដែលសត្វព្រៃទាំងនេះមានចំពោះមនុស្សផងដែរ ខណអ្នកមើលថែទាំដែលបានជួយចិញ្ចឹម និងមើលថែទាំពួកគេ។

ទន្ទឹមនឹងរូបគំនូរទាំងនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏បានដាក់តាំងបង្ហាញជើងសិប្បនិម្មិតរបស់​សត្វដំរីមួយក្បាល ដែលមានឈ្មោះថា «ឈូក» ផងដែរ។ ឈូក គ្រាន់តែជាកូនដំរីតូចមួយ ពេលដែលគាត់ ត្រូវបានជាប់ក្នុង​អន្ទាក់ ហើយបាត់ជើងម្ខាងរបស់ខ្លួន។ នាយកផ្នែកសង្គ្រោះ និងថែទាំសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក Nick Marx និងក្រុមការងាររបស់គាត់ បានជួយសង្គ្រោះសត្វដំរីមួយក្បាលនេះ។

ដោយ​មានការជួយមើលថែទាំពីសំណាក់ពេទ្យសត្វជំនាញ និងអ្នកមើលថែសត្វ ក្រុមការងារ អាចផ្តល់ឱ្យ ឈូក នូវជើងសិប្បនិម្មិត ដើម្បីឱ្យគាត់ អាចដើរឡើងវិញបាន។

ជើងសិប្បនិម្មិតដំបូងបង្អស់របស់ឈូក ​ត្រូវដាក់តាំងបង្ហាញ ដើម្បីជាការរំលឹកទៅដល់សត្វព្រៃ​ទាំងអស់ ដែលត្រូវទទួលបានសិទ្ធិរស់នៅដូចមនុស្សដទៃទៀតផងដែរ។

កញ្ញា​​បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានមានប្រសាសន៍ថា “ស្នាដៃសិល្បៈរបស់ឡាក់គី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការ​ការពារសត្វព្រៃ និងព្រៃឈើនៅប្រទេសកម្ពុជា” ។

កញ្ញាបន្តទៀតថា “គំនូរដ៏វិចិត្រ និងរស់រវើករបស់ឡាក់គី ក៏បង្ហាញពីទំនាក់ទំនងមនោសញ្ចេតនា ដែលមនុស្ស និងសត្វអាចមាននៅពេលបាននៅស្និទ្ធ​ស្នាលជាមួយគ្នា ក្នុងបរិយាកាសដែលមានសុវត្ថិភាព និងមានសុខុមាភាពល្អ។

នាងបញ្ជាក់ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សង្ឃឹម​ថា ស្នាដៃសិល្បៈនេះ នឹងជួយឱ្យមនុស្ស ជំនាន់ក្រោយ បានមើលឃើញសត្វព្រៃដ៏ស្រស់ស្អាតទាំងនេះ ដែលសត្វខ្លះ ជិតផុតពូជ និងបានស្វែងយល់បន្ថែមអំពីការជួញដូរសត្វព្រៃខុសច្បាប់។ ជាមួយនឹងការយល់ដឹងកាន់តែច្រើន គេសង្ឃឹមថា ការជួញដូរសត្វព្រៃ​ខុសច្បាប់ នឹងត្រូវបានកាត់បន្ថយ»។

លោក Nick Marx នាយកផ្នែកសង្គ្រោះ និងថែទាំសត្វព្រៃ បានថ្លែងសុន្ទរកថាដ៏ប្រពៃមួយ ដោយលោកនិយាយថា “ឡាក់គី បានមកដល់ភ្នំតាម៉ៅ នៅពេលដែលគាត់ នៅជាកូនដំរីតូចមួយក្បាល ដូច្នេះហើយឡាក់គី ត្រូវការការចិញ្ចឹមដោយអ្នកថែទាំគឺលោក ស៊ីថេង។ ឥឡូវនេះឡាក់គី បានធំពេញវ័យហើយ ហើយដំរីនេះ ក៏មានចិត្តចង់ជួយយើងមើល​ថែសត្វ ដែលយើងជួយសង្គ្រោះ ហើយបានយល់ព្រមឱ្យយើងលក់គំនូររបស់ខ្លួនផងដែរ។

លក្ខខណ្ឌរបស់ឡាក់គីគឺ ដំរីនេះ ទទួលបានរង្វាន់នូវចេក និងការ៉ុតជាបន្តបន្ទាប់ ដើម្បីផ្តល់​ថាមពល​ឱ្យខ្លួននៅពេលគូរគំនូរ ហើយនោះ គឺជាការផ្ដល់រង្វាន់ដ៏តិចតួច សម្រាប់​ស្នាដៃ​ដ៏អស្ចារ្យបែបនេះ។

លោក Daniel Simon នាយកគ្រប់គ្រង ROSEWOOD ភ្នំពេញ បានមានប្រសាសន៍ថា “ក្រុមការងារ ដូចជា មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានដើរតួនាទីយ៉ាង​សំខាន់ ក្នុងការចែករំលែកសារទាំងនេះ និងជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការ​អភិរក្សនៅ​ប្រទេសកម្ពុជា”។ ​

 សូមជម្រាបថា ROSEWOOD ភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការគ្នារៀបចំការ​តាំង​ពិព័រណ៍ដ៏មានសារសំខាន់នេះ។ ការតាំងពិព័រណ៍នេះ ត្រូវបានបើកជូន​សាធារណជនចូលទស្សនា ចាប់តាំងពី​ថ្ងៃទី​២៩ ខែកញ្ញា ហើយនឹងបន្តរយៈពេលពេញ​មួយខែតុលានេះ​។ មូលនិធិ ដែលរៃអង្គាស​បានពី​ការ​តាំង​ពិព័រណ៍នេះ នឹងត្រូវផ្ដល់ដោយផ្ទាល់​ជូនដែនជម្រក សត្វព្រៃភ្នំតាម៉ៅ​៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ