ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ហួច​ហៅ​ខ្យល់ លោក សម រ​ង្ស៊ី ប្រើ​សារ​នយោបាយ​ជំនួស​ពាក្យស្លោក​បក្ស​សង្គ្រោះ​ជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​សម្តេច​តេ​ជោ​ធ្លាប់​ហៅ​បញ្ឆិតបញ្ឆៀង​ថា

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​សម្តេច​តេ​ជោ​ធ្លាប់​ហៅ​បញ្ឆិតបញ្ឆៀង​ថា អ្នក​ហួច​ហៅ​ខ្យល់ ពេល​នេះ​បាន​ប្រើប្រាស់​ពាក្យស្លោក​ជា​សារ​នយោបាយ​ថ្មី​ចំនួន​២ ខុស​ពីសារ​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រើ ដើម្បី​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ឆ្នោត «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ដែល​កំពុង​ចម្រូងចម្រាស ។​ការ​ប្រើ​ពាក្យស្លោក​ថ្មី​របស់​លោក សម រ​ង្ស៊ីនេះ ស្រប​ពេល​ដែល​ប្រធាន​ថ្មី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ លោក កឹ​ម សុខា បាន​និង​កំពុង​ចុះ​តាម​មូលដ្ឋាន ផ្សព្វផ្សាយ​គោលនយោបាយ​ថ្មី​ចំនួន​៥​ចំណុច​ក្នុង​ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ។

លោក សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា «​បើ​យើង​ប្រើ​ពាក្យស្លោក​ណាមួយ​ដូច​ខាងក្រោម​នេះ តើ​គេ​នឹង​រករឿង​យើង និង​ប្តឹង​យើង​ទៀត​ទេ ទី​១«​ដូរ​ភាព​ខ្មៅ​ងងឹត​ឧបទ្រព ដាក់​ពន្លឺព្រះអាទិត្យ​» ទី​២«​ដូរ​គ្រួសារ​និយម បក្ខពួក​និយម និង​ពុក​រលួយ​និយម ដាក់​សមត្ថភាព​និយម​» ទី​៣«​ដូរ​ចោ​រា​ធិ​ប​តេ​យ្យ ដាក់​ប្រជាធិបតេយ្យ​» ។

ចំណែក​លោក កឹ​ម សុខា ក្នុង​ជំនួប​នៅ​ក្នុង​វគ្គ​ផ្សព្វផ្សាយ​ផ្ទៃក្នុង​នូវ​គោលនយោបាយ​អាទិភាព​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅ​ខេត្តតាកែវ កាលពី​ពេល​ថ្មី​ៗ​នេះ ថ្លែង​ថា «​ខ្ញុំ​យល់​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​នេះ កំពុង​តែ​រង់ចាំ​មើល គោលនយោបាយ​របស់​គណបក្ស​នានា ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ ហើយ​ពួក​គាត់​មិន​ចង់​ឃើញ​អ្នកនយោបាយ​ឈ្លោះ​គ្នា​តទៅ​ទៀត​ទេ​។ ប្រជាពលរដ្ឋ​ខ្មែរ ចង់​ដឹង​ថា គណបក្ស​ណា​ដោះស្រាយ​បញ្ហា​ពួក​គាត់ តាម​របៀប​ណា នៅ​ពេល​ដែល​ឈ្នះ​ឆ្នោត​ទៅ​ដឹកនាំ​ឃុំ​-​សង្កាត់​»​។

សម្រាប់​សារ​នយោបាយ​ថ្មី​ដែល​គណបក្សសង្គ្រោះ​ជាតិ​បាន​ដាក់​ចេញ​នេះ ក៏​មានការ​រិះគន់​ពី​គណបក្សកាន់អំណាច​ថា បាន​បង្កប់​ដោយពាក្យ​ញុះញង់ និង​ប្រមាថ ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន ថ្លែង​ថា គោលនយោបាយ​អាទិភាព​៥​ចំណុច និង​បាន​រំលេច​នូវ​ខ្លឹមសារ​ចម្បង​ថា «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» មាន​ចរិត​ញុះញុង់ បង្កហេតុ និង​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​មន្ត្រីឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស​ដែល​បាន​ខិតខំ​បម្រើប្រជាជន​ស្រប​តាម​តួនាទី​របស់
ខ្លួន ដោយ​មិន​មានការ​រើសអើង​និន្នាការ​ន​យោបាយ​សោះឡើយ ។

លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​សរសេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​៩​ខែមីនា អំពាវនាវ​ថា «​សូម​បងប្អូន​មេត្តា​ជួយ​ប្រើ​ឃ្លា​ខាងក្រោម​ក្នុង​បណ្តាញ​សង្គម​ឲ្យ​បាន​ច្រើន ១-​កុំ​យក​មេឃុំ​ប្រូ ដូរ​មេឃុំ​ទេវតា​។ ២-​មេឃុំ​ប្រូ​ពូកែ​សន្យា  មេឃុំ​ទេវតា​ពូកែ​ធ្វើការ​» ។

ពាក្យស្លោក CNRP បង្ក​ភាព​ចម្រូងចម្រាស​កាន់តែ​ស្រួចស្រាល់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត(​គ​.​ជ​.​ប​) បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ចំណាត់ការ​លើ​ពាក្យស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ដែល​នាំ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​នោះ​ទេ ។

ការ​អះអាង​នេះ គឺ​បន្ទាប់​ពី​លោក អេ​ង ឆៃ​អ៊ា​ង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា មាន​តែ គ​.​ជ​.​ប ទេ ដែល​មាន​សមត្ថកិច្ច​ចំពោះ​ពាក្យស្លោក​នេះ ។ ទោះបីជា​បែប​ណា​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុ​ជាតិ​វង្ស នៅ​ថ្ងៃ​ទី​១០ ខែមីនា បាន​ព្រមាន​ថា នឹង​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ការ​បន្ត​ប្រើ​ពាក្យស្លោក​របស់​ខ្លួន​នេះ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា នៅ​ទីស្តីការ គ​.​ជ​.​ប លោក មាន ស​ទិ សមាជិក គ​.​ជ​.​ប បានឱ្យ​ដឹង ចំពោះ​ពាក្យស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ស្នើ​ឱ្យ​ប្តូរ​នោះ គ​.​ជ​.​ប មិន​ទាន់​ចាត់ការ​នៅឡើយ​ទេ ។ ការ​ដែល​មិន​ទាន់​មាន​ចំណាត់ការ​នេះ ដោយសារ​តែ​មិន​ទាន់​ដល់​ថ្ងៃ​ឃោសនាបោះឆ្នោត ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​មាន​បណ្តឹង​ពី​គណបក្ស​នយោបាយ​នោះ គ​.​ជ​.​ប នឹង​ពិនិត្យ​សំណុំរឿង ។

ការ​លើក​ឡើង​របស់​សមាជិក គ​.​ជ​.​ប នេះ​គឺ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យកពាក្យ​ស្លោ​កថា «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» សម្រាប់​ការ​ផ្សព្វផ្សាយ​នៅ​មុន​ពេល​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ ។

បន្ទាប់​ពី​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង បាន​លើក​ឡើង​ថា មាន​តែ គ​.​ជ​.​ប ទេ​ដែល​អាច​ស្នើ​សុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្លាស់​ប្តូរ​ពាក្យស្លោក «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​នោះ កាលពី​ថ្មី​ៗ​កន្លង​មកនេះ លោក មាន ស​ទិ បាន​គូសបញ្ជាក់​ថា «​ពេល​នេះ​វា​មិនមែន​ជា​ដំណាក់​កាលដែល​គ​.​ជ​.​ប​.​ត្រូវ​យក​មក​ដោះស្រាយ​នោះ​ទេ ។ គ​.​ជ​.​ប ដោះស្រាយ​នៅ​ពេល​ឃោសនាបោះឆ្នោត គឺ​រយៈពេល​១៤​ថ្ងៃ ដែល គ​.​ជ​.​ប អនុញ្ញាត​ឲ្យ​ឃោសនា ។

គណបក្ស​នយោបាយ​ដែល​យកពាក្យ​ស្លោក​នោះ​ទៅ​ឃោសនា បើ​មាន​បណ្តឹង គ​.​ជ​.​ប នឹង​ពិនិត្យ​ថា​តើ​ពាក្យស្លោក​នោះ​ត្រឹមត្រូវ​តាម​ការ​កំណត់​ក្នុង​ច្បាប់ ឬ​ខុស​មាត្រា​នៃ​ច្បាប់ ។
អ៊ី​ចឹ​ង ពេល​នេះ គ​.​ជ​.​ប គ្រាន់តែ​បាន​ទទួលព័ត៌មាន​ហើយ​ក៏​ពិចារណា និង​គិត​ថា​នឹង​ដោះស្រាយ​យ៉ាងណា​នៅ​ពេល​ដល់​យុទ្ធនាការ​ឃោសនា ដូច្នេះ​ពេល​នេះ​យើង​មិន​ទាន់​គិតគូរ​ទេ​» ។

ជាមួយ​គ្នា​នេះ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ម៉េ​ង សុធា​រី បាន​លើក​សំណួរ​ទៅ​កាន់​សមាជិក គ​.​ជ​.​ប ថា បើសិន​គណបក្ស​នយោបាយ​មួយ​ត្រូវ​បាន​គេ​ប្តឹង​រំលាយ​គណបក្សនោះ តើ គ​.​ជ​.​ប គិត​យ៉ាងណា​ដែរ ក្នុង​នាម​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​និង​យុត្តិធម៌?

ត្រង់​ចំណុច​នោះ​សមាជិក គ​.​ជ​.​ប លោក​មាន ស​ទិ បាន​ឆ្លើយ​ថា «​គ​.​ជ​.​ប នឹង​ដោះស្រាយ​តាម​ច្បាប់បោះឆ្នោត ។ បើ​ចូល​តាម​មាត្រា​ណា យើង​នឹង​ដាក់ទោស​តាម​មាត្រា​ហ្នឹង ។ ដូច្នេះ ខាង​គណបក្ស​សុទ្ធតែ​ចេះ​នីតិវិធី​ច្បាស់ ហើយ​ក៏​ចេះ​ច្បាប់​ច្បាស់ អុ​ី​ចឹ​ង​បើ​ចូល​មាត្រា​ណា គ​.​ជ​.​ប កាត់​តាម​មាត្រា សូម​ជម្រាប​តែ​ប៉ុណ្ណឹង​» ។

ជា​កត់សម្គាល់ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ដាក់​ពាក្យស្លោក​«​ដូរ​មេឃុំ​បម្រើ បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​មក នៅ​តាម​បណ្តាញសង្គម​ហ្វេ​ស​ប៊ុ​ក មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុមមន្ត្រី​គណបក្សកាន់អំណាច ក្នុង​នោះ​ក៏​មាន​យុវជន​ដែរ ។ សម្រាប់​ករណី​នេះ អ្នក​ដែល ដែលមាន​និន្នាការ​ទៅ​រក​គណបក្សកាន់អំណាច​ក៏បាន​លើកយក​ពាក្យស្លោក​តបត​នឹង​គណបក្សប្រឆាំង​ដែរ ។

បើ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​បង្ហាញ​ថា ពាក្យស្លោក​គោលនយោបាយ​ក្រៅផ្លូវការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២ «​មេឃុំ​ប្រូ​ពូកែ​សន្យា មេឃុំ​ទេវតា​ពូកែ​ធ្វើការ​» ក៏​មាន​ពាក្យស្លោក​មួយទៀត ដែល​កំពុង​ចាប់អារម្មណ៍​នោះ​គឺ «​កុំ​យក​មេឃុំ​ប្រូ ដូរ​មេឃុំ​ទេវតា​» ។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួ​ស យ៉ា​រ៉ា បាន​ឲ្យ​ដឹង​ថា​ប្រសិនបើ គ​.​ជ​.​ប មិន​មាន​សមត្ថកិច្ច​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​លើ​ពាក្យស្លោក​ទេ មាន​តែ​ក្រសួងមហាផ្ទៃ​ប៉ុណ្ណោះ​ដែល​មាន​សមត្ថកិច្ច ព្រោះថា​ក្រសួងមហាផ្ទៃ ជា​អ្នក​ទទួលស្គាល់​គណបក្ស​នយោបាយ​ទាំងអស់ ៕