ទីក្រុងប៉េកាំង ៖ យោងតាមទិន្នន័យបង្ហាញកាលពីថ្ងៃពុធឲ្យដឹងថា ការនាំចូលរបស់ចិនបានកើនឡើងជិត៤០%កាលពីខែមុន ត្រូវបានជំរុញដោយតម្លៃផលិតផល និងតម្រូវការក្នុងស្រុកដ៏រឹងមាំ ដែលនាំឲ្យមានក្តីសង្ឃឹមថា សេដ្ឋកិច្ចធំជាងគេលេខ២របស់ពិភពលោកនេះកំពុងតែងើបឡើងវិញ ។
លទ្ធផលនេះបានធ្វើឲ្យឱនភាពពាណិជ្ជកម្មរបស់ប្រទេសចិន មកស្មើនឹង៩,១៥ប៊ីលានដុល្លារ ដែលតិចជាងការគិតទុកមុនស្មើ២៧ប៊ីលានដុល្លារ ។ កាលពីខែមករា ប្រទេសចិនមានផលលើសពាណិជ្ជកម្ម៥១,៣ប៊ីលានដុល្លារ ។
ប៉ុន្តែអ្នកវិភាគអះអាងថា លទ្ធផលក្នុងខែកុម្ភៈ ត្រូវបានប៉ះពាល់ដោយបុណ្យចូលឆ្នាំចិន ដែលធ្វើឲ្យអន់ថយដល់សកម្មភាពផលិតតាមរោងចក្រ និងកំពង់ផែ ។
ក្នុងនាមជាពាណិជ្ជករធំជាងគេរបស់ពិភពលោក ស្ថានការណ៍របស់ចិនតែងជះឥទ្ធិពលទូទាំងពិភពលោក ហើយការអន់ថយរបស់ប្រទេសនេះកាលពីឆ្នាំមុន ក៏បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកផងដែរ ។
ទិន្នន័យខាងលើចេញមក ខណៈការធ្វើពាណិជ្ជកម្មពិភពលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា ដោយសារការព្រួយបារម្ភថា លោកប្រធានាធិបតី Donald Trump នឹងបន្តគោលនយោបាយការពារនិយម និងចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ។
ប៉ុន្តែបើទោះជាមានឱនភាពពាណិជ្ជកម្មក្តី ប្រទេសចិននៅតែបន្តមានផលលើសពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនាខែកុម្ភៈ ស្មើនឹង១០,៤ប៊ីលានដុល្លារ ។
លោកស្រី Betty Wang មកពី ANZ Research និយាយថា ៖ « ឱនភាពពាណិជ្ជកម្មរបស់ប្រទេសចិននាខែកុម្ភៈ ប្រហែលជាមិនយូរទេ ហើយវាមិនបង្ហាញពីការផ្លាស់ប្តូរធំឡើយលើការធ្វើពាណិជ្ជកម្មរបស់ចិន ។ ពួកយើងគិតថា ប្រទេសចិននឹងមានផលលើសពាណិជ្ជកម្មវិញក្នុងប៉ុន្មានខែខាងមុខ » ។
យ៉ាងណាក្តី កាលពីថ្ងៃអាទិត្យ ប្រទេសចិនបានកាត់បន្ថយគោលដៅការលូតលាស់សេដ្ឋកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០១៧ មកត្រឹមប្រមាណ ៦,៥% ៕
ចែករំលែកព័តមាននេះ