យោងតាម YONHAP ថា កាសែតម៉ាឡេស៊ី NEW STRAITS TIMES រាយការណ៍កាលពីថ្ងៃទី១២ មីនា ថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ពេលនេះអាចទទួលសពរបស់លោកគីម ជុងណាម បងប្រុសម្តាយទីទៃរបស់លោក ដែលត្រូវធ្វើឃាតកាលពីខែមុននៅព្រលានយន្តហោះអន្តរជាតិក្រុងគូឡាឡាំពួរ ម៉ាឡេស៊ី ។
ម្យ៉ាងទៀត ប៉ូលិសម៉ាឡេស៊ីអះអាងកាលពីថ្ងៃទី១០ មីនា ថា ជនរងគ្រោះដោយសារការធ្វើឃាតនេះពិតជាលោកគីម ជុងណាម ។
ដោយដកស្រង់ប្រភពព័ត៌មានច្បាស់ការណ៍មួយ កាសែតម៉ាឡេស៊ីនេះនិយាយថា ការអះអាងបែបនេះរបស់ប៉ូលិសផ្តល់ឱ្យមេដឹកនាំកូរ៉េខាងជើងនូវលក្ខន្តិកៈ ជាសមាជិកគ្រួសាររបស់សពបែបនេះ ជាការទទួលស្គាល់សិទ្ធិរបស់កូរ៉េខាងជើងក្នុងការទទួលសពលោកគីម ជុងណាម ។
ប្រភពនេះបន្តថា ពេលលោកគីម ជុងអ៊ុន ធ្វើការសម្រេចចិត្តនោះ សពលោកគីម ជុងណាម នឹងប្រគល់ដោយស្របច្បាប់ ។ ប្រសិនបើសាច់ញាតិជាប់សាច់ឈាមផ្ទាល់ឯទៀតៗទាមទារយកដែរនោះអាចបង្កជម្លោះមួយ ហើយពេលនោះមានតែអគ្គរដ្ឋអាជ្ញាទេ ជាអ្នកសម្រេចថា តើប្រគល់ឱ្យទៅខាងណា ។
កាលពីថ្ងៃទី១១ មីនា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ANIFAH AMAN ថ្លែងប្រាប់ក្រុមអ្នកកាសែតថា យើងនឹងសម្រេចប្រគល់សពលោកគីម ជុងណាម ទៅនរណាម្នាក់ ។ អ្នកដែលទទួលសពអាចជារដ្ឋាភិបាលកូរ៉េខាងជើង ឬអាចជាសមាជិកគ្រួសារម្នាក់ ។
បណ្តាអ្នកសង្កេតការណ៍នៃពិភពការទូតម៉ាឡេស៊ីវាយតម្លៃថា លទ្ធភាពនៃការប្រគល់សពលោកគីម ជុងណាម ឱ្យដល់មេដឹកនាំកូរ៉េខាងជើងអាចមានតិច ព្រោះកូរ៉េខាងជើងបដិសេធជាប់ពីវត្តមានលោកគីម ជុងណាម ។ ស្ថានទូតកូរ៉េខាងជើងប្រចាំម៉ាឡេស៊ីអះអាងថា ជនរងគ្រោះពុំមែនលោកគីម ជុងណាមឡើយ តែជាជនជាតិកូរ៉េខាងជើងសាមញ្ញម្នាក់ ។
កូនៗរបស់លោកគីម ជុងណាម និងភរិយាលោករស់នៅក្រោមកិច្ចការពាររបស់រដ្ឋាភិបាលចិន ឬប្រទេសទី៣មួយ ។ ការមកកាន់ម៉ាឡេស៊ីរបស់ពួកគេនឹងជាការលំបាកមួយ ៕
ចែករំលែកព័តមាននេះ