ការវាយប្រហារភេរវកម្ម២ នៅតំបន់ទីក្រុងចាស់នៃក្រុងដាម៉ាស់ស៊ីរី បណ្តាលឱ្យមនុស្សស្លាប់ជិត៦០នាក់ កាលពីថ្ងៃទី១១ មីនា ដោយជនរងគ្រោះភាគច្រើនជាអ្នកធ្វើធម្មយាត្រាស៊ីអីុតអីុរ៉ាក់ ។ នេះជាការវាយប្រហារយ៉ាងបង្ហូរឈាមមួយនៅរដ្ឋធានីស៊ីរីរយៈពេល៦ឆ្នាំនៃសង្គ្រាម ។
ក្រុងដាម៉ាស់តែងរងការវាយប្រហារភេរវកម្មជាច្រើនតាំងពីចាប់ផ្តើមសង្គ្រាមពីឆ្នាំ២០១១មក ទោះបីទីនោះនៅឃ្លាតពីការប្រយុទ្ធគ្នាដែលបំផ្លាញប្រទេសយ៉ាងធ្ងន់ធ្ងរបំផុតក្តី។
លោករ៉ាមី អាប់ដែល រ៉ាហ៍ម៉ាន់ នាយកអង្គការសិទ្ធិមនុស្សស៊ីរី OSDH មានប្រភពព័ត៌មានច្រើនក្នុងប្រទេសគូសបញ្ជាក់ថា មានជនអត្តឃាតម្នាក់ធ្វើឱ្យផ្ទុះនៅតំបន់ទីក្រុងចាស់នាភាគអាគ្នេយ៍ក្រុងដាម៉ាស់ ។ ការវាយប្រហារដែលកើតមានជិតកន្លែងបញ្ចុះសព BAB AL SAGHIR នេះបើតាម OSDH ថា បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៥៩នាក់ ក្នុងនោះមានអ្នកធ្វើធម្មយាត្រា៤៧នាក់ភាគច្រើនជាជនស៊ីអីុត អីុរ៉ាក់ និងទាហានស៊ីរី១២នាក់ ចំណែកមនុស្សជាច្រើនសិបនាក់រងរបួសមួយចំនួនរបួសធ្ងន់ ។
នៅអីុរ៉ាក់ដែលមានប្រជាជនស៊ីអីុតភាគច្រើនក្រសួងការបរទេសរៀបរាប់ពីជនជាតិខ្លួនជាង៤០នាក់ ស្លាប់ហើយជាង១០០នាក់រងរបួស ។ ម្យ៉ាងវិញទៀត ក្រសួងនេះបដិសេធការចោទប្រកាន់លើបណ្តាក្រុម TAKFIRIS និយាយយោងដល់ពួកជ្រុលនិយមស៊ុននីតថា ជាអ្នកទទួលខុសត្រូវលើការវាយប្រហារទាំងនេះ ។
ក្រសួងការបរទេសស៊ីរីថ្កោលទោសការវាយប្រហារទាំងនេះថាជាការវាយប្រហារយ៉ាងកំសាកដែលជាការសងសឹកចំពោះជ័យជម្នះនានារបស់កងទ័ពអារ៉ាប់ស៊ីរីប្រឆាំងក្រុមរដ្ឋអ៊ិស្លាម និងក្រុមអាល់ណូស្ត្រាជាសាខាអាល់កៃដានៅស៊ីរី ។
ទូរទស្សន៍រដ្ឋស៊ីរីដែលនិយាយពីមនុស្សស្លាប់៤០នាក់ និងរបួស១២០នាក់ រៀបរាប់ពីការផ្ទុះគ្រាប់បែក២គ្រាប់ដែលដាក់ដោយពួកភេរវករ ។ ទូរទស្សន៍នេះបង្ហាញរូបភាពរថយន្តបឺសជាច្រើនគ្រឿង ដែលរងការបំផ្លាញ ហើយរថយន្តច្រើនគ្រឿងទៀតត្រូវភ្លើងឆេះអស់មួយផ្នែក ។ នៅលើដីរាយប៉ាយដោយស្បែកជើង វ៉ែនតា លាយឡំជាមួយឈាម ។
សាក្សីម្នាក់អះអាងប្រាប់ AFP នៅលើ ទី លានថា ការវាយប្រហារភេរវកម្មទី២ កើតមានក្រោយពីមនុស្សម្នាប្រមូលផ្តុំគ្នាបន្ទាប់ពីការវាយប្រហារលើកដំបូង ។ យោងតាមទូរទស្សន៍ស៊ីរីថា អាជ្ញាធរបានកម្ទេចម៉ូតូភ្ជាប់គ្រឿងផ្ទុះមួយនៅតំបន់ដដែលនេះជិតកន្លែងបញ្ចុះសព ។
តំបន់រងការវាយប្រហារស្ថិតនៅតំបន់មួយដែលមានផ្នូរជាច្រើនរបស់ពួកស៊ីអីុតក្លាយជាកន្លែងធ្វើធម្មយាត្រា ក៏ប៉ុន្តែក៏មានផ្នូរនានារបស់ពួកស៊ុននីតដែរ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការវាយប្រហារភេរវកម្មបង្ហូរឈាមជាច្រើនប្រកាសទទួលខុសត្រូវដោយបណ្តាក្រុមជីហាដដែលប្រទូស្តរ៉ាយនឹងអីុរ៉ង់ ព្រមទាំងចលនាស៊ីអីុតលីបង់ហេសប៊ុលឡាហ៍ សម្ព័ន្ធមិត្តសំខាន់របស់របបលោកបាចា អាល់អាសាដ ។ ការវាយប្រហារយ៉ាងបង្ហូរឈាមបំផុតកើតមានកាលពីខែកុម្ភៈ ឆ្នាំ២០១៦ បណ្តាលឱ្យ
មនុស្សស្លាប់១៣៤នាក់ ក្នុងនោះមានជនស៊ីវិល៩៧នាក់ ប្រកាសទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ិស្លាម ៕
ចែករំលែកព័តមាននេះ