រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ANIFAH AMAN និយាយកាលពីថ្ងៃទី១១ មីនា ថា ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្តើមនាពេលខាងមុខនេះនូវការចរចាជាមួយក្រុងព្យុងយ៉ាងស្តីពីការធ្វើមាតុភូមិនិវត្តន៍ជនជាតិម៉ាឡេស៊ី៩នាក់ ដែលបច្ចុប្បន្នជាប់នៅកូរ៉េខាងជើងមកពីវិបត្តិការទូតក្រោយការសម្លាប់លោកគីម ជុងណាម បងប្រុសម្តាយទីទៃរបស់លោកគីម ជុងអ៊ុន ។
លោកបន្តថា កូរ៉េខាងជើងចង់ចាប់ផ្តើមពិភាក្សា ហើយយើងពុំទាន់ដឹងថាតើ ប្រទេសនេះទាមទារអ្វីខ្លះទេ ។
ម៉ាឡេស៊ីហាមឃាត់ជនជាតិកូរ៉េខាងជើងមិនឱ្យចាកចេញពីដែនដីខ្លួនជាការឆ្លើយតបចំពោះវិធានការដូចគ្នានេះរបស់កូរ៉េខាងជើង ។ ទោះបីយ៉ាងណា កាលពីថ្ងៃទី៩ មីនា ជនជាតិម៉ាឡេស៊ី២នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីកូរ៉េខាងជើង ។
ប៉ូលិសម៉ាឡេស៊ីអះអាងកាលពីថ្ងៃទី១០ មីនា ថា បុរសដែលត្រូវគេធ្វើឃាតកាលពីខែមុននៅព្រលានយន្តហោះអន្តរជាតិក្រុងគូឡាឡាំពួរ ពិតជាលោកគីម ជុងណាម ។
ការធ្វើឃាតនេះកើតមាននាថ្ងៃទី១៣ កុម្ភៈ នៅព្រលានយន្តហោះក្រុងគូឡាឡាំពួរ ពេលលោកគីម ជុងណាម ត្រៀមឡើងយន្តហោះទៅកាន់ក្រុងម៉ាកាវ ជាកន្លែងដែលលោករស់នៅនិរទេសក្រោមកិច្ចការពាររបស់ក្រុងប៉េកាំង ។ ការធ្វើកោសល្យវិច័យបង្ហាញថា លោកត្រូវបំពុលដោយសារធាតុគីមីដ៏ខ្លាំងឈ្មោះ VX ។
ប្រទេសម៉ាឡេស៊ី កំណត់អត្តសញ្ញាណជនជាតិកូរ៉េខាងជើង៨នាក់សង្ស័យចូលរួមក្នុងការធ្វើឃាតនេះ ក្នុងនោះម្នាក់កំពុងជាប់ឃុំឃាំង តែនៅពុំទាន់ធ្វើការចោទប្រកាន់នៅឡើយ ។ ការចោទប្រកាន់ទាំងនេះរបស់ម៉ាឡេស៊ីធ្វើឱ្យក្រុងព្យុងយ៉ាងផ្ទុះកំហឹង ហើយបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំង២ ។ ក៏ប៉ុន្តែម៉ាឡេស៊ីចង់សម្រាលភាពតានតឹង ហើយបដិសេធរាល់ការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ៕
ចែករំលែកព័តមាននេះ