ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ខួបកំណើត​កូន​មិត្តភក្តិ ក៏​បើក​រថយន្តបុក​រះ​ពេញ​ផ្លូវ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​លឿន​ដូច​ហោះ​ចេញពី​កម្មវិធី​ខួបកំណើត​កូន​មិត្តភក្តិ​ស្រវឹង​ធ្លាក់​ភ្នែក​បុក​រះ​ដើម​ក្ងោក និង​ម៉ូតូ​១​គ្រឿង​ បណ្តាល​ឱ្យ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​លឿន​ដូច​ហោះ​ចេញពី​កម្មវិធី​ខួបកំណើត​កូន​មិត្តភក្តិ​ស្រវឹង​ធ្លាក់​ភ្នែក​បុក​រះ​ដើម​ក្ងោក និង​ម៉ូតូ​១​គ្រឿង​រង​របួស​ធ្ងន់ធ្ងរ ហើយ​បណ្តាល​ឱ្យ​ស្លាប់​ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​រថយន្ត​ប្រើ​ថាមពលព្រះអាទិត្យ ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ចំណែកឯ​ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​កន្លែង​កើតហេតុ​មានឈ្មោះ ព្រហ្ម ដា​វិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣១៤ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1FB-1587 ។ រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-1439 ម្ចាស់​រថយន្ត​មានឈ្មោះ ចេ​ង គង់​សង្វា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣ ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ត្រឡប់​មក​ពី​កម្មវិធី​ខួបកំណើត​កូន​មិត្តភក្តិ​នៅ​ផ្សារ​ស៊ិ​ន​ជូ​រី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ធ្លាក់​ភ្នែក​ក្នុង​ល្បឿន​លឿន​រេ​ពេញ​ផ្លូវ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ផ្លូវ​មាន​សភាព​កោង​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​រង​គ្រោះ ខណៈ​ពេល​កំពុង​ជិះ​ម្នាក់ឯង​ស្រប​ទិស​ដៅ​គ្នា អូស​គូទ​រថយន្ត​ទៅ​បោក​ទៅ​គល់​ក្ងោក រួច​ហើយ​រថយន្ត​នៅ​មាន​ល្បឿន​ក៏​បុក​អូស​ម៉ូតូ​ជាប់​ទាំង​មនុស្ស​គៀប​ពីមុខ​រថយន្ត​ជ្រុល​ចង្កូត​ទៅ​មុខ​ជាង​៣០​ម៉ែត្រ ហើយ​រុញ​ម៉ូតូ​ផ្អឹប​ផ្ទុប​ទៅ​នឹង​ជញ្ជាំង​ទីតាំង​ខាងលើ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ភ្លាម​ៗ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សា​ម៉ុ​យមក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តែ​អកុសល​ដោយសារ​តែ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក​បាន​ដាច់ខ្យល់​ស្លាប់ ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង និង​ចាប់​អ្នក​បើក​បើករ ព្រមទាំង​រថយន្ត និង​ម៉ូតូ​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ ។ រីឯ​សព​ត្រូវ​បាន​ប្រគល់​ឱ្យទៅ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​គេហដ្ឋាន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕