ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហាវ​ម្ល៉េះ បុក​គ្នា​លាន់​ដូច​រន្ទះ​ស្លាប់​ទាំង​សងខាង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សេ​១២៥ ចំនួន​២​គ្រឿង ខណៈ​ដែល​មាន​មួយ​គ្រឿង​បើកបរ​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត នៅ​បំណែក​ផ្លូវ​ម្ខាង​ដែល​បើក​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សេ​១២៥ ចំនួន​២​គ្រឿង ខណៈ​ដែល​មាន​មួយ​គ្រឿង​បើកបរ​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត នៅ​បំណែក​ផ្លូវ​ម្ខាង​ដែល​បើក​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​។ កាលពី​វេលា​ម៉ោង​១៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ខាងលិច​សាលាក្តី​ខ្មែរក្រហម ត្រង់​ចំណុច​ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សេន​ជ័យ ។

ជន​រង​គ្រោះ​ស្លាប់​នៅ​កន្លែង ១-​ឈ្មោះ ជួន ប៊ុ​ន​លី​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន កាំ​មីន​ថែ​ល ផ្នែក​អគ្គិសនី មាន​ទីលំនៅ​ភូមិ​ស្រូល ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BP-4765 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ ២-​ឈ្មោះ សន ជន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ប្រថ្ម ឃុំ​ជ័យ​កំពក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ  ភ្នំពេញ 1AY-3137  និង​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​ទៀត មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ខណៈ​ដែល​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ទាំង​២​នាក់​ឌុ​ប​គ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ភាគី​ម៉ូតូ សេ​១២៥ ស៊េរី​២០១១ ជិះ​ឌុ​ប​គ្នា​ពី​២​នាក់ បើក​បោះពួយ​ល្បឿន​លឿន ពី​លិចទៅ​កើត​ដល់​ចំណុច​ខាងលើ ព្យាយាម​បើក​វ៉ា​ជែង​រថយន្ត​កុងតឺន័រ បើក​ស្រប​ទិស ហើយ​រេ​ចង្កូត​ទៅ​បំណែក​ផ្លូវ​ម្ខាង ជ្រុល​ទៅ​បុក​ម៉ូតូ​សេ​១២៥ ស៊េរី​២០១៣ ជិះ​ម្នាក់ឯង បើក​ពី​កើត​ទៅ​លិច​ច្រាសទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ដេក​ដួល​ទាំង​២​គ្រឿង បង្ក​ឲ្យ​អ្នកបើកបរ​ម៉ូតូ​សងខាង​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

បើ​តាម​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ឈ្មោះ ជួន ប៊ុ​ន​លី​ម បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្រៅពី​ទំនេរ​ការងារ ឆ្លៀតពេល​ថ្ងៃ​សៅរ៍ និង​អាទិត្យ ទៅ​ធ្វើ​ការងារ​ជាងភ្លើង​កន្លែង​ផ្សេង ហើយ​មុន​កើតហេតុ ខណៈ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ជួប​នូវ​ឧប្បត្តិ​ហេតុនេះ​តែ​ម្តង ។

ក្រោយ​កើតហេតុ ក្រៅពី​ជន​រង​គ្រោះ​របួសធ្ងន់​ម្នាក់ ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​បញ្ជូន​ទៅ​គ្លីនិក​បែក​ចាន រីឯ​សាកសព​ទាំង​២​នាក់​ត្រូវ​បាន​នគរបាល​ទំនាក់ទំនង​ហៅ​ក្រុម​គ្រួសារ​មក​ទទួល​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​នគរបាល​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ស្នងការ​រាជធានី​ភ្នំពេញ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ៕