ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បរិស្ថាន​តាម​ចាប់ខ្លួន ព្រានព្រៃ​រត់​ចោល​កាំភ្លើង ពេល​លួច​បរបា.ញ់​សត្វព្រៃ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ព្រានព្រៃ​ចំនួន​២​នាក់ មាន​កាំភ្លើង​គ្រប់​ដៃ បាន​ធ្វើ​សកម្មភាព​ឆ្លុះ​បា.ញ់​សត្វព្រៃ​នា​ពេល​យប់ ។ ខណៈ​កំពុង​តែ​នាំ​គ្នា​ស្ទាក់​បា.ញ់​សត្វ​អស់​ចំនួន​៣​គ្រាប់

ខេត្ត​ប៉ៃលិន ៖ ព្រានព្រៃ​ចំនួន​២​នាក់ មាន​កាំភ្លើង​គ្រប់​ដៃ បាន​ធ្វើ​សកម្មភាព​ឆ្លុះ​បាញ់​សត្វព្រៃ​នា​ពេល​យប់ ។ ខណៈ​កំពុង​តែ​នាំ​គ្នា​ស្ទាក់​បាញ់​សត្វ​អស់​ចំនួន​៣​គ្រាប់ ពេល​ឃើញ​មន្ត្រីបរិស្ថាន​ចុះ​ល្បាត ក៏​ផ្អើល​រត់​ចោល​កាំភ្លើង​វែង​ម៉ាក​សេ​កា​សេ​១​ដើម​នៅ​កណ្តាល​ព្រៃ ។ ក្រោយមក​ដោយសារ​យប់​ងងឹត​លំបាក​ក្នុង​ការ​ដេញ​តាម ទើប​ព្រានព្រៃ​ទាំងនោះ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​ទាំង​ព្រលឹង​ចុង​សក់​បាត់​អស់​ទៅ​។  រីឯ​ខាង​មន្ត្រី​បរិស្ថាន​កំពុង​តាម​ស៊ើប​រកមុខ​ម្ចាស់​កាំភ្លើង​១​ដើម​នេះ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ មីនា ស្ថិត​នៅ​ក្នុង​ព្រៃ​ជើងភ្នំ ចម្ងាយ​ពី​ភូមិ​ប្រវែង​១​គីឡូម៉ែត្រ ក្នុងភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​កាលពី​វេលា​ម៉ោង​៧​និង​៥៧​នាទី​យប់​ថ្ងៃ​ទី​៩ មីនា ថា កម្លាំង​មន្ត្រី​បរិស្ថាន​បាន​ចុះ​ល្បាត​ព្រៃ​នា​ពេល​យប់ ក៏​បានឮ​សូរ​សំឡេង​បាញ់កាំភ្លើង​ចំនួន​២​គ្រាប់​ផ្ទួន​ៗ​គ្នា​នៅ​ក្នុង ព្រៃ ។ ដោយ​សង្ស័យ​ថា មាន​ជនល្មើស​បរបាញ់​សត្វព្រៃ នៅ​ក្បែរ​ភូមិ​អូរ​ប្រើស ក៏​ចេញ​ទៅ​ពួនស្ទាក់​ភ្លាម​ៗ ។ បន្ទាប់​មក​កម្លាំង​របស់​លោក​បាន​តាម​ប្រកិត​ជាប់​ពីក្រោយ ស្រាប់តែ​ព្រានព្រៃ​ម្នាក់​ទៀត​បាន​បាញ់​១​គ្រាប់​បន្ថែម​ទៀត ។

លោក​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ដំណឹង លោក​ក៏​បញ្ជា​ឱ្យ​តាម​ចាប់​ព្រានព្រៃ​ព្រហើន​ទាំងនោះ​ឱ្យ​បាន កុំឱ្យ​រត់​រួច ។ ដោយសារ​ពួក​គេ​ដឹងខ្លួន​ទាន់ ក៏​រត់​ចែក​ជើង​គ្នា ហើយ​បោះ​កាំភ្លើង​១​ដើម​ម៉ាក​សេ​កា​សេ​នៅ​ក្បែរ​គុម្ពោត​ព្រៃ រួម​ជាមួយ​គ្រាប់​មួយ​ចំនួន ។ ពេល​នោះ​ព្រានព្រៃ​ក៏​បាន​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​បាត់​ឈឹង​ទៅ ។ ដោយសារ​តែ​កម្លាំង​របស់​លោក​តិច​មិន​អាច​តាម​ប្រមាញ់​ចាប់​ព្រានព្រៃ​ទាំងនោះ​បាន ណាមួយ​ពេល​យប់​ខ្លាច​ពួក​គេ​លប​បាញ់​មក​លើ ទើប​នាំ​គ្នា​ដកថយ​ត្រឡប់​ក្រោយ​វិញ ។

លោក​បញ្ជាក់​ទៀត​ថា ព្រានព្រៃ​ដែល​បោះ​កាំភ្លើង​វែង​១​ដើម​ចោល គឺជា​មនុស្ស​ដែល​អាច​រស់នៅ​ក្នុងភូមិ​ខាងលើ ឬ​នៅ​ក្នុងភូមិ​នៅ​ក្បែរ​ៗ​នោះ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ខាង​លោក​កំពុង​តែ​ស៊ើប​មើល ហើយ​បើ​ដឹង​ថា ជា​កាំភ្លើង​របស់​នរណា​ម្នាក់ ខាង​លោក​នឹង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​កាំភ្លើង​១​ដើម​ខាងលើ លោក​នឹង​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​បរិស្ថាន ដើម្បី​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់លើ​ជ្រាប​ជា​ព័ត៌មាន ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ស្ងប់ស្ងាត់​ការ​លួច​បរបាញ់​សត្វ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​ទៅ​រហូត​មក​ដល់​ពេល​នេះ ក៏​កើត​មាន​បន្ត​ទៀត ដោយ​មាន​ក្រុម​ព្រានព្រៃ​នាំ​គ្នា​ដើរ​បាញ់​សត្វ​ក្នុង​ព្រៃ ហើយ​បើសិនជា​នៅ​មាន​អាវុធ​អត់​ច្បាប់​ប្រើ​បែប​នេះ​ទៀត នៅ​ថ្ងៃ​ណាមួយ​ពួក​គេ​នឹង​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ដើរ​ប្លន់​អ្នក​ភូមិ​ជាក់​ជា​មិន​ខាន ។ ដូច្នេះ​អាជ្ញាធរ ក៏​ដូច​ជា​សមត្ថកិច្ច​គួរតែ​តាម​ស៊ើបរក​កាំភ្លើង​១​ដើម​ទៀត ដែល​ជនសង្ស័យ​រត់គេច​ខ្លួន​យក​ទៅ​ជាមួយ បើ​ពុំ​ដូច្នោះ​ទេ នឹង​កើត​មាន​អសន្តិសុខ​ក្នុងភូមិ​របស់​ខ្លួន​ជាក់​ជា​មិន​ខាន​ឡើយ ឬ​អាច​ក្លាយជា​ព្រានព្រៃ​ដដែល ៕