ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៥​ខែ! ការ​នាំ​ចេញ iPhone ពី​ឥណ្ឌា​កើន​លើស១​ពាន់​លាន​ដុល្លារ​

1 ឆ្នាំ មុន

អា​មេ​រិ​ក ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន Bloomberg បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​០៤ ខែតុលា ថា ការ​

អា​មេ​រិ​ក ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន Bloomberg បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​០៤ ខែតុលា ថា ការ​នាំ​ចេញ​ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន Apple Inc. ចេញពី​ប្រទេស​ឥណ្ឌា​កើន​លើស ១​ពាន់​លាន​ដុល្លារ​ហើយ ត្រឹម​រយៈពេល​៥​ខែ ចាប់តាំងពី​ខែមេសា​មក​។ ដែល​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​កើនឡើង​ចំនួន​នៃ​ការ​ភ្នាល់​ដ៏​ធំ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពហុ​ជាតិ​របស់​អា​មេ​រិ​កលើ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ ចំ​ពេល​មានការ​ជំរុញ​ពី​ទីក្រុង​ញូ​វ​ដែ​លី សម្រាប់​ការ​ផលិត​ក្នុងស្រុក​។ គួររលឹកថា Apple ចាប់ផ្តើម​ផលិត iPhone 14 នៅ​ឥណ្ឌា កាត់​បន្ថយ​ការ​ពឹងផ្អែក​ភាគច្រើន​លើ​ចិន

របាយការណ៍​ពី Bloomberg បាន​អះអាង​ថា ការ​នាំ​ចេញ​ទូរស័ព្ទ iPhone ផលិត​នៅ​ប្រទេស​ឥណ្ឌា ភាគច្រើន​ទៅ​កាន់​អឺរ៉ុប និង​មជ្ឈិមបូព៌ា ត្រូវ​បាន​កំណត់​ថា​នឹង​កើនឡើង​ដល់ ២,៥​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១២​ខែ រហូត​ដល់​ខែមីនា ឆ្នាំ ២០២៣ ដែល​ចំនួន​នេះ ស្ទើរតែ​ទ្វេ​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​ដូច​គ្នា រហូត​ដល់​ខែមីនា ឆ្នាំ ២០២២ កន្លង​ទៅ​។

Apple បាន​ចាប់ផ្តើម​ផលិត​ទូរស័ព្ទ iPhone 13 នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពីដើម​ឆ្នាំ​នេះ ហើយ​ក្រុមហ៊ុន​បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន អំពី​ផែនការ​ផលិត​ទូរស័ព្ទ iPhone 14 ជំនាន់​ចុង​ក្រោយបង្អស់​របស់​ខ្លួន នៅ​ទីនោះ​ផង​ដែរ​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អា​មេ​រិ​កមួយ​នេះ បាន​ផលិត​ទូរស័ព្ទ iPhones នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ចាប់ពី​ឆ្នាំ ២០១៧ មក​ម្ល៉េះ​។ ហើយ​របាយការណ៍​ពី Bloomberg បាន​បង្ហាញ​ថា ការ​នាំ​ចេញពី​ប្រទេស​ឥណ្ឌា​ចាប់ពី​ខែមេសា ដល់ ខែសីហា​ឆ្នាំ​នេះ រួម​មាន​ស៊េរី​ម៉ូ​ដែល iPhone 11, 12 និង 13 ។

របាយការណ៍​នេះ កើតឡើង​នៅ​ពេល​ក្រុមហ៊ុន Apple ស្វែងរក​ការ​ផ្លាស់​ប្តូរ​ផ្នែក​ខ្លះ​នៃ​ផលិតកម្ម​ទូរស័ព្ទ iPhone ចេញពី​ប្រទេស​ចិន​ទៅ​កាន់​ទីផ្សារ​ផ្សេង​ទៀត រួម​ទាំង​ប្រទេស​ឥណ្ឌា ដែល​ជាទី​ផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​លំដាប់​ទី​២ នៅ​ក្នុង​ពិភពលោក​។ ដែល​ក្រុមហ៊ុន​នេះ ក៏​គ្រោង​នឹង​ដំឡើង iPad Tablets នៅ​ទីនោះ​ផង​ដែរ​។

ប្រទេស​ឥណ្ឌា និង​ប្រទេស​ដូច​ជា​ម៉ិ​ក​ស៊ិ​ក និង​វៀតណាម​កំពុង​ក្លាយជា​ទីតាំង​ដ៏​មាន​សារៈសំខាន់​កាន់តែ​ខ្លាំង​ឡើង ចំពោះ​ក្រុមហ៊ុន​ផលិត​ក្នុង​កិច្ចសន្យា (Contract Manufacturers) ដែល​ផ្គត់ផ្គង់​ដល់​ម៉ាក​យីហោ​របស់​សហរដ្ឋអាមេរិក​។ ខណៈ​ពួក​គេ​ស្វែងរក​ដៃគូ​ផលិតកម្ម​ផ្សេង​ទៀត ដើម្បី​ដើម្បី​កាត់​បន្ថយ​សង្វា​ក់​ផលិត​ភាគច្រើន​ដែល​ពឹងផ្អែក​លើ​ប្រទេស​ចិន​។ ចំ​ពេល​មានការ​បិទ​ខ្ទប់​ទប់ស្កាត់​ការ​ឆ្លង​រីករ​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​ទីក្រុង​ប៉េ​កាំ​ង​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ