ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សកាន់អំណាច​ស្វាគមន៍​ការ​ប្រកួតប្រជែង តែ​បាន​ផ្ញើ​សារ​ឱ្យ​គណបក្សប្រឆាំង​កុំ​រំលោ.ភច្បាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ខិត​ជិត​មក ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គណបក្ស​នយោបាយ​

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ខិត​ជិត​មក ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ទទួល​ចុះបញ្ជី​បោះ​ឆ្នោត​រួច បាន​ប្រកាស​សារ​នយោបាយ​រៀង​ៗ​ខ្លួន ដាក់​ជូន​ម្ចាស់​ឆ្នោត​ដើម្បី​ប្រកួតប្រជែង ។

ចំពោះ​សារ​នយោបាយ​នេះ ត្រូវ​បាន​គណបក្សប្រឆាំង​នៅ​ក្នុង​រដ្ឋសភា ប្រកាស​ប្រជែង​ជាមួយ​គណបក្ស​នយោបាយ​ដទៃ​ទៀត ។ ការ​ប្រកាស​នេះ​ដែរ ត្រូវ​បាន​គណបក្សកាន់អំណាច​ស្វាគមន៍​ក្នុង​ការ​ប្រកួតប្រជែង​គ្នា​ដាក់​ជូន​ម្ចាស់​ឆ្នោត​ជា​អ្នក​សម្រេច​នៅ​ពេល​ខាង​មុខ​នេះ ប៉ុន្តែ​បក្ស​កាន់​អំណាច​ថា សារ​នយោបាយ​នោះ​កុំ​តែ​រំលោភច្បាប់ និង​សិទ្ធិ​អ្នក​ដទៃ ។

ថ្លែង​នៅ​ក្នុង​វគ្គ​ផ្សព្វផ្សាយ​ផ្ទៃក្នុង​នូវ​គោលនយោបាយ​អាទិភាព សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅ​ខេត្តកំពត​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​ប្រកាស​ប្រកួត​គោលនយោបាយ​ជាមួយ​គណបក្ស​នយោបាយ​ដទៃ​ទៀត ដោយ​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា ឬ​ប្រើ​ពាក្យ​អសុរោះ​ផង​ដែរ ។

លោក កឹ​ម សុខា ដែល​ផ្តើម​ធ្វើ​យុទ្ធនាការ​ចុះតាម​មូលដ្ឋាន ក្រោយ​ពី​ឡើងជា​ប្រធាន​គណបក្សថ្លែង​ថា «​ខ្ញុំ​សូម​ឲ្យ​ថ្នាក់ដឹកនាំ ឃោសនិក ជា​ពិសេសបេក្ខជន​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​គណបក្ស​សង្គ្រោះជាតិ យកចិត្តទុកដាក់​ឲ្យ​មែនទែន ចំពោះ​គោលនយោបាយ​គណបក្ស​យើង ។​ ព្រោះ​ខ្ញុំ​យល់​ថាគ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ក្នុង​ការ​បោះ
ឆ្នោត គួរ​ប្រកួត​គ្នា​លើ​“​គោលនយោបាយ​”ដើម្បី​ដាក់​ជូន​ម្ចាស់​ឆ្នោត​ជា​អ្នក​សម្រេច​ជ្រើសរើស ដោយ​ចៀសវាង​ការ​ប្រើ​អំពើ​ហិង្សា ការ​គំរាមកំហែង ឬ​ការ​ប្រើ​ពាក្យ​អសុរោះ ក្នុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ខាង​មុខ​នេះ​» ។

ចំពោះ​ការ​លើក​ឡើង​របស់​ប្រធាន​គណបក្សប្រឆាំង​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នោះ​ថា«​នេះ​ជា​រឿង​របស់​គាត់ គាត់​ចង់​និយាយ​អី​និយាយទៅ​! យើង​មិន​អាច​បិទ​មាត់​គាត់​ទេ​។ ខ្ញុំ​មិន​ចាប់អារម្មណ៍​ទេ គាត់​ធ្វើ​អ្វី​ធ្វើ​ទៅ​កុំ​ឲ្យ​តែ​ល្មើសច្បាប់​»​។

ចំពោះ​សារ​នយោបាយ​របស់​លោក កឹ​ម សុខា បបួល​គណបក្ស​នយោបាយ​ទាំងអស់​ប្រកួតប្រជែង​គោលនយោបាយ​គ្នា​នោះ មិន​ត្រូវ​បានអ្នកនាំពាក្យ​គណៈ​ប្រជាជន​កម្ពុជា​លើក​ឡើង​យ៉ាងណា​នោះ​ទេ គ្រាន់តែ​លោក​បញ្ជាក់​ថា«​គាត់​ធ្វើ​អ្វី​ធ្វើ​ទៅ ដែល​សកម្មភាព​នេះ​បង្ហាញពី​សេរីភាព​ទូ​លាំ​ទូលាយ​នៃ​ការ​ធ្វើ​សកម្មភាព​ផ្នែក នយោបាយ​ហើយ ។ យើង​កុំ​ចង្អៀត​ពេក ដូច្នេះគេ​នឹង​ថា​យើង​គាប​ស​ង្គ​ត់​គាត់​ហើយ ! ឥឡូវ​គ្មានអ្នក​ណា​គាប​គាត់ គាត់​មិន​អាច​ចោទ​ថា​គណបក្សកាន់អំណាច​គាបសង្កត់​ទៀត​នោះ​ទេ​»​។

ទាក់ទង​នឹង​សកម្មភាព​ចុះ​តាម​មូលដ្ឋាន​របស់​លោក កឹ​ម សុខា នេះ ត្រូវ​បាន​អ្នកនាំពាក្យ កាន់​អំណាច​ថា​គ្មាន​អ្នក​ហាមឃាត់​នោះ​ទេ គឺជា​សេរីភាព​នយោបាយ​របស់​គណបក្ស​នយោបាយ​នីមួយ​ៗ ។

លោក សុខ ឥ​សាន គូសបញ្ជាក់​ថា «​មិនមែន​តែ កឹ​ម សុខា នោះ​ទេ ចុះ​តាម​មូលដ្ឋានគ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​មានអាទិភាព​ក្នុង​សង្គម​កម្ពុជា​សុទ្ធតែ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ដោយសេរី​។ ត្រូវ​តែ​បើក​ទូលាយ​ទាំងអស់​ឲ្យ​ស្រប​តាមលទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ ពាក្យ​«​សេរី​» គឺ​ការ​ធ្វើ​សកម្មភាព​ទាំងអស់​ដោយ​គ្មាន​ការ​រើសអើង រឹតត្បិត​…. ក៏​ប៉ុន្តែ​មាន​បញ្ហា​តែ​មួយ​ទេ គឺ​និយាយ​អ្វី​ក៏​ដោយ​កុំ​ឲ្យ​ក្រៅ​ក្រប​ខណ្ឌ​ច្បាប់​និង​ប៉ះ​លើ​គេ​។  ដូច​ជា​ការ​ឃោសនា អ៊ី​ចឹ​ង​ធ្វើ​តាម​ចិត្ត​ចុះ​តែ​កុំ​ដៀល​គេ បរិហារកេរ្តិ៍​គេ​»​។

លោក សុខ ឥ​សាន ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​ប្រកួតប្រជែង​សារ​នយោបាយ​ជាមួយ​គណបក្សប្រឆាំង​ផង​ដែរ ប៉ុន្តែ​កុំ​ឲ្យ​មាន​ប៉ះពាល់​ដល់​គណបក្ស​នយោបាយ​ផ្សេង ។ លោក​ថា « ជា​ការ​ពិត​ហើយ​! ថ្លែង​សារ​នយោបាយ​ដូច​គាត់​ថា (​កឹ​ម សុខា​) កន្លង​ទៅ មិន​ឲ្យ​បោះ​ឆ្នោត​មេឃុំ​បម្រើ​បក្ស​ឲ្យ​បោះ​ឆ្នោត​មេឃុំ​បម្រើ​រាស្ត្រ​នោះ ប៉ះ​គេ​ហើយ ។ ធ្វើ​អី្វ​ធ្វើ​ទៅ​តែ​កុំ​ឲ្យ​ប៉ះ​គេ​!​ទ្រឹស្តីគាត់​ល្អ ប៉ុន្តែ​ការ​អនុវត្ត​មិន​ដូច​ទ្រឹស្តី អ៊ី​ចឹ​ង​យើង​សុំ​តែ​កុំ​ប៉ះ​គេ​ប៉ះ​ឯង​ហ្នឹង​ខុសច្បាប់​»​។​   

ជាមួយ​គ្នា​នេះ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​ទាក់ទង​នឹង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្តូរ​សារ​នយោបាយ «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ផង​ដែរ ។​លោក​ថា ពេល​នេះ​គណបក្ស​កំពុង​សិក្សា​ដើម្បី​ដាក់​ពាក្យ​ប្តឹង ប្រសិនបើ​គណបក្សប្រឆាំង​មិន​ធ្វើការ​កែប្រែ​។    

លោក​បញ្ជាក់​ថា «​អ្នក​ច្បាប់​យើង​កំពុង​តែ​រៀបចំ​ឯកសារ​ដើម្បី​ដាក់​ទៅ​តុលាការ​។ យើង​ថា​ម៉េចគឺ​ធ្វើ​អ៊ី​ចឹ​ង​ហើយ​! មិន​អាច​ថា​ចោល​នោះ​ទេ ប៉ុន្តែ​យើង​ធ្វើ​ត្រូវ​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ​មិន​ចេះ​តែ​ប្តឹង​គេ​ពាស​វាល​ពាស​កាលនោះ​ទេ​»៕​