ស្ថាប័នតុលាការជាន់ខ្ពស់បំផុតគឺតុលាការធម្មនុញ្ញកូរ៉េខាងត្បូងនាថ្ងៃទី១០ មីនា បានអនុម័តលើការដកហូតតំណែងប្រធានាធិបតីលោកស្រី PARK GEUN HYE ដោយសារតែរឿងអាស្រូវពុករលួយដ៏កក្រើក ។
លោក LEE JUNG MI ប្រធានតុលាការធម្មនុញ្ញថ្លែងថា បណ្តាកាយវិការរបស់លោកស្រី PARK ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្មារតីនៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងនីតិរដ្ឋ ។ ដូច្នេះលោកស្រីប្រធានាធិបតី PARK GEUN HYE ត្រូវដកហូតតំណែង ។
សេចក្តីសម្រេចជាឯកច្ឆ័ន្ទនេះរបស់បណ្តាចៅក្រុមតុលាការធម្មនុញ្ញផ្តល់សុពលភាព ដល់ការដកហូតតំណែងលោកស្រីកាលពីថ្ងៃទី៩ ធ្នូ ដោយសភាកូរ៉េខាងត្បូង ។ មានន័យថា លោកស្រី PARK ត្រូវចាកចេញពីវិមានប្រធានាធិបតី គឺវិមានពណ៌ខៀវ ហើយការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់ត្រូវរៀបចំធ្វើក្រោយរយៈពេល៦០ថ្ងៃ ។
លោកស្រី PARK ជាប្រមុខរដ្ឋកូរ៉េខាងត្បូងដំបូងគេដែលត្រូវដកហូតតំណែងតាមរបៀបនេះ ដែលលោកស្រីក៏បាត់បង់ដែរអភ័យឯកសិទ្ធិប្រធានាធិបតី ដែលបើកផ្លូវសម្រាប់ការកាត់ទោសលោកស្រីជាយថាហេតុ ។
រឿងអាស្រូវដែលផ្ទុះឡើងប៉ះពាល់ដល់លោកស្រី PARK ព្រោះលោកស្រីជាប់ទាក់ទិននឹងសកម្មភាពរបស់មិត្តសម្លាញ់លោកស្រីពីយូរលង់មកហើយ លោកស្រី CHOI SOON SIL ដែលជាប់ចោទពីបទដើរប្រមូលប្រាក់ជាច្រើនលានដុល្លារពីក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ប្រទេស ។
តុលាការយល់ថា លោកស្រី PARK បានរំលោភបំពានច្បាប់ដោយបណ្តោយឱ្យមិត្តភក្តិលោកស្រីចូលកកូករកាយក្នុងបណ្តាកិច្ចការរដ្ឋ ។
សាលដីកាចែងថា ប្រធានាធិបតីត្រូវប្រើប្រាស់អំណាចយោងទៅតាមរដ្ឋធម្មនុញ្ញ និងបណ្តាច្បាប់ ហើយរាល់ការងារត្រូវមានតម្លាភាព ដើម្បីឱ្យប្រជាជនអាចវាយតម្លៃលើការងាររបស់ខ្លួន ។ ក៏ប៉ុន្តែលោកស្រី PARK បានលាក់បាំងទាំងស្រុងបណ្តាការជ្រៀតជ្រែករបស់លោកស្រី CHOI ក្នុងបណ្តាកិច្ចការរដ្ឋ ហើយបដិសេធរឿងទាំងនេះពេលការសង្ស័យនានាត្រូវបានលាតត្រដាង ហើយថែមទាំងរិះគន់បណ្តាអ្នកដែលបញ្ចេញការសង្ស័យទាំងនេះផង ។
លោកស្រី PARK GEUN HYE អាយុ៦៥ឆ្នាំ ជាកូនស្រីរបស់ជនផ្តាច់ការយោធាលោក PARK CHUNG HEE បានក្លាយកាលពីឆ្នាំ២០១២ ជានារីដំបូងគេដែលដឹកនាំប្រទេស ។ លោកស្រីបានចាកចេញភ្លាមៗពីវិមានប្រធានាធិបតី ។ ពួកអ្នកប្រឆាំងក៏ដូចជាពួកអ្នកគាំទ្រលោកស្រី PARK បានប្រមូលផ្តុំគ្នាដើម្បីចាំស្តាប់ការវិនិច្ឆ័យរបស់តុលាការធម្មនុញ្ញ ។ ពួកប្រឆាំងបានសម្តែងការអបអរសាទរ ហើយរីករាយនឹងការសម្រេចចិត្តនេះ ក៏ប៉ុន្តែនៅកន្លែងមួយឃ្លាតគ្នាតែប៉ុន្មានរយម៉ែត្រ ហើយពុះចែកគ្នាដាច់ដោយកងកម្លាំងប៉ូលិសពួកអ្នកគាំទ្រលោកស្រី PARK សម្តែងការក្តុកក្តួលយ៉ាងខ្លាំង ។ អ្នកគាំទ្រម្នាក់ លោក CHO BONG AM អាយុ៦០ឆ្នាំ និយាយថា យើងពុំទទួលយកការសម្រេចចិត្តនេះឡើយ យើងនឹងនាំគ្នាធ្វើបាតុកម្មដើម្បីតស៊ូដល់ទីបញ្ចប់ ។ ពួកអ្នកគាំទ្រលោកស្រីសម្តែងការសោកស្តាយខ្លាំងបំផុត ។
ទោះបីយ៉ាងណា លោក KWON SEONG DONG សមាជិកសភាក្នុងក្រុមប្រឆាំងលោកស្រី PARK អះអាងថា ការវិនិច្ឆ័យនេះពិតជាសមស្របទៅនឹងច្បាប់ដែលគ្រប់គ្នារួមទាំងប្រធានាធិបតីត្រូវមានលក្ខណៈស្មើភាពចំពោះមុខតុលាការ ។
គណបក្សលោកស្រី PARK ផ្ទាល់គឺគណបក្សសេរីភាពកូរ៉េបានសម្តែងការសុំទោស ហើយប្រធានាធិបតីស្តីទីយល់ថា លោកបរាជ័យក្នុងការការពារភាពថ្លៃថ្នូរ និងមោទនភាពរបស់កូរ៉េខាងត្បូង ៕
ចែករំលែកព័តមាននេះ