ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ចរាចរ​ម្នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ មន្ត្រី​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរ​

ខេត្តកណ្តាល ៖ មន្ត្រី​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរ​ក្នុង​ពេល​ជិះ​ម៉ូតូ​បម្រុង​ឆ្លងផ្លូវ ទៅ​សម្រួល​ចរាចរ​នៅ​លើ​កំណាត់​ផ្លូវ​លេខ​៥ ក៏​ត្រូវ​យុវជន​ម្នាក់​ផ្សេង​ទៀត​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​យ៉ាង​ពេញ​មួយ​ទំហឹង​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ង និង​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ ចំណែក​​ជន​បង្ក​ក៏​បាន​រង​របួសធ្ងន់​ផង​ដែរ ។

គ្រោះថ្នាក់​ចរាចរ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ មីនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ សល់ សុខ​នាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ចរាចរ​ស្រុក​អង្គស្នួល​មាន​ឋានន្តរសក្តិ​ថ្នាក់​ព្រិ​ន្ទ​បាល​ទោ មាន​ទីលំនៅ​ភូមិ​ទន្លាប់ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ។ ដោយឡែក​យុវជន​ដែល​បាន​ជិះ​ម៉ូតូ​បុក​មន្ត្រី​នគរបាល​រូប​នោះ​ឈ្មោះ សឿ​ន ពិសិដ្ឋ អាយុ​១៧​ឆ្នាំ ជា​កម្មករ រង​របួសធ្ងន់ និង​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ដំរី ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំ​ពង​ស្ពឺ ។ យុវជន​នោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា Zoomer-X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FX-1348 ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​មន្ត្រី​នគរបាល​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ដើម្បី​ទៅ​សម្រួល​ចរាចរ​នៅ​លើ​កំណាត់​ផ្លូវ​លេខ​៥១ លុះ​ពេល​ទៅ​ចំណុច​កើតហេតុ​បម្រុង​ឆ្លងផ្លូវ​ក្នុង​គោលបំណង​ឆ្ពោះទៅ​រៀបចំ​សណ្តាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍ ក៏​ស្រាប់តែ​លេចមុខ​យុវជន​ខាងលើ​នោះ​ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​សងខាង ។ ក្រោយ​ពេល​កើតហេតុ​អ្ម​ក​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ប៉ុន្តែ​ជា​អកុសល​ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក​មន្ត្រី​នគរបាល​នោះ​ក៏​បា​បាត់បង់​ជីវិត​តែ​ម្ដង ៕