រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដាច់សាច់រយះចេញឈាមត្រង់ភ្លៅ និងបាក់ជើងខាងស្តាំ ខណៈពេលដែលគាត់កំពុងតែជិះម៉ូតូដឹកត្រីចំនួន២ធុងចេញពីខេត្តតាកែវ ដើម្បីយកមកលក់នៅភ្នំពេញ ស្រាប់តែត្រូវរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខមួយគ្រឿងបុក ហើយរថយន្តបើករត់បាត់ស្រមោល ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩ និង៤៥នាទីព្រឹកថ្ងៃទី១០ មីនា ស្ថិតនៅចំណុខខាងមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បុរសរងគ្រោះឈ្មោះសុខ សារិទ្ធ អាយុ៣០ឆ្នាំ មានទីលំនៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ មុនពេលកើតហេតុ បុរសរងគ្រោះជិះម៉ូតូម៉ាកគប់មូល ពណ៌ស្លែ គ្មានស្លាកលេខមួយគ្រឿង ដោយមានដឹកធុងត្រីពីរធុងពីខេត្តតាកែវ ក្នុងគោលបំណងយកទៅលក់នៅផ្សារព្រែកភ្នៅ ។
លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តម៉ាកហៃឡែនឌ័រ ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខមួយគ្រឿង បើកមកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យដួលរយះសាច់ត្រង់ភ្លៅយ៉ាងធំ និងបាក់ជើងខាងស្តាំម្ខាង រងរបួសយ៉ាងធ្ងន់ធ្ងរ រួចអ្នកបើករថយន្តនោះមិនបានឈប់មើលទេ ហើយក៏បន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលទៅ ។
ចែករំលែកព័តមាននេះ