ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​តម្លៃ​ខ្លួន​អ្នក​ប្រដាល់​គុន​ខ្មែរ​លំដាប់​ជួរ​មុខ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​គុន​ខ្មែរលំដាប់​ជួរ​មុខ ឬ​ហៅ​កាត់​ថា Grade A នៅ​កម្ពុជា ត្រូវ​បាន​គេ​

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​គុន​ខ្មែរលំដាប់​ជួរ​មុខ ឬ​ហៅ​កាត់​ថា Grade A នៅ​កម្ពុជា ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ជា​បន្ទាប់​ក្នុង​ឆ្នាំ​២០២២នេះ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​ដឹង​ខ្លាំង​នោះ​គឺថា តើ​អ្នកប្រដាល់​គុន​ខ្មែរ​លំដាប់​ជួរ​មុខ​ទាំងនោះ ទាំង​ស៊េរី​ចាស់ និង​ស៊េរី​ថ្មី ពេល​ឡើង​សង្វៀន​ម្តង​ៗ ទទួល​បានប្រាក់​​​តម្លៃ​ខ្លួន​ប៉ុន្មាន?

១-​ធឿ​ន ធា​រ៉ា ៖ សិស្សគណ​របស់​លោក អេ ភូ​ថង រូប​នេះ​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទម្លាយ​មក​ថា តម្លៃ​ខ្លួន​កីឡាករ​លំដាប់​ជួរ​មុខ​ម្នាក់​នេះ​បាន​ហក់​ឡើង​ដល់​ចំនួន ៧០០ ដុល្លារ​ក្នុង​មួយ​ប្រកួត​ទៅ​ហើយ ។ ប៉ុន្តែ​តម្លៃ​ខ្លួន​នេះ​ក៏​អាច​ប្រែប្រួល​តិចតួច​ទៅ​តាម​ស្ថានីយ​ទូរ​ស្សន៍​សុំ​ការ​យោគយល់​បញ្ចុះតម្លៃ​ខ្លះ ព្រោះ​អាច​មក​ពី​កង្វះ​ថវិកា ឬ​កង្វះ​អ្នកចូលរួម​ជួយ​ឧបត្ថម្ភ​ជាដើម​។

២-​រឿង សោ​ភ័​ណ្ឌ ៖ តម្លៃ​ខ្លួន​កីឡាករ​ជំនាញ​ប្រើ​កណ្ដាប់ដៃ​ឆ្វេង​រូប​នេះ ក៏​មានការ​ប្រែប្រួល​ខ្លះ​ដែរ ពោល​កាលពីមុន​ត្រូវ​បាន​គេ​ទម្លាយ​មក​ថា ក្នុង​មួយ​ប្រកួត រឿង សោ​ភ័​ណ្ឌ ទទួល​បាន​ពី ៥០០ ទៅ ៦០០ ដុល្លារ ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​តម្លៃ​ខ្លួន​បាន​ហក់​ឡើង​ដល់​៧០០ ដុល្លារ​ក្នុង​មួយ​ប្រកួត ហើយ​ពេល​ខ្លះ​ក៏​អាច​ឈាន​ដល់​១​ពាន់​ដុល្លារ​ផង​ដែរ ដែល​តម្លៃ​១​ពាន់​ដុល្លារ​នេះ​ជា​ការ​ទាមទារ​ពី​រូបគេ​ផ្ទាល់ ប៉ុន្តែ​តម្លៃ​ចុង​ក្រោយ​អាស្រ័យ​លើ​ការ​ចរចា​។

៣-​ផល សោ​ភ័​ណ្ឌ ៖ កីឡាករ​របស់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​រូប​នេះ ក៏​មាន​តម្លៃ​ខ្លួន​មិន​អន់​នោះ​ដែរ​នា​ពេល​បច្ចុប្បន្ន ពោល​គឺ​ស្ថិត​នៅ​ចន្លោះ​ពី ៥០០ ទៅ ៦០០​ដុល្លារ​ផង​ដែរ​ក្នុង​មួយ​ប្រកួត​។

៤-​ឡៅ ច​ន្ទ្រា ៖ ប្អូនប្រុស​បង្កើត​របស់ ឡៅ ស៊ី​ណាត រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា តម្លៃ​ខ្លួន​នា​ពេល​បច្ចុប្បន្ន​បាន​ហក់​ឡើង​ខ្លាំង ដោយ​រូបគេ​បានទាមទារ​តម្លៃ​ខ្លួន​ចំនួន​១​ពាន់​ដុល្លារ​ពី​អ្នក​រៀបចំ
កម្មវិធី​ប្រដាល់ ។ ខណៈ​កាលពី​២​ឬ​៣​ឆ្នាំ​មុន​កីឡាកររូប​នេះ​ទទួល​បាន​ត្រឹម​៤០០ ទៅ​៥០០​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​តម្លៃ​១​ពាន់​ដុល្លារ​នេះ​កម្រ​មាន​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ហ៊ាន​ចាយ​លុយ​យក​រូបគេ
មក​វាយ​ណាស់ បើ​ហ៊ាន​ត្រឹមតែ​៧០០​ដុល្លារ​ប៉ុណ្ណោះ​។

៥-​ឡៅ ចិ​ត្រា ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ប្រចាំ​ក្លិប​ឆ័​ត្រ​យោង ៩១១ រូប​នេះ​ក៏​មិន​ខុស​គ្នា​ឆ្ងាយ​ពី​បងប្រុស ឡៅ ច​ន្ទ្រា ប៉ុន្មាន​ដែរ ពោល​គឺ​តម្លៃ​ខ្លួន​ល្បាក់​ខ្ទង់ ៥០០ ទៅ ៦០០ ដុល្លារ​នា​ពេល​បច្ចុប្បន្ន​។

៦-​ឃី​ម បូ​រ៉ា ៖ ម្ចាស់​មេដាយមាស​ថ្នាក់​ជាតិ​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ឃី​ម បូ​រ៉ា ត្រូវ​បាន​គេ​ដឹង​ថា តម្លៃ​ខ្លួន​របស់​គេ​ក្នុង​មួយ​ប្រកួត​លើ​សង្វៀន​ក្នុងស្រុក គឺ​ទទួល​បាន​ចាប់ពី ៥០០ ទៅ ៥៥០ ដុល្លារ ក្នុង​មួយ​ប្រកួត​។

៧-​ឈិ​ត សេរី​វណ្ណ​ថង ៖ ម្ចាស់​ខ្សែក្រវាត់មាស​របស់​ស្ថានីយទូរទស្សន៍ PNN ត្រូវ​បាន​ប្រភព​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​បង្ហើប​ប្រាប់​ថា កីឡាករ​រូប​នេះ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ចាប់ពី ៤០០ ទៅ ៤៥០ ដុល្លារ​។

៨-​ម៉ឺន មេ​ឃា ៖ កូនប្រុស​ច្បង​លោកគ្រូ អេ ភូ​ផង រូប​នេះ ទទួល​បាន​តម្លៃ​ខ្លួន​ប្រហាក់ប្រហែល ឈិ​ត សេរី​វណ្ណ​ថង​ដែរ​ពោល​គឺ​ចាប់ ៤០០ ទៅ​៤៥០ ដុល្លារ​ក្នុង​មួយ​ប្រកួត​។

៩-​អេ​លី​ត សាន់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ប្រចាំ​ក្លិប​នាយកដ្ឋាន​អង្គរក្ស​រូប​នេះ​ត្រូវ​បាន​លោក ស៊ន អេ​លី​ត ជា​គ្រូបង្វឹក​ធ្លាប់​បាន​លើក​ឡើង​តម្លៃ​ខ្លួន​ក្នុង​វី​ដេ​អូ​ឡាយ​របស់​លោក​ថា អេ​លី​ត សាន់ ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ពី ៣៥០ ទៅ ៤០០ ដុល្លារ​។

គួរ​រំលឹក​ផង​ដែរ​ថា តម្លៃ​ខ្លួន​របស់​កីឡាករ​នា​ពេល​បច្ចុប្បន្ន​ក៏​ត្រូវ​បាន​កំណត់​ដោយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដែរ ប្រសិនបើ​កីឡាករ​រូប​ណា​ត្រូវ​បាន​ចុច​ឈ្មោះ​ឲ្យ​ជាប់​ជម្រើសជាតិ នឹង​ទទួល​បាន​៧០០​ដុល្លារ​តែ​ម្ដង​ពី​ស្ថានីយទូរទស្សន៍​។ ប៉ុន្តែ​ប្រសិនបើ​ស្ថានីយទូរទស្សន៍​ទាក់ទង​ដោយ​ខ្លួន
ឯង​មិន​ឆ្លងកាត់​សហព័ន្ធ​ទេ​នោះ ត្រូវ​ចរចា​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ