ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលពី​រំលង​អធ្រាត្រ​ស្លាប់​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ជិះ​ម៉ូតូ​លឿន​ពេក​មក​ដល់​ចំណុច​ផ្លូវ​កោង​ជិះ​ទៅ​បុក​របង​វត្ត​ក្រាំងធ្នង់​បណ្តាល​ឱ្យ​ស្លាប់​នៅ​កន្លែង​ភ្លាម​ៗ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស ជិះ​ម៉ូតូ​លឿន​ពេក​មក​ដល់​ចំណុច​ផ្លូវ​កោង​ជិះ​ទៅ​បុក​របង​វត្ត​ក្រាំងធ្នង់​បណ្តាល​ឱ្យ​ស្លាប់​នៅ​កន្លែង​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ មីនា តាម​បណ្តោយ​ផ្លូវ​លេខ​៩១១ ហៅ​ផ្លូវ​២០១១ ស្ថិត​នៅ​ភូមិ​ត្រពាំង​មាន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ តាំង ផេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ត្បែង ឃុំ​ពោធិ៍​ចំរើន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ហុងដា MOOVE ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-7172 ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុ​សិ៍្ត​ក្រាំងធ្នង់​ល្បាត​នៅ​តាម​បណ្តោយ​ផ្លូវ​ខាងលើ​ស្រាប់តែ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​បើក​យ៉ាង​លឿន​ជិះ​វ៉ា​ជែង​ម៉ូតូ​របស់​ពួក​គាត់​ទៅ​បាត់​រហូត​ដល់​ម៉ោង​កើតហេតុ​ពួក​គាត់​បាន​ល្បាត​មក​ដល់​ចំណុច​វត្ត​ក្រាំងធ្នង់​បានឃើញ​ជន​រង​គ្រោះ​បាន​ដេក​ដួល​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

បើ​តាម​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​មក​ដល់​ចំណុច​ខាងលើ​ផ្លូវ​មាន​ស្ថានភាព​កោង​ធ្វើ​ឲ្យ​ជ្រុល​ទៅ​បុក​កែង​របង​វត្ត​ពេញទំហឹង​ធ្វើ​ឲ្យ​ម៉ូតូ​​ខ្ទេច​មួយ​កំណាត់​មុខ​បាក់​រាយ​ប៉ាយ​ខ្ទាត​តួ​ម៉ូតូ​ជ្រុល​ទៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ។ សមត្ថកិច្ច​បាន​ឆែកឆេរ​រក​អត្តសញ្ញាណ​ឃើញ​មាន​ប័ណ្ណសំគាល់ខ្លួន​ជា​កងរាជអាវុធហត្ថ និង​មាន​តែ​ស្រោម​ទូរស័ព្ទ​មិន​ឃើញ​មាន​ទូរស័ព្ទ​ឡើយ​ធ្វើ​ឱ្យ​ពិបាក​ទាក់ទង​រក​សាច់ញាតិ ។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​រង់ចាំ​បងប្អូន​សាច់ញាតិ​មក​ទទួល ចំណែក​សព​បាន​ប្រគល់​ឱ្យ​ខាង​រថយន្ត​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​​ទឹកថ្លា​រង​ចាំ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕