ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ទូរស័ព្ទ​មិត្ត​ស្រី​មើល​ហ៊ាន​យក​ទៅ​លក់ ត្រូវ​នាង​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវ​កម្លាំង​កង​រាជ​ហត្ថ​ស្រុក​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​០៨ មីនា នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវ​កម្លាំង​កង​រាជ​ហត្ថ​ស្រុក​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​០៨ មីនា នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ក្រោយ​ពី​នារី​ម្នាក់​ប្ដឹង​ចោទប្រកាន់​ថា បាន​បន្លំ​យក​ទូរស័ព្ទ​របស់​នាង​យក​ទៅ​លក់​។ យុវជន​ចិត្ត​ស្លុយ​រូប​នេះ​ឈ្មោះ គឹ​ម សម្ផស្ស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប្រឡាយ ឃុំ​មោង ស្រុក​មោងឫស្សី រីឯ​នារី​រង​គ្រោះ​ឈ្មោះ ប៉ែ​ត ពី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី​។ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បាន​និយាយ​ថា ជនសង្ស័យ និង​នារី​រង​គ្រោះជា​សង្សារ​នឹង​គ្នា​។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ មីនា ជនសង្ស័យ​ឈ្មោះ គឹ​ម សម្ផស្ស បាន​សុំ​ទូរស័ព្ទ​សាំ​ស៊ុ​ង​របស់​សង្សារ​ខ្លួន​មើល លុះ​បាន​ដល់​ដៃ ជន​នេះ​បែរជា​យក​ទូរស័ព្ទ​នោះ​ទៅ​លក់​ឲ្យ​គេ​ផ្សេង​ក្នុង​តម្លៃ​១០០​ដុល្លារ ទើប​នាង​ប្ដឹង​កងរាជអាវុធហត្ថ​ស្រុក​មោងឫស្សី​ឲ្យ​ឃាត់ខ្លួន​តែ​ម្ដង​។ នារី​រង​គ្រោះ​ឈ្មោះ ប៉ែ​ត ពី បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នាង​នឹង​យុវជន​ចិត្ត​ស្លុយ​នោះ​ធ្លាប់​ជា​មិត្ត​នឹង​គ្នា​(​សង្សារ​) ហើយ​នៅ​ថ្ងៃ​ទី​៣ មីនា មិត្ត​ប្រុស​រូប​នេះ​បាន​ណាត់ជួប​នាង ហើយ​គ្រាហ៍​ដែល​រូបគេ​បាន​ខ្ចី​ទូរស័ព្ទ​នាង​មើល តែ​មិន​បាន​ឲ្យ​វិញ​ភ្លាម​ទេ​។

នាង​និយាយ​ទៀត​ថា ក្រោយ​ពី​យក​ទូរស័ព្ទ​នាង​ទៅ​មិត្ត​ប្រុស​រូប​នេះ​មិន​បាន​យក​ទូរស័ព្ទ​មក​ឲ្យ​នាង​វិញ​ទេ លុះ​ពេល​នាង​សួរនាំ​ស្រាប់តែ​ជន​នេះ​ប្រាប់​ថា ទូរស័ព្ទ​នោះ​ខ្លួន​បាន​លក់​បាត់​ហើយ ទើប​នាង​ប្ដឹង​ទៅ​កងរាជអាវុធហត្ថ​ឲ្យ​ចាត់ការ​តែ​ម្ដង​ទៅ​។ បន្ទាប់​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ គឹ​ម សម្ផស្ស បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ទូរស័ព្ទ​មិត្ត​ស្រី​របស់​ខ្លួន​ទៅ​លក់​មែន​។

ប៉ុន្តែ​ជន​នេះ​មិន​បាន​និយាយ​លម្អិត​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​ថ្លើមធំ​ហ៊ាន​យក​ទូរស័ព្ទ​មិត្ត​ស្រី​របស់​ខ្លួន​ទៅ​លក់​នោះ​ទេ​។ មន្ត្រី​កងរាជអាវុធហត្ថ​បាន​និយាយ​ដែរ​ថា ជនសង្ស័យ​ឈ្មោះ គឹ​ម សម្ផស្ស ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ រំលោភសេចក្ដីទុកចិត្ត ហើយ​មន្ត្រី​ជំនាញ​បាន​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕