ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​រ៉​ង់​បន្ត​ធ្វើ​សមយុទ្ធ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ប្រឈម​នឹង​ចោរ​សមុទ្រ​ព្រមទាំង​ការ​ប្រទូស្ត​រ៉ា​យ​ប្រឆាំង​ខ្លួន

9 ឆ្នាំ មុន

កង​ម៉ា​រី​ន​អីុ​រ៉​ង់​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មានឈ្មោះ​ថា VELAYAT-95 ក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់ និង​នៅ​ភាគ​ពាយ័ព្យ​មហាសមុទ្រ​ឥណ្ឌា ។ តាម​ទីភ្នាក់ងារ​ព័​ត៌​​មាន​អីុរ៉​ង់ TASNIM ថា

កង​ម៉ា​រី​ន​អីុ​រ៉​ង់​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មានឈ្មោះ​ថា VELAYAT-95 ក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់ និង​នៅ​ភាគ​ពាយ័ព្យ​មហាសមុទ្រ​ឥណ្ឌា ។ តាម​ទីភ្នាក់ងារ​ព័​ត៌​​មាន​អីុរ៉​ង់ TASNIM ថា ពេល​ធ្វើ​សមយុទ្ធ​នេះ ដែល​លាតសន្ធឹង​លើ​ផ្ទៃសមុទ្រ​ទំហំ​២​លាន​គីឡូម៉ែត្រ​ក្រឡា បណ្តា​គ្រឿង​សព្វាវុធ​ផលិត​ដោយ​អីុ​រ៉​ង់​ទំនើប​ៗ​ត្រូវ​បាន​សាកល្បង​ពិសេស​មី​ស៊ី​ល​បណ្តែត​ចុង​ក្រោយ​ធុន NASR និង​មី​ស៊ី​ល DEHLAVIYEH មាន​ក្បាល​ទម្រង់​ឡាស៊ែរ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ SPUTNIK អ្នក​សិក្សា​នយោបាយ និង​ជា​អគ្គនាយក​កាសែត​ភាសា​អា​រ៉ាប់ AL-VEFAQ លោក MOSSIB NAIMI លើក​ពី​ហេតុផល​ទាំងឡាយ​នៃ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នោះ​របស់​អីុ​រ៉​ង់ ។ លោក​ថា ដូច​ដឹង​ស្រាប់​អីុរ៉​ង់​នៅ​ជាប់​ឈូង​សមុទ្រ​ពែ​រ្ស៍ និង​ឈូង​សមុទ្រ​អូ​ម៉​ង់​នៃ​មហាសមុទ្រ​ឥណ្ឌា ។ ការ​ធានា​សន្តិសុខ​ទាំង​ក្នុង​ដែនទឹក​ខ្លួន​ផ្ទាល់ ទាំង​ក្នុង​បណ្តា​តំបន់ឆ្នេរ​សមុទ្រ​គឺជា​ភារកិច្ច​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​ណា​ក៏​ដោយ​ក្នុង​តំបន់ ។ ទិស​ដៅ​សំខាន់​របស់​អីុ​រ៉​ង់​ពេល​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នេះ គឺ​រៀបចំ​ការ​ប្រយុទ្ធ​របស់​កងទ័ព​ដើម្បី​ការពារ​ដែនដី​ប្រឆាំង​សត្រូវ​មួយ ។ ម្យ៉ាងវិញទៀត សមយុទ្ធ​នេះ​របស់​អីុ​រ៉​ង់​ជា​សារ​មួយ​នៃ​ការ​ធានា​ដល់​សន្តិភាព មិត្តភាព និង​សន្តិសុខ​តំបន់ ខណៈ​ពួក​ចោរ​សមុទ្រ​រាតត្បាត​ក្នុង​សមុទ្រ​ក្រហម និង​ក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់ ដែល​ជា​ឧបសគ្គ​មួយ​ដល់​ការ​ធ្វើ​ចរាចរណ៍​ដោយ​សេរី​នៃ​បណ្តា​នាវា​ពាណិជ្ជកម្ម ។ នេះ​ជា​ហេតុផល​មួយ​សម្រាប់​អីុរ៉​ង់​បង្កើត​យុទ្ធសាស្ត្រ​មួយ​សំដៅ​ធានា​សន្តិសុខ​ក្នុង​ដែនទឹក​ប្រកបដោយ​គ្រោះថ្នាក់​ទាំងនេះ ។ កុំ​ភ្លេច​ថា ដែនទឹក​ទាំងនេះ​ជា​ផ្លូវ​ដឹក​ជញ្ជូន​ប្រេងកាត​សំខាន់​បំផុត ។ អសន្តិសុខ​នៅ​ទីនោះ​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​សន្តិសុខ​សេដ្ឋកិច្ច​របស់​តំបន់ ។

លោក​បន្ត​ថា ពិត​ណាស់​មាន​ពួក​អ្នក​ដែល​ស្វែងរក​បង្កើត​ភាព​តានតឹង​ក្នុង​តំបន់ ។ សហរដ្ឋ​អា​​មេ​រិ​ក​ប្រកាន់​យក​ជាប់​នយោបាយ​នៃ​ការ​គំរាមកំហែង និង​បង្កហេតុ ។ ក្រុង​តេ​ហេ​រ៉​ង់​ចាប់អារម្មណ៍​ខ្លាំង ប៉ុន្តែ​បណ្តា​ប្រទេស​ក្នុង​តំបន់​ក៏​ត្រូវ​យល់​ដែរ​ថា នយោបាយ​នេះ​របស់​អា​េ​ម​រិ​ក​ពុំ​បម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រទេស​ណាមួយ​ក្នុង​តំបន់​ពិសេស​បណ្តា​ប្រទេស​អា​រ៉ាប់​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស ។

អ្នក​ជំនាញការ​រូប​នេះ​អះអាង​ថា ការ​បើក​រណសិរ្ស​យោធា​មួយ​នឹង​បំផ្លាញ​គ្រប់​ប្រទេស​ទាំងអស់​នៃ​តំបន់​របស់​យើង និង​ហួស​ពី​នេះ​ទៀត ។ ទោះបីជា​គេ​សន្មត់​ថា សហរដ្ឋ​អា​មេ​រិ​ក​ចង់បង្កើត​គម្រោង​ប្រឆាំង​អីុ​រ៉​ង់​របស់​ខ្លួន​នោះ​បណ្តា​ប្រទេស​ជាប់​ជិតខាង​អីុ​រ៉​ង់​ក៏​មិន​បាន​សុខ ដោយ​អាច​ត្រូវ​អូស​ទាញ​ឱ្យ​ធ្លាក់​ក្នុង​ល្បែង​បង្ហូរឈាម​មួយ ។ ប្រាកដ​ហើយ​គ្មាន​នរណា​ម្នាក់​ចង់​បែប​នេះ​ទេ ព្រោះ​បណ្តា​ប្រទេស​ជាប់​ជិតខាង​អីុរ៉​ង់​យល់​ថា សន្តិសុខ​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍​មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​ពិភពលោក​ទាំងមូល ៕