រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃសៅរ៍ ទី១១ មីនា ខានស្អែកនេះ ប្រដាល់អន្តរជាតិរបស់ក្រុមហ៊ុនខារ៉ាបាវមិនមានការប្រកួតដណ្ដើមយកបេក្ខភាពឆ្ពោះទៅរកខ្សែក្រវាត់មួយសប្ដាហ៍ទៀត ដោយសារតែការប្រកួតកាលពី២សប្ដាហ៍មុនទើបតែរកឃើញបេក្ខភាព២រូបឡើងទៅដណ្ដើមយកខ្សែក្រវាត់ជើងឯក ។ សម្រាប់សប្ដាហ៍នេះនៅតែរក្សាការប្រកួតជាលក្ខណៈមិត្តភាពដដែលដោយមានកីឡាករកម្ពុជា២រូបប៉ះថៃ២រូប និងជនជាតិថៃ២រូបប៉ះគ្នា ដើម្បីឱ្យបេក្ខភាពត្រូវឡើងប្រកួតយកខ្សែក្រវាត់ បានសម្រាកមួយ
សប្ដាហ៍ទៀតដើម្បីត្រៀមកម្លាំងឆ្ពោះទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
ព្រឹត្តិការណ៍ប្រដាល់អន្តរជាតិដណ្ដើមខ្សែក្រវាត់របស់ក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវវគ្គ២នេះ ត្រូវគេមើលឃើញថា មានការគាំទ្រដាច់ឆ្ងាយតែម្ដងបើធៀបនឹងការប្រកួតអន្តរជាតិកាលពីវគ្គ១ ដោយសារតែសមាសភាពកីឡាករទាំងខាងកម្ពុជា និងខាងបរទេសសុទ្ធតែមានកម្រិតល្អ ហើយម្នាក់ៗមើលទៅខំបញ្ចេញថ្វីដៃគួរឱ្យទាក់ទាញរៀងខ្លួន ។ ជាពិសេសនៅពេលការប្រកួតបានសម្រេចរកឃើញកីឡាករកម្ពុជា១រូប និងឡាវមួយរូប ឱ្យឡើងប្រកួតយកខ្សែក្រវាត់ដែលនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ ។ សម្រាប់ការប្រកួតរសៀលនេះក៏ចាត់ទុកថានឹងនៅតែមានការចាប់អារម្មណ៍ខ្ពស់ផងដែរ ដោយសារតែកីឡាករដែលចូលខ្លួនប្រកួតកំដររេញសុទ្ធតែល្អ ។ កីឡាករកម្ពុជាត្រូវបានអះអាងថា សម្ងំហ្វឹកហាត់មិនខុសគ្នានោះទេ ដោយសារតែចង់យកឈ្នះគូប្រកួតនៅលើសង្វៀនអន្តរជាតិរបស់ខារ៉ាបាវ ដែលជាសង្វៀនប្រដាល់ចម្រុះដោយអ្នកប្រដាល់ខ្លាំងៗនៅ
ក្នុងពិភពប្រដាល់ ។ យ៉ាងណាមិញ គេមិនទាន់ដឹងថា កីឡាករណាមួយនឹងមានលទ្ធភាពឈ្នះនៅប៉ុន្មានម៉ោងទៀតនោះទេ ដោយសារតែភាគីទាំងសងខាងសុទ្ធតែបានត្រៀមទុកពីចម្ងាយហើយជាមួយនឹងប្រវត្តិចាញ់ខ្លះឈ្នះខ្លះ សុទ្ធតែជាលក្ខខណ្ឌដែលធ្វើឱ្យពួកគេត្រូវការស្ដារមុខមាត់ ។
លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ថា ក្នុងចំណោមកីឡាករជើងខ្លាំងកម្ពុជា២រូបខាងលើនឹងបើកឆាកប្រយុទ្ធជាលក្ខណៈមិត្តភាពជាមួយកីឡាករថៃជំនួសឱ្យកីឡាករដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ ។ កីឡាករ សូត្រ ប៊ុនធី ជើងខ្លាំងប្រភេទទម្ងន់៦០គីឡូក្រាមមួយរូប ត្រូវប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ Moeung Phon ក្នុងនាមជាគូឯកអន្តរជាតិ ។ លោកជឿជាក់ថា កីឡាករកម្ពុជាមិនភ្លាត់ឱ្យចាញ់សម្រាប់ការប្រកួតនេះទេ ដោយសារតែគេបើឈ្នះ គឺនឹងឡើងក្រេឌីត តែបើចាញ់ពិតជាស្ពឹកមុខខ្លាំង ។ លោករំពឹងថា ការប្រកួតនឹងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងក្លា ដោយសារកីឡាករថៃក៏ត្រូវការឈ្នះ ហើយបើហ៊ានតែប្រហែស គឺពិតជាអាម៉ាស់មុខលើសង្វៀន ។ កីឡាករ Moeurng Phon ធ្លាប់ប្រកួត៨៨លើក ឈ្នះ៧៦លើក ចាញ់១០លើក និងស្មើ២លើក ក្នុងពេលកីឡាករកម្ពុជាឆ្លងកាត់ការប្រកួតរហូតដល់៦៨លើក ឈ្នះ៥៦លើក ចាញ់១១លើក និងស្មើ១លើក ។
សម្រាប់កីឡាករ គឿម សុវណ្ណឌឿន លោកញាណ សុធី បញ្ជាក់ថា គេកាន់តែត្រូវការឈ្នះ ដើម្បីរក្សាមុខមាត់សម្រាប់ជំនួបរសៀលនេះ ។ យ៉ាងណាមិញ គេនឹងបាក់មុខមាត់កាន់តែខ្លាំងប្រសិនបណ្ដោយឱ្យចាញ់សម្រាប់ព្រឹត្តិការណ៍លើកនេះ ។ លោកថា គេត្រូវប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ Phuon Savath ដោយការប្រកួតមួយនេះ គឺភាគីខាងណាក៏មិនចង់ចាញ់នាំឱ្យមានការរិះគន់ ។ កីឡាករថៃរូបនេះលោកថាធ្លាប់ប្រកួត៦៦លើក ឈ្នះ៥៤លើក ចាញ់១១លើក និងស្មើ១លើកក្នុងពេលកីឡាករកម្ពុជាក៏ធ្លាប់ប្រកួតប្រហាក់ប្រហែលនេះនៅលើសង្វៀន ដែរ ។ គេមិនទាន់ប្រាកដថា គឿម សុវណ្ណឌឿនអាចទប់ជាប់គូប្រកួតឬយ៉ាងណានោះទេ ក្នុងពេលដែលគូប្រកួតរបស់គេក៏ត្រូវការឈ្នះដែរបែបហ្នឹងនោះ ៕
ចែករំលែកព័តមាននេះ