ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់អូរខៃដន បានហក់ឡើងខ្លាំងព្រៀបខ្នងទំនប់ ធ្វើឱ្យអាជ្ញាធរមានការព្រួយបារម្ភ ហើយក៏បានដឹកកម្លាំងចម្រុះយកការ៉ុងច្រកដី ដើម្បីទប់ស្កាត់ការពារនៅពេលជម្លៀសប្រជាពលរដ្ឋចំនួន១៤៨គ្រួសារ កាលពី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ នៅក្រុងប៉ោយប៉ែត។

បើតាមលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ក្រោយទឹកជំនន់បានហក់ឡើងខ្លាំងជាការព្រួយបារម្ភ នៅពេលដែលទឹកនៅអាងអូរខៃដន បានហូរកាត់ខ្នងទំនប់ ហើយឯកឧត្តម ប៉ាន់ ខែមប៊ុន នាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានដឹកនាំកម្លាំងចម្រុះ ប្រមាណជាង១០០នាក់យកការ៉ុងច្រកដីបិទលើខ្នងទំនប់ ដើម្បីទប់ទឹកមិនអោយច្រុះដាច់ ដែលជាហេតុប្រឈមនឹងការលិចលង់ដល់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះបានជន់លិចធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋនៅផ្នែកខាងត្បូងជាតិលេខ៥ ក្បែរអូរព្រំដែន ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល សង្កាត់អូរជ្រៅ និងសង្កាត់និមិត្ត ដែលត្រូវបានជម្លៀសប្រជាពលរដ្ឋមានចំនួន១៤៨គ្រួសារ ស្មើនឹងមនុស្សរាយ៣០៨នាក់ ក្នុងនោះស្រី១៤៦នាក់ មកកាន់ទីទួលសុវត្ថិភាព ហើយរៀបចំស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

លោក គាត ហ៊ុល បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្រុងប៉ោយប៉ែត មានចំនួន៣សង្កាត់ ស្មើនឹង៧ភូមិ ដែលមានប្រជាពលរដ្ឋចំនួន២៤៧គ្រួសារ ស្មើនឹងមនុស្សរាយ៨៦៨នាក់ ក្នុងនោះស្រី៥៧៩នាក់ ស្លា.ប់២នាក់ (ពលរដ្ឋដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាពមានចំនួន១៤៨គ្រួសារ ស្មើនឹងមនុស្សរាយចំនួន៣០៨នាក់ ក្នុងនោះស្រី១៤៦នាក់ កុមារ២៦៧នាក់) ហើយទឹកក៏បានលិចស្រូវ៤០ហិកតា លិចសាលារៀន១កន្លែង វត្ត១កន្លែង និងទឹកលិចផ្លូវចំនួន១០ខ្សែ ដែលមានប្រវែង៤.០៧០ម៉ែត្រផងដែរ៕







ចែករំលែកព័តមាននេះ