សហរដ្ឋអាមេរិក ៖ យន្តហោះឯកជនមួយគ្រឿងបានធ្លាក់កាលពីថ្ងៃទី១៨ធ្នូនៅព្រលានយន្តហោះតំបន់ក្រុងSTATESVILLE រដ្ឋការ៉ូលីនខាងជើង បណ្ដាលឲ្យមនុស្សទាំង៧នាក់ជិះក្នុងយន្តហោះនោះត្រូវស្លាប់។ នេះបើតាមសេចក្ដីរាយការណ៍របស់អាជ្ញាធរមូលដ្ឋាន។
យន្តហោះដែលធ្លាក់នេះជាយន្តហោះជំនួញធុនCESSNA C-550 មានភ្លើងឆាបឆេះក្រោយពីធ្លាក់លើផ្លូវព្រលាន។ បណ្ដារូបភាពនៃការធ្លាក់យន្តហោះនោះ ត្រូវបានចេញផ្សាយតាមបណ្ដាញសង្គមនិងដោយបណ្ដាទូរទស្សន៍អាមេរិក។
តាមAP NEWSថា យន្តហោះនោះបានហោះចេញពីក្រុងSTATESVILLE មុនពេលហោះបកក្រោយវិញ ហើយបានធ្លាក់ពេលប៉ុនប៉ងចុះ ក្នុងលក្ខខណ្ឌឧតុនិយមដែលមានពពកដាសនិងអ័ព្ឌ។ ប៉ូលិសមូលដ្ឋានអះអាងថា មនុស្ស៧នាក់ជិះក្នុងយន្តហោះនេះត្រូវស្លាប់ទាំងអស់ក្រោយពីធ្លាក់ឆេះ។ អ្នកស៊ើបអង្កេត១ក្រុមត្រូវបានបញ្ជូនមក ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់នេះ ដែលនៅមិនទាន់ដឹងនៅឡើយ។
ក្នុងចំណោមអ្នកស្លាប់ទាំង៧នាក់មានអតីតអ្នកបើកយន្តហោះម្នាក់អាយុ៥៥ឆ្នាំ ភរិយា កូនប្រុសនិងកូនស្រីរបស់គេ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ