ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​ថា​មាន​តែ​គ​.​ជ​.​ប​.​ទេ ទើប​អាច​ស្នើ​ផ្លាស់​ប្តូរ​សារ​នយោបាយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបីជា​គណបក្សកាន់អំណាច​បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្លាស់​ប្តូរ​សារ​នយោបាយ​របស់​ខ្លួន​(​ដួ​រ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​)​យ៉ាងណា​ក្តី​

រាជធានី​ភ្នំពេញ ៖ ទោះបីជា​គណបក្សកាន់អំណាច​បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្លាស់​ប្តូរ​សារ​នយោបាយ​របស់​ខ្លួន​(​ដួ​រ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​)​យ៉ាងណា​ក្តី​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​មានការ​គណបក្សប្រឆាំង​ផ្លាស់​ប្តូរ​ពាក្យស្លោក​នោះ​នៅឡើយ​ទេ​។

អនុប្រធាន​គណបក្សប្រឆាំង​បាន​បញ្ជាក់​ថា​គណបក្សកាន់អំណាច គ្មាន​សិទ្ធិ​នឹង​បញ្ជា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្លាស់​ប្តូរ​ពាក្យស្លោក​នោះ​ទេ មាន​តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ទើប​មាន​សិទ្ធិ​។

លោក អេ​ង ឆៃ​អ៊ា​ង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​គណបក្សកាន់អំណាច​កាលពី​ថ្ងៃ​ទី​០៨ មីនា ទិវា​នារី​អន្តរជាតិ​៨​មីនា ដោយ​បញ្ជាក់​ថា​«​វា​មិនមែន​ជា​រឿង​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​ប្រកួតប្រជែង​មួយ ចង់បាន​អ្វី​មក​បញ្ជា​គណបក្ស​នេះ គណបក្ស​នោះ​វា​ខុស​! បើ​និយាយ​ប្រព័ន្ធ​ច្បាប់ និយាយ​ពី​យន្តការ​វា​មិន​ត្រូវ ព្រោះ​រឿង​នេះ​មាន​តែ​គ​.​ជ​.​ប​.​ទេ​»​។ អី​ញ្ចឹ​ង​បើ​គ​.​ជ​.​ប ថា​ទេ ពាក្យស្លោក​នឹង​ប្រើ​មិន​ត្រូវ​ទេ ណែនាំ​ទៅ​គណបក្ស​នយោបាយ​ទៅ ប៉ុន្តែ​បញ្ហា​ពាក្យស្លោក​គ្រាន់តែ​សុភាសិត​អីចឹង ។ ប្រសិនបើ​ពាក្យស្លោក​នឹង​វា​អត់​ឆ្លុះ​បញ្ចាំង​ក្នុង​សង្គម មិន​ចាំបាច់​ហាម​ទេ​! ពាក្យស្លោក​នឹង​វា​នឹង​រលត់​នៅ​ពេល​ថ្ងៃ​ណាមួយ​ហើយ ប៉ុន្តែ​បើ​ពាក្យស្លោក​នឹង​ឆ្លុះ​បញ្ចាំង​បញ្ហា​ពិត​ក្នុង​សង្គម​នោះ​វា​មានជីវិត​រហូត​»​។ ជាមួយ​គ្នា​នោះ​ដែរ​លោក អេ​ង ឆៃ​អ៊ា​ង ក៏​បាន​រំឭក​ពី​ពាក្យស្លោក​របស់​សម្តេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ​ថា​«​រាស្ត្រ​មាន មុន​រដ្ឋ​»​ផង​ដែរ ។

លោក​ថា​ពាក្យស្លោក​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៃ​សង្គម​ទើប​វារ​លត់​ដោយ​ឯកឯង ប៉ុន្តែ​បើ​ពាក្យស្លោក​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ហើយ​មេឃុំ​ទាំងអស់​បំរើ​រាស្ត្រ​ពិតមែន​នោះ ពាក្យស្លោក​នោះ​នឹង​ស្លាប់​ដោយ​ខ្លួនឯង ។ លោក​បញ្ជាក់​បន្ថែម​ថា​« ខ្ញុំ​សូម​បញ្ជាក់​ថា​គេ​អាច​ហាម​គណបក្ស​នយោបាយ​ណាមួយ​យកពាក្យ​ស្លោក​ទៅ​ប្រើ​បាន ប៉ុន្តែ​គេ​មិន​អាច​ហាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​និយាយ​បាន​ទេ ព្រោះ​ពាក្យស្លោក​នោះ​កើត​ចេញពី​ប្រជាពលរដ្ឋ​»​។ បើ​តាម​លោក អេ​ង ឆៃ​អ៊ា​ង ទោះបីជា​គណបក្សកាន់អំណាច គ្រោង​នឹង​ប្តឹង​ទៅ​តុលាការ​ក្តី ក៏​គណបក្ស​មិន​បាន​ព្រួយ​បារ​ម្ម​ណ៍​នោះ​ទេ​។  លោក​បញ្ជាក់​ថា​«​យើង​អត់​មានអី​ខុស គ្រាន់តែ​ប្រើ​ពាក្យ​ហ្នឹង បើ​វា​ខុស​មិន​ចាំបាច់​បោះ​ឆ្នោត​ធ្វើ​អី ! បោះ​ឆ្នោត​នាំ​តែ​អស់​លុយ​»​។

គួរ​បញ្ជាក់​ថា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន​កាលពី​ថ្ងៃ​ទី​០៦ មីនា​បាន​ថ្លែង​ថា សារ​នយោបាយ​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចរិត​ញុះញុង បង្កហេតុ​និង​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​មន្ត្រីឃុំ សង្កាត់​ទូ​ទាំង​ប្រទេស ដែល​បាន​ខិតខំ​បម្រើប្រជាជន​ស្រប​តាម​តួនាទី​របស់​ខ្លួន ដោយ​មិន​មានការ​រើសអើង​និន្នាការ​នយោបាយ​សោះឡើយ​។ លោក​បញ្ជាក់​ថា​«​គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កែតម្រូវ​ជា​បន្ទាន់​ចំពោះ​ខ្លឹមសារ​ខាងលើ ដើម្បី​រក្សា​បរិយាកាស​ល្អ និង​សុខ​សន្តិភាព​របស់​ប្រទេស​ជាតិ ហើយ​ថា​ក្នុង​ករណី​ដែល​ពុំ​មានការ​កែតម្រូវ​ទេ​នោះ គណបក្ស​ប្រជាជន​កម្ពុជា រក្សា​សិទ្ធិ​ដើម្បី​ប្តឹង​ទៅ​តុលាការ​ស្រប​តាម​ច្បាប់​ជា​ធរមាន​»៕