ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​កក់ខែ លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​អស់​៦​ខ្នង​ក្នុង​ខេត្តបន្ទាយមានជ័យ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​នៅ​ក្នុង​ឃុំ​ស្វាយចេក​ដែល​ក្នុង​នោះ​មានស្រុក​ស្វាយចេក​ចំនួន​៥​ខ្នង និង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ចំនួន​១​ខ្នង​ត្រូវ​បាន​រង​នូវ​ការ​ខូចខាត​ដោយសារ​ខ្ស​ល់​​កន្ត្រាក់ នៅ​យប់​ថ្ងៃ​ទី​៨ មីនា

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​នៅ​ក្នុង​ឃុំ​ស្វាយចេក​ដែល​ក្នុង​នោះ​មានស្រុក​ស្វាយចេក​ចំនួន​៥​ខ្នង និង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ចំនួន​១​ខ្នង​ត្រូវ​បាន​រង​នូវ​ការ​ខូចខាត​ដោយសារ​ខ្ស​ល់​​កន្ត្រាក់ នៅ​យប់​ថ្ងៃ​ទី​៨ មីនា ។ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មីនា លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​នាំ​យក​ស័ង្កសី​ចំនួន​៧០​សន្លឹក ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ការ​ខូច​ខាត​ផ្ទះសំបែង​ដោយ​ខ្ស​ល់​កន្ត្រាក់ និង​បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ខេត្ត ស្រុក​ស្វាយចេក និង​កម្លាំង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ ចុះ​ជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ឡើង​វិញ​ផង​​ដែរ ។

លោក​វរសេនីយ៍ទោ ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៨ មីនា មាន​ភ្លៀង​កក់ខែ​មួយ​មេ​យ៉ាង​ធំ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្ស​ល់​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដឺ​រាំង​ជំ​ណុះ​(​ភូមិ​ខ្វាវ​លិច​) និង​ភូមិ​ល្បើក​ស្វាយ ឃុំ​ស្វាយចេក ចំនួន​៥​ខ្នង រង​នូវ​ការ​ប៉ះពាល់​ដោយ​របើក​ដំបូល​ស័ង្កសី ។ ដោយឡែក​នៅ​ឃុំ​អូរ​បី​ជាន់ ក្នុងស្រុក​អូរ​ជ្រៅ ត្រូវ​រង​នូវ​ការ​ខូចខាត​ធ្ងន់​ផ្ទះ​១​ខ្នង​ផង​ដែរ​ដោយ​ខ្ស​ល់​បាន​កួច​ធ្លាក់​ពីលើ​ជើង​កម្នល់ សរុប​ទាំង​២​ស្រុក​អស់​ចំនួន​៦​ខ្នង ។

លោកស្នងការ​នគរបាល​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ស្រុក​ស្វាយចេក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ការ​ខូចខាត​នូវ​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ដោយសារ​គ្រោះ​ធម្មជាតិ​ខ្ស​ល់​កន្ត្រាក់  លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ បាន​ណែនាំ​ឲ្យ​លោក​នាំ​យក​ស័ង្កសី​ចំនួន​៧០​សន្លឹក​ជា​អំណោយ​របស់​លោក​ផ្ទាល់​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ ទន្ទឹម​នោះ​លោក​ក៏​បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ចូលរួម​សោកស្តាយ​ពី​ការ​ខូចខាត​ផ្ទះសំបែង និង​ទ្រព្យសម្បត្តិ ។

នា​ឱកាស​នោះ​លោក​ក៏​បាន​ឲ្យ​កម្លាំង​នគរបាល​ខេត្ត ស្រុក​ស្វាយចេក និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ជួយ​ជួសជុលផ្ទះ​ជូន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​ប្រជាពលរដ្ឋ​ក៏​បាន​ថ្លែងអំណរគុណ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ ដែល​តែង​គិតគូ​ពី​សុខទុក្ខ យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ដូច​ជា​ពួក​គាត់ ៕