ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជនពាល​ដេញ​កា.ប់​ម្នាក់​ដាច់​ដៃ រើស​ជូន​ពេទ្យ​ឱ្យ​ត​វិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​សន្និសីទកាសែត​នៅព្រឹក​ថ្ងៃ​ទី​៨ មីនា បង្ហាញមុខ​ជនពាល​មួយ​ក្រុមចំនួន​៩​នាក់ បន្ទាប់​ពី​បើក​

រាជធានី​ភ្នំពេញ ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​សន្និសីទកាសែត​នៅព្រឹក​ថ្ងៃ​ទី​៨ មីនា បង្ហាញមុខ​ជនពាល​មួយ​ក្រុមចំនួន​៩​នាក់ បន្ទាប់​ពី​បើក​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក តាម​ប្រមាញ់​ក្រុម​ជនពាល​ទាំងនេះ ព្រោះថា ក្រុម​នេះ​សាហាវព្រៃផ្សៃ​បំផុត ដែល​ពួកគេ​បាន​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅ​លើ​យុវជន​ម្នាក់ បណ្ដាល​ឲ្យ​ដាច់​ដៃ​ម្ខាង​កាលពី​៥​ថ្ងៃមុន ព្រោះតែ​រឿង​រាំ​ប៉ះ​គ្នា ក្នុង​ក្លឹ​ប​ឌី​ស្គូ​មួយ​។ មិនតែប៉ុណ្ណោះ ក្រុម​នេះ​ក៏​តែងតែបាន​កាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​អ្នកដំណើរ​តាម​ផ្លូវ​ជា​បន្តបន្ទាប់ មិន​ដែល​ចាប់​បាន​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ជំហាន​ដំបូង​បាន​ចំនួន​៧​នាក់ បន្ទាប់​មក​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សួរនាំ​ទើប​នគរបាល​ព្រហ្មទណ្ឌ​ខាងលើ បាន​បន្ត​ទៅ​ចាប់ខ្លួន​បាន​២​នាក់​ថែម​ទៀត ។ សរុប​ជន​ដែល​ត្រូវ​ចាប់ខ្លួន​បាន​នោះ​មាន​ចំនួន​៩​នាក់ ក្នុង​ចំណោម​បក្សពួក​១៥​នាក់ ។ ដោយឡែក​បក្សពួក​៦​នាក់​ទៀត កំពុង​បន្ត​គេចខ្លួន​នៅឡើយ ។ រីឯ​ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​សង្គម​ងងឹត​ទាំងនោះ​កាប់​បណ្ដាល​ឲ្យ​ដាច់​ដៃ​នោះ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​នៅឡើយ និង​ក្លាយទៅជា​ជន​ពិការ​អស់​មួយ​ជីវិត ។

អ្វី​ដែល​គួរ​ឱ្យ​គត់​សម្គាល់​នោះ គឺ​បន្ទាប់​ពី​ជនពាល​កាប់​ដាច់​ដៃ​ម្ខាង​ជ្រុះ​ធ្លាក់​មក​ដី ជន​រង​គ្រោះ​បាន​រើស​យក​តាម​ខ្លួន​សុំ​ឲ្យ​គ្រូពេទ្យ​ត​ភ្ជាប់​ឡើង​វិញ ប៉ុន្តែ​ក្រោយ​ត​រួច​បាន​តែ​២​ទៅ​៣​ថ្ងៃ គ្រូពេទ្យ​ប្រាប់​ថា មិន​អាច​ជាប់​វិញ​បាន​ឡើយ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៨ មីនា នៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់​លោក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ និង​មានការ​ចូលរួម​ពី​សំណាក់​កម្លាំង​នគរបាល​ក្រោម​ឱវាទ រួម​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ផង​ដែរ ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​ដែល​ចាប់ខ្លួន​បាន​ទាំងនេះ​មាន​ ៖
១-​ឈ្មោះ ប៊ូ អា​សេ​អូ អាយុ​១៨​ឆ្នាំ ជា​សិស្ស​ស្នាក់​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​មេ​ក្លោ​ង​ដឹកនាំ​ក្រុម ។
២-​ឈ្មោះ រស់ រី​ម អាយុ​១៨​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
៣-​ឈ្មោះ ធា ណុ​ប អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
៤-​ឈ្មោះ យ៉ាវ យី អាយុ​១៩​ឆ្នាំ កម្មករ​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។
៥-​ឈ្មោះ កុសល កំសាន្ដ អាយុ​១៩​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​មិន​ពិតប្រាកដ ។
៦-​ឈ្មោះ វឿ​ន ថេ​រ៉ា អាយុ​១៨​ឆ្នាំ ជា​សិស្ស​ស្នាក់​នៅ​ក្នុងភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
៧-​ឈ្មោះ លឹ​ម រ៉ា​ឌី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
៨-​ឈ្មោះ ហ៊ុម សំណាង អាយុ​១៨​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
៩-​ឈ្មោះ ឌី ប៉ូ​លី​ន អាយុ​២១​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

លោក​អធិការ​បាន​បន្ត​ទៀត​ថា ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​៣ មីនា នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​មុខ​ក្លឹ​ប​ឌី​ស្កូ​យីហោ «​ហ្វា​ន់​ក្លិប​» ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយ​ក្រុម​ជន​ខាងលើ​បាន​តាម​កាប់​ប្រហារ ទៅ​លើ​យុវជន​ម្នាក់​ឈ្មោះ ចេ​ត ទ្រី អាយុ​២១​ឆ្នាំ នៅ​ក្នុងភូមិ​កក់ ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បណ្តាល​ឱ្យ​រង​របួស​ដាច់​ខ្នងដៃ​ខាងស្តាំ​ម្ខាង​ធ្លាក់​មក​ដី ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​របស់​លោក​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី បាន​ចេញ​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។ ក្រុម​នេះ​កន្លង​មក​តែង​បាន​ធ្វើ​សកម្មភាព កាប់​អ្នក​ធ្វើ​ដំណើរ​ប្លន់​យក​ទ្រព្យសម្បត្តិ​ជា​បន្តបន្ទាប់ ។ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ ឈ្មោះ ប៊ូ អា​សេ​អូ បាន​ដឹកនាំ​ក្រុម​របស់​ខ្លួន ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង ពី​យុវជន​ម្នាក់​បាន​សម្រេច ។

សូម​រម្លឹក​ផង​ដែរ​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​គ្នា​ចំនួន​៩​នាក់ ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​រាំ​លេង នៅ​ក្នុង​ក្លឹ​ប​ហ្វា​ន់​ក្លឹ​ប ។ ពេល​ចូល​ទៅ​ដល់ បាន​ជួបនឹង​ក្រុម​ជន​អន្ធពាល​ផ្សេង​ទៀត​កំពុង​រាំ​នៅ​ទីនោះ​ដែរ មាន​គ្នា​រហូត​ដល់​ទៅ​១៥​នាក់ ។ ខណៈ​ពេល​រាំ​ក្រុម​ទាំង​ពីរ​បាន​ប៉ះ​គ្នា​បន្តិចបន្តួច ដោយសារ​តែ​ការ​រាំ​ច្រងេងច្រងាង​គ្មាន​សណ្ដាប់ធ្នាប់ ទើប​បង្ក​ឲ្យ​មាន​ទំនាស់​គ្នា​មួយ​ប្រាវ​នៅ​ក្នុង​ក្លឹ​ប​នោះ ។

ក្រោយ​ពេល​សប្បាយ​អស់ចិត្ត ក្រុម​យុវជន​រង​គ្រោះ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចាកចេញ​ត្រឡប់ ទៅ​ផ្ទះ​វិញ ស្រាប់តែ​ក្រុម​ជនពាល​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ តាម​រករឿង​វាយ​និង​កាប់​ប្រហារ បណ្ដាល​ឲ្យ​ឈ្មោះ ចេ​ត ទ្រី ដាច់​ដៃ​ម្ខាង ។ ចំណែក​គ្នីគ្នា​របស់​ជន​រង​គ្រោះ បាន​នាំ​គ្នា​រត់​ចោល​អស់ ក៏​ត្រូវ​ជន​ដៃដល់​កាប់​បំផ្លាញ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង ។ បន្ទាប់​មក​ជនពាល​ទាំងនោះ បាន​នាំ​គ្នា​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល ហើយ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ទាំង​យប់​ដោយ​យកដៃ​ដែល​ដាច់​ទៅ​ជាមួយ​ផង ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា និង​ឈាន​ដល់​ការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពេល​សួរនាំ​រួច​មួយ​ជំហាន ជន​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕