រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹង នាព្រឹកថ្ងៃទី០៩ មីនា នេះថា ពាក់ព័ន្ធករណីដែលកម្លាំងប៉ូលិសនៃស្នងការដ្ឋានខេត្តតាកែវ បានដកកាំភ្លើងបាញ់ទៅលើជនសង្ស័យគ្រឿងញៀនម្នាក់ ខណៈបានតដៃប្រុងគេចខ្លួន ត្រូវបានក្រុមគ្រួសារជនសង្ស័យស្រែកថា «អយុត្តធម៌ណាស់» ក្រោយពីជនសង្ស័យរូបនេះបានស្លាប់ ។
ប្រភពឱ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះធឿន ទីន អាយុ២៦ឆ្នាំ មានទីលំនៅក្បែរផ្សារថ្នល់បត់ ក្នុងភូមិត្រពាំងវែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ (កន្លែងកើតហេតុ) ។
បើតាមឪពុកជនសង្ស័យបានឱ្យដឹងនៅព្រឹកថ្ងៃដដែលថា កម្លាំងនគរបាលបានធ្វើការបាញ់កូនប្រុសគាត់ (ជនសង្ស័យ) បណ្តាលឱ្យស្លាប់នេះ គឺមានភាពអយុត្តិធម៌ ព្រោះពេលដែលចុះបង្ក្រាបនោះ គឺកូនប្រុសគ្មានថ្នាំញៀនជាប់នឹងខ្លួននោះទេ ។ មិនតែប៉ុណ្ណោះ ពេលកូនគាត់រងរបួសទៅហើយ បែរជាប៉ូលិសនៅតែចាប់កូនដាក់ខ្នោះទៀត នៅឯមន្ទីរខេត្តតាកែវ ។ ដោយសារតែខាងមន្ទីរពេទ្យខេត្ត មិនមានលទ្ធភាពជួយបាន ក៏បញ្ជូនបន្តទៅមន្ទីរនៅរាជធានីភ្នំពេញ តែអ្វីដែលធ្វើឱ្យគាត់ជាឪពុកឈឺចាប់នោះ គឺមិនឃើញប៉ូលិសណាម្នាក់ ចេញមកទទួលខុសត្រូវចំពោះការបាញ់កូនគាត់នោះ គឺគេចបាត់អស់ ។
ទោះបីជាយ៉ាងណា ក្រុមសាច់ញាតិជនសង្ស័យ បានថ្លែងអំណរគុណចំពោះខាងមន្ទីរពេទ្យកាល់ម៉ែត ដែលបានជួយដឹកសាកសពត្រឡប់ទៅស្រុកកំណើតវិញដោយមិនគិតថ្លៃ ។ តែខាងក្រុមគ្រួសារគាត់បានសម្រេចចិត្តថា នឹងមិនដឹកសពទៅផ្ទះទេ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តតាកែវ ដើម្បីទាមទាររកយុត្តិធម៌ ។
ចែករំលែកព័តមាននេះ