អាមេរិក ៖ តាមប្រភពពី Metro ឱ្យដឹងថា កាលពីវេលាម៉ោង០២ និង១៥រសៀលថ្ងៃទី៧ មីនា (ម៉ោងក្នុងតំបន់) ស្ថិតក្នុងទីក្រុង Biloxi រដ្ឋ Mississippi សហរដ្ឋអាមេរិក មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថភ្លើងនិងរថយន្តក្រុងបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យមានមនុស្សយ៉ាងតិច៣នាក់ស្លាប់ និងមានអ្នករងរបួសជាច្រើននាក់ ។
ក្រោយហេតុការណ៍ដ៏រន្ធត់នេះ គេឃើញមានក្រុមអ្នកពន្លត់អគ្គិភ័យ ចេញទៅជួយសង្គ្រោះដោយបានសែងអ្នករងរបួសចេញពីកន្លែងកើតហេតុរយៈពេលជាងកន្លះម៉ោងឯណោះ ហើយបញ្ជូនទៅមន្ទីរពេទ្យនៅជិតនោះ។
អ្នកនាំពាក្យរបស់ទីក្រុង Biloxi លោក Vincent Creel បានប្រាប់ឲ្យដឹងថា មានមនុស្សជាង៥០នាក់ ជិះនៅលើរថយន្តក្រុង។ លោកបានបន្តថា ចំនួនអ្នកស្លាប់និងរបួសនៅមិនទាន់ដឹងច្បាស់នៅឡើយនាពេលនេះ ។
ទោះបីជាយ៉ាងណា ប៉ូលិសកំពុងបើកការស៊ើបអង្កេតលើករណីនេះ ដោយដឹងថា រថភ្លើងនោះបានបើកបុកអូសរថយន្តក្រុងជាង៣០០ហ្វីត ធ្លាក់ចុះពីផ្លូវ ។
ចែករំលែកព័តមាននេះ