ការវាយប្រហារមួយដែលកំពុងបន្តកើតមានកាលពីព្រឹកថ្ងៃទី៨ មីនា ប្រឆាំងមន្ទីរពេទ្យយោធាសំខាន់អាហ្វហ្គានីស្ថាននៅក្រុងកាប៊ុលដែលមានគ្រែសម្រាប់អ្នកជំងឺដល់ទៅ៤០០ ។ នេះជាការប្រកាសប្រាប់ AFP ដោយប្រភពផ្លូវការដែលបញ្ជាក់ថា អ្នកវាយប្រហារជាច្រើននាក់លាក់ខ្លួនក្នុងមន្ទីរពេទ្យ ។
អ្នកនាំពាក្យក្រសួងការពារប្រទេសអាហ្វហ្គានីស្ថានឧត្តមសេនីយ៍ DAULAT WAZIRI ថ្លែងថា មន្ទីរពេទ្យ SARDAR DAUD KHAN រងការវាយប្រហារហើយយើងដឹងថាជនវាយប្រហារច្រើននាក់លុកចូលខាងក្នុង ។ ដំបូងមានការបាញ់រះបន្ទាប់មកមានការផ្ទុះមួយនាវេលាម៉ោង៩និង១០នាទីម៉ោងក្នុងស្រុក ។ ជនអត្តឃាតម្នាក់ធ្វើឱ្យផ្ទុះគ្រាប់បែកជាប់ខ្លួនគេនៅមុខមន្ទីរពេទ្យយោធា ។ បន្ទាប់មកជនវាយប្រហារច្រើននាក់លុកចូលខាងក្នុង ហើយលាក់ខ្លួននៅទីនោះ ។ យោងតាមតុល្យការបណ្តោះអាសន្នមួយថាមនុស្សយ៉ាងតិច២នាក់ស្លាប់ ហើយ១២នាក់រងរបួស ។
ការវាយប្រហារនេះកើតមាន១សប្តាហ៍ក្រោយការវាយប្រហារអត្តឃាត២កាលពីថ្ងៃទី១ មីនា ប្រឆាំងទីតាំងសន្តិសុខ២កន្លែងនៅក្រុងកាប៊ុលគឺទីតាំងប៉ូលិសនិងទីតាំងភ្នាក់ងារស៊ើបការណ៍យោធាដែលតាមតួលេខផ្លូវការថាបណ្តាលឱ្យមនុស្សស្លាប់១៦នាក់ និងជាង១០០នាក់រងរបួស ។ កាលពីយប់ថ្ងៃទី៧ មីនា មានការបាញ់គ្រាប់រ៉ុក្កែត២គ្រាប់ សំដៅលើសង្កាត់មួយជិតស្ថានទូតអាមេរិកនៅក្រុងកាប៊ុល ៕
ចែករំលែកព័តមាននេះ