កងទ័ពដែលស្មោះត្រង់នឹងរដ្ឋាភិបាលមានទីតាំងនៅទីក្រុង TOBROUK ភាគខាងកើតលីប៊ីកាលពីថ្ងៃទី៧ មីនា បានធ្វើការវាយប្រហារតាមអាកាសថ្មីមួយចំនួនប្រឆាំងក្រុមដែលនាពេលថ្មីៗនេះវាយដណ្តើមត្រួតត្រាទីក្រុងប្រេងកាត ES SIDER និង RAS LANOUF ។
កងកម្លាំងក្រុម ANL ក្រោមបញ្ជារបស់ឧត្តមសេនីយ៍ខាលីហ្វា ហ្វាហ្វតា និងបណ្តាសម្ព័ន្ធមិត្តបានប៉ះទង្គិចគ្នាចាប់តាំងពីថ្ងៃទី៣ មីនា មក ជាមួយបណ្តាកងពលការពារក្រុងបេនហ្គាហ្ស៊ី BDB នៅតំបន់ហៅ «អឌ្ឍចន្ទប្រេង» លីប៊ីដែលនាំឱ្យមានការគំរាមកំហែងដល់ផលិតកម្មប្រេងនៅក្រុងកំពង់ផែប្រេងកាតទាំង២នេះ ដែលដណ្តើមកាន់កាប់កាលពីខែកញ្ញា ដោយក្រុម ANL ។
អ្នកទទួលខុសត្រូវម្នាក់របស់ឆ្មាំការពារទីតាំងប្រេងកាត PFG ថ្លែងថា ពួក BDB បានទាមទារដល់ក្រុម PFG ធានាការពារបណ្តាកំពង់ផែប្រេងកាតដែលពួកខ្លួនត្រួតត្រា ។ លោក IDRISS BOUKHAMADA ដែលត្រូវតែងតាំងជាប្រមុខកងឆ្មាំការពារបណ្តាទីតាំងប្រេងកាតដោយរដ្ឋាភិបាលបង្រួបបង្រួមជាតិមានទីតាំងនៅរដ្ឋធានីទ្រីប៉ូលី ហើយទទួលស្គាល់ដោយសហគមន៍អន្តរជាតិថ្លែងថា យើងទទួលបញ្ជាពី BDB ឱ្យការពារបណ្តាកំពង់ផែប្រេង ។ លោកបន្តថា ការនាំចេញប្រេងកាតនៅបន្ត ហើយពុំកាត់ផ្តាច់ឡើយ ៕
ចែករំលែកព័តមាននេះ