ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បើក​វគ្គ​បណ្តុះបណ្តាល​រយៈពេល​5​ថ្ងៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដល់​មន្ត្រី​របស់​ខ្លួន​រយៈពេល​៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១១ មីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដោយ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដល់​មន្ត្រី​របស់​ខ្លួន​រយៈពេល​៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១១ មីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៥០​នាក់​មក​ពី​បណ្ដា​រាជធានី​-​ខេត្ត​-​ក្រុង ។

លោកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា បានឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​១​ហើយ ដែល​សហព័ន្ធ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដល់​មន្ត្រី​របស់​ខ្លួន ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​ចំណេះដឹង និង​បទបញ្ជា​បច្ចេកទេស​ខ្លះ​ៗ សម្រាប់​យក​ទៅ​បង្ហាត់​បន្ត​នៅ​តាម​មូលដ្ឋាន ។ លោកស្រី​ថា វគ្គ​នេះ​តាម​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាត​ត្រឹមតែ​២៥​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​កុំឱ្យ​ខាត​ពេល សហព័ន្ធ​សុខចិត្ត​ចំណាយ​ថវិកា​ខ្លួនឯង​បន្ថែម​សិក្ខាកាម​ចំនួន​២៥​នាក់​ទៀត​ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បានការ​បណ្ដុះបណ្ដាល​ក្នុង​ពេល​តែ​មួយ ។ វគ្គ​បណ្ដុះបណ្ដាល​នេះ​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ព្រោះថា​កន្លង​មក​បងប្អូន​ខ្មែរ​យើង​តែងតែ​យល់​ឃើញ​ថា កីឡា​ទាញព្រ័ត្រ​គ្រាន់តែ​ជា​ល្បែង​មួយ​ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ ។ ភាគច្រើន​គេ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធីបុណ្យ​ទាន​តាម​ទី​អារាម​ឬ​តាម​ភូមិ​ដែល​មាន​មនុស្ស​ប្រមូលផ្ដុំ​គ្នា ហើយ​គេ​បាន​ចែក​ជា​២​ក្រុម ម្ខាង​ៗ​មាន​គ្នា​យ៉ាងតិច​ចាប់ពី​៥​នាក់​ដល់​១០​នាក់ ។ ខ្សែព្រ័ត្រ​ដែល​គេ​យក​មក​លេង​ភាគច្រើន​ធ្វើ​ពី​ស្បែក​គោ ស្បែក​ក្របី​ឬ​ធ្វើ​ពី​ជក់​ដូង​ដែល​មាន​ប្រវែង​ចាប់ពី​២០​ហត្ថ​ឡើង​ទៅ​ទំហំ​ប៉ុនកដៃ​កូន​ក្មេង ។ របៀប​លេង​មុន​ដំបូង​គេ​ជ្រើសរើស​យក​ប្រុស​ម្នាក់​ស្រី​ម្នាក់​ដែល​មាន​មាឌធំ​មាន​កម្លាំង​ឱ្យ​កាន់​ចុង​ព្រ័ត្រ​ម្ខាង​ម្នាក់ ក្រៅពី​នោះ​ឈរ​តម្រៀប​តាម​ទីកន្លែង​រៀង​ៗ​ខ្លួន ។

លោក ឯម ហៀ​ង អនុប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​បានឱ្យ​ដឹង​ថា ប្រពៃណី​កីឡា​ទាញព្រ័ត្រ​នេះ មាន​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដែល​ជា​កីឡា​មួយ​ប្រភេទ​ប្រើ​កម្លាំង​ដើម្បី​យក​ចាញ់​ឈ្នះ​លើ​គ្នា ។ ក្រោយមក ល្បែង​ទាញព្រ័ត្រ​នេះ បាន​ប្រែ​ក្លាយជា​កីឡា​បែប​វិទ្យាសាស្ត្រ ដែល​មាន​លក្ខណៈ​ក្បួនខ្នាត​ត្រឹមត្រូវ រហូត​ដល់​មានការ​ប្រកួត​ជា​ផ្លូវការ ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី ជើងឯក​អាស៊ី​អាគ្នេយ៍​និង​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ផង ។ ដោយឡែក​នៅ​កម្ពុជា សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​ទើបតែ​បង្កើត​ឡើង​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា​អនុញ្ញាត​ឱ្យ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​ជា​លើក​ទី​១ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ដល់ទី​៩ មេ​សា ខាង​មុខ​នេះ ។ ជាង​នេះ​ទៅ​ទៀត កីឡា​ទាញព្រ័ត្រ​កម្ពុជា​នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ចំនួន​៣​នៅ​ប្រទេស​ថៃ គឺ​ការ​ប្រកួត​ជើងឯក​កម្រិត​អាស៊ី កម្រិត​អាស៊ី​អាគ្នេយ៍ និង​ជើងឯក​ប្រទេស​អនុ​តំបន់​ទន្លេមេគង្គ ៕