រាជធានីភ្នំពេញ ៖ កាលពីពេលកន្លងមកនេះគេហទំព័រសារព័ត៌មានកោះសន្តិភាពធ្លាប់បានចុះផ្សាយពីយុវជនមួយក្រុមដែលមានទំនាស់គ្នានៅក្នុងក្លិបកម្សាន្តរួចចេញវិញធ្វើការដេញកាប់រហូតដល់ដាច់ដៃម្ខាងម្តងរួចមកហើយ ។ នៅពេលនេះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើសន្និសិទកាសែតបង្ហាញមុខជនពាលមួយក្រុមចំនួន៩នាក់ជូនសាធារណជនឱ្យបានស្គាល់ និងដឹងថា ក្រុមនេះសាហាវព្រៃផ្សៃណាស់ ដែលពួកគេបានធ្វើសកម្មភាពកាប់ប្រហារទៅលើយុវជនម្នាក់បណ្ដាលឲ្យរងរបួសដាច់ដៃម្ខាងព្រោះតែរឿងរាំប៉ះគ្នានៅក្នុងក្លិប មិនតែប៉ុណ្ណោះក្រុមនេះក៏តែងតែបានកាប់ប្លន់យកទ្រព្យសម្បត្តិពីអ្នកដំណើរតាមផ្លូវជាបន្តបន្ទាប់បង្កភាពអសន្តិសុខ ។
ក្រោយពេលកើតហេតុត្រូវបានកម្លាំងបាននគរបាលប៉ុស្ដិ៍ចោមចៅចុះធ្វើការស្រាវជ្រាវ និងចាប់ខ្លួនបានចំនួន៧នាក់បន្ទាប់មកបានបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យសួរនាំ ទើបនគរបាលព្រហ្មទណ្ឌខាងលើបានបន្តទៅចាប់ខ្លួនបាន២នាក់ទៀត សរុបជនដែលត្រូវចាប់ខ្លួនបាននោះមានចំនួន៩នាក់ ។ ដោយឡែកបក្សពួក៦នាក់ទៀតកំពុងបន្តគេចខ្លួននៅឡើយ រីឯជនរងគ្រោះ ដែលត្រូវជនសង្គមងងឹតទាំងនោះកាប់បណ្ដាលឲ្យដាច់ដៃនោះ កំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ និងក្លាយទៅជាជនពិការទៅហើយ ព្រោះនៅពេលដែលត្រូវជនពាលកាប់ដាច់ដៃជ្រុះធ្លាក់មកដីខំរើសយកឲ្យគ្រូពេទ្យតភ្ជាប់ឡើងវិញ ប៉ុន្តែក្រោយតរួចបាន២ទៅ៣ថ្ងៃគ្រូពេទ្យប្រាប់ថា មិនអាចជាប់បានឡើយ ។
សន្និសីទសារព័ត៌មាននោះបានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី៨ មីនា នៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់លោកអធិការនគរបាលខណ្ឌ និងមានការចូលរួមពីសំណាក់កម្លាំងនគរបាលក្រោមឱវាទរួមជាមួយក្រុមអ្នកសារព័ត៌មានផងដែរ ។
លោកអធិការបានឲ្យដឹងថា យុវជនទាំងនោះដែលចាប់ខ្លួនបានទាំងមានទី១-ឈ្មោះ ប៊ូ អាសេអូ អាយុ១៨ឆ្នាំ ជាសិស្សស្នាក់នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាមេខ្លោងដឹកនាំក្រុម ។ទី២-ឈ្មោះ រស់ រីម អាយុ១៨ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិប៉ប្រកខាង ត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ទី៣-ឈ្មោះ ធា ណុប អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទី៤-ឈ្មោះ យ៉ាវ យី អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី៥-ឈ្មោះ កុសល កំសាន្ដ អាយុ១៩ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅមិនពិតប្រកដ ។ ទី៦-ឈ្មោះ វឿន ថេរ៉ា អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទី៧-ឈ្មោះ លឹម រ៉ាឌី អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទី៨-ឈ្មោះ ហ៊ុម សំណាង អាយុ១៨ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទី៩-ឈ្មោះ ឌី ប៉ូលីន អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោកអធិការបានបន្តទៀតថា ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៣ មីនា នៅតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខក្លិបកម្សាន្ត ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយក្រុមជនខាងលើបានតាមកាប់ប្រហារទៅលើយុវជនម្នាក់ឈ្មោះ ចេត ទ្រី អាយុ២១ឆ្នាំ រស់នៅក្នុងភូមិកក់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសដាច់ខ្នងដៃខាងស្តាំម្ខាងធ្លាក់មកដី និងបានរើសយកឲ្យគ្រូពេទ្យតភ្ជាប់ឡើងវិញ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ដៃនោះខូចហើយមិនអាចតភ្ជាប់បានឡើយហើយយុវជនរងគ្រោះក៏បានក្លាយទៅជាជនពិការ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅបានចុះទៅកាន់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា និងឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ ហើយក្រោយពេលសួរនាំរួចមួយជំហ៊ានជនទាំងនោះត្រូវបានបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ៕
អត្តបទទាក់ទង ៖ ខឹងរាំប៉ះគ្នាក្នុងក្លិបចេញមកវិញដេញកាប់ដាច់ដៃម្ខាង (មានវីដេអូ)
ចែករំលែកព័តមាននេះ