រាជធានីភ្នំពេញ ៖ យុវជនឈាមរាវមួយក្រុមមានគ្នា១៥នាក់ប្រដាប់ដោយដាវ កាំបិត និងដំបងបានធ្វើសកម្មភាព វាយ និងកាប់ប្រហារទៅលើយុវជនម្នាក់បណ្ដាលឲ្យរងរបួសធ្ង់ធ្ងរដាច់ដៃម្ខាង កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៥ មីនា នៅតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខក្លិបឌីស្កូមួយកន្លែងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកក្រុមយុវជនទាំងនោះបាននាំគ្នាកាប់បំផ្លាញម៉ូតូជនរងគ្រោះ១គ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចទើបនាំគ្នារត់គេចខ្លួនទៅបាត់អស់ ចំណែកឯយុវជនរងគ្រោះបានដេកដួលនៅក្នុងថ្លុកឈាម និងត្រូវបាននគរបាលបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ។
ទោះបីជាបែបណាឈាមស្រែកស្បែកហៅសកម្មភាពយុវជនខាងលើមិនអាចលាក់បាំងបានឡើយទីបំផុតកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតកំណត់បានមុខសញ្ញាជនដៃដល់ ហើយរហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ មីនា សមត្ថកិច្ចបានតាមរក និងចាប់ខ្លួនបានជាបន្តបន្ទាប់ចំនួន៥នាក់ ក្នុងនោះជនសង្ស័យចំនួន៣នាក់ត្រូវចាប់ខ្លួនបាន ខណៈពេលដែលពួកគេកំពុងស្ថិតនៅជាមួយគ្នានៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះទី១-ឈ្មោះ យ៉ៅ យី អាយុ១៧ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលក្នុងភូមិដីថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី២-ឈ្មោះ រស់ រីម អាយុ១៧ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ទី៣-ឈ្មោះ កុយ កំសាន្ត អាយុ១៩ឆ្នាំ មុខរបរកម្មករលើកការ៉ូ ស្នាក់នៅមិនពិតប្រាកដ ។ ទី៤-ឈ្មោះ ឌី ម៉ូលីន អាយុ២១ឆ្នាំ ស្មាក់នៅផ្ទះជួលនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី៥-ឈ្មោះ ពិសិដ្ឋ ធារ៉ា អាយុ១៩ឆ្នាំ ជាសិស្សស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រីឯបក្សពួក១០នាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ ។
ដោយឡែកយុវជនរងគ្រោះឈ្មោះ ចេត ទ្រី អាយុ២១ឆ្នាំ រស់នៅក្នុងភូមិកក់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសដាច់ខ្នងដៃខាងស្តាំម្ខាង ។ តាមប្រភពពីនគរបាលបានឱ្យដឹងថា ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៥ មីនា នៅតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខបុរីលឹមឈាងហាក់ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ដោយនៅមុនពេលកើតហេតុជនរងគ្រោះមានគ្នាចំនួន៩នាក់ជិះម៉ូតូចំនួន៤គ្រឿងបាននាំគ្នាទៅផឹកស៊ីរាំលេងនៅក្នុងក្លិបមួយកន្លែង ។ ពេលចូលទៅដល់បានជួប និងក្រុមយុវជនឈាមរាវខាងលើកំពុងរាំនៅទីនោះដែរដែលមានគ្នារហូតដល់ទៅ១៥នាក់ ហើយខណៈពេលរាំក្រុមទាំងពីរបានប៉ះគ្នាបន្តិចបន្តួច ដោយសារតែរាំរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ ទើបបង្កឲ្យមានទំនាស់គ្នាមួយប្រាវនៅក្នុងក្លិបនោះ ។
ប្រភពដដែលបានបន្តថា ក្រោយពេលសប្បាយអស់ចិត្តក្រុមជនរងគ្រោះបាននាំគ្នាជិះម៉ូតូចាកចេញត្រឡប់ទៅផ្ទះវិញ ស្រាប់តែក្រុមយុវជនឈាមរាវជិះម៉ូតូដេញតាមពីក្រោយតាមរករឿងវាយ និងកាប់ប្រហារបណ្ដាលឲ្យជនរងគ្រោះរងរបួសដាច់ដៃម្ខាង ចំណែកគ្នារបស់ជនរងគ្រោះបាននាំគ្នារត់ចោលគ្នាហើយក៏ត្រូវជនដៃដល់កាប់ម៉ូតូហុងដាឌ្រីមសេ១២៥ បណ្ដាលឲ្យរងការខូចខាតទាំងស្រុង ។ បន្ទាប់មកយុវជនឈាមរាវទាំងនោះបាននាំគ្នារត់គេចខ្លួនទៅបាត់ស្រមោលហើយជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅបានចុះទៅកាន់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា និងឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ ហើយក្រោយពេលសួរនាំរួចមួយជំហ៊ានជនទាំងនោះត្រូវបានបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ