ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស CPP ព្រមាន​ប្តឹង ប្រឆាំង​ពាក្យស្លោក CNRP «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិទៅ​កាន់​តុលាការ ក្នុង​ករណី​ដែល​គណបក្សប្រឆាំង​នេះ​មិន​កែតម្រូវ​ខ្លឹមសារ​ពាក្យស្លោក​ថា​

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិទៅ​កាន់​តុលាការ ក្នុង​ករណី​ដែល​គណបក្សប្រឆាំង​នេះ​មិន​កែតម្រូវ​ខ្លឹមសារ​ពាក្យស្លោក​ថា​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ។

សម្រាប់​គណបក្សកាន់អំណាច ពាក្យស្លោក​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា មាន​ចរិត​ញុះញង់ បង្កហេតុ និង​ប្រមាថ​មាក់ងាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​មន្ត្រីឃុំ​-​សង្កាត់​នៅ​ទូ​ទាំង​ប្រទេស ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា​ពាក្យស្លោក​នេះ​មិនមែន​សំដៅលើ​មេឃុំ​របស់គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ ។ នេះ​បើ​យោង​តាម​វិទ្យុ​បារាំង​អន្តរជាតិ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមីនា ។

ក្រោយ​ពី​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​កោះ​ពេជ្រ កាលពី​រសៀល​ថ្ងៃ​៦ ខែមីនា ដែល​បាន​រិះគន់​ទៅ​លើ​គោលនយោបាយ​អាទិភាព​៥​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា មាន​ចរិត​បង្កហេតុ​នោះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ទទូច​ឱ្យ​គណបក្សប្រឆាំង​កែតម្រូវ​ខ្លឹមសារ​ពាក្យស្លោក​នោះ​ជា​បន្ទាន់ ។

សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថា ពាក្យស្លោក «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» មាន​ចរិត​ញុះញង់ បង្កហេតុ និង​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​មន្ត្រីឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស ដែល​បាន​ខិតខំ​បម្រើប្រជាជន ស្រប​តាម​តួនាទី​របស់​ខ្លួន ដោយ​មិន​មានការ​រើសអើង​និន្នាការ​នយោបាយ​សោះឡើយ ។

សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា​«​គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កែតម្រូវ​ជា​បន្ទាន់ ចំពោះ​ខ្លឹមសារ​ខាងលើ ដើម្បី​រក្សា​បរិយាកាស​ល្អ​និង​សុខ​សន្តិភាព​របស់​ប្រទេស​ជាតិ  ។

លោក គង់ សភា សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ស្វាយ​វៀង បាន​លើក​ឡើង​ថា គ្រាន់តែ​ប្រកួត​គោលនយោបាយ​សោះ​ក៏​គណបក្សកាន់អំណាច​ភ័យ​ស្លន់ស្លោ​ដែរ ចេះ​តែ​រក​នឹកឃើញ​ទៅ​រួច ។

យោង​តាម​គោលនយោបាយ​ចំនួន​៥​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ខ្លឹមសា​រួម«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​ដែល​ត្រូវ​បាន​សមាជ​វិសាមញ្ញ​អនុម័ត​កាលពី​ថ្ងៃ​ទី​២ ខែមីនា មាន ៖
ទី​១-​ពង្រឹង​សិទ្ធិ​អំណាច​ប្រជាពលរដ្ឋ ផ្តល់​ឱកាស​និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​បង្កើត​សហគមន៍ ផ្តល់​យោបល់​វាយតម្លៃ និង​ចូលរួម​ធ្វើ​សេចក្តីសម្រេច​នានា​ក្នុង​ឃុំ សង្កាត់ ។
ទី​២-​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​និង​អភិវឌ្ឍន៍ ដោយ​ការពារ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ និង​មិន​ចុះហត្ថលេខា​លើ​ការ​វិនិយោគ ឬ​សម្បទាន​ណា​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ។ ប្រឹក្សា​យោបល់ និង​ផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ខុស និង​ទីផ្សារ​កសិផល​។ អភិវឌ្ឍន៍​និង​វិនិយោគ ដោយ​ផ្តល់​ផលប្រយោជន៍​ជា​អាទិភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ សង្កាត់ ។
ទី​៣-​សេវា​សាធារណៈ​ដោយ​ផ្តល់​លិខិត​ស្នាម​ផ្សេង​ៗ​ដោយ​មិន​រើសអើង ស្អាតស្អំ និង​ទាន់​ពេល​កំណត់ បង្កើត​មូលនិធិ​សម្រាប់​ជួយ​ជន​រង​គ្រោះ ។
ទី​៤-​សន្តិសុខ ដោយ​ពង្រឹង​ប្រសិទ្ធភាព​និង​លើកកម្ពស់​ការងារ​នគ​បាល​ដើម្បី​ឃុំ សង្កាត់​ប្រកបដោយ​សុវត្ថិភាព គ្មាន​គ្រឿងញៀន និង​គ្មាន​អំពើ​ហិង្សា និង 
ទី​៥-​វិមជ្ឈការ​(​គោលនយោបាយ​ថ្នាក់​ជាតិ​សម្រាប់​ឃុំ សង្កាត់​) ដោយ​ធ្វើ​វិមជ្ឈការ​អំណាច ប្រគល់​សិទ្ធិ​អំណាច​ធ្វើ​សេចក្តី​សម្រេចចិត្ត​ក្នុង​ការ អភិវឌ្ឍ​ឃុំ សង្កាត់ ផ្តល់​ថវិកា​យ៉ាងតិច​៥០​ម៉ឺន​ដុល្លារ​សម្រាប់​ឃុំ សង្កាត់ ក្នុង​មួយ​ឆ្នាំ ស្មើនឹង​ប្រមាណ​២០%​នៃ​ថវិកាជាតិ ។

ចំពោះ​គោលនយោបាយ​៥​ចំណុច​នេះ​ដែរ​នៅ​ថ្ងៃ​ទី​៦ ខែមីនា គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​ផ្សព្វផ្សាយ​ជា​គោលនយោបាយ​អាទិភាព​៥​ចំណុច​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាង​មុខ​ផង​ដែរ ។

ការ​ទាក់ទង​ទៅ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រសៀល​ថ្ងៃ​៧ ខែមីនា មិន​ទាន់​ទទួល​បានការ​បំភ្លឺ​បែប​ណា​នៅឡើយ​ទេ តែ​តាម​អ្នកវិភាគ​បាន​ព្យាករណ៍​ថា ទោះ​ចង់​ឬ​មិន​ចង់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្ខំចិត្ត​ប្តូរ​ពាក្យស្លោក​របស់​ខ្លួន​នេះ​ព្រោះថា បើ​មាន​បណ្តឹង​នៅ​តុលាការ​ហើយ​នោះ​អាច​នឹង​មាន​បញ្ហា​មិន​ខាន ។ មន្ត្រី​គណបក្សកាន់អំណាច​និយាយ​ថា ពាក្យស្លោក​នេះ​មាន​ចរិត​ញុះញង់ ។

លោក យ៉ែ​ម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែមីនា​ថា គណបក្ស​មិន​ទាន់​បាន​ពិចារណា​កែតម្រូវ​ខ្លឹមសារ​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំបម្រើ​រាស្ត្រ​»​នោះ​នៅឡើយ​ទេ ។ ទោះបីជាបែប​ណា​លោក​អះអាង​ថា នោះ​វា​គ្រាន់តែ​ជាពាក្យស្លោក​មិនមែន​ស្ថិត​ក្នុង​គោលនយោបាយ​អាទិភាព​៥​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ។ ម្យ៉ាងវិញទៀត គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​មមាញឹក​ក្នុង​ការ​រៀបចំ​ដាក់​បេក្ខភាព​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ។

លោក​បានឱ្យ​ដឹង​តាម​រយៈ​ទូរស័ព្ទ​ថា «​ការ​ពិត​ទៅ នេះ​គ្រាន់តែ​ជា​ពាក្យស្លោក​ទេ ហើយគោលនយោបាយ​អាទិភាព​របស់​គណបក្សសង្គ្រោះ​ជាតិ​ដែល​ថា​៥​ចំណុច​ហ្នឹង គឺ​ពាក់ព័ន្ធ​ជាមួយ​ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ ជីវភាព​ប្រជាពលរដ្ឋ សេវា​សាធារណៈ សន្តិសុខ និង​វិមជ្ឈការ ។ ដូច្នេះ​ពាក្យ​នេះ​វា​គ្រាន់តែ​ជា​ពាក្យស្លោក មិន​មាន​ន័យ​នៅ​ក្នុង​គោលនយោបាយ​នោះ​ទេ ។

លោក យ៉ែ​ម បុញ្ញឫទ្ធិ សង្កត់ធ្ងន់​ថា «​យើងមិន​ទាន់​បាន​គិតពិចារណា​រឿង​ហ្នឹង (​ការ​កែតម្រូវ​ខ្លឹមសារ​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​ផង​ទេ ពីព្រោះ​យើង​កំពុង​តែ​ពិនិត្យ​មើល​ការ​ដាក់​បញ្ជី​បេក្ខជន ។ យើង​បាន​ដាក់​គ្រប់​ឃុំ សង្កាត់​ហើយ ប៉ុន្តែ​យើង​បាន​ទទួល​ព័ត៌មាន​ខ្លះ ពី​ឃុំ​ខ្លះ​ដែល​ត្រូវ​ធ្វើការ​កែតម្រូវ​ដោយសារ​ខុស​នេះ ខុស​នោះ​ជាដើម យើង​កំពុង​តែ​ផ្ដោតអារម្មណ៍​ទៅ​លើ​រឿង​នោះ​» ។

ជាមួយ​គ្នា​នេះ លោក យ៉ែ​ម បុញ្ញឫទ្ធិ បានឱ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​ដាក់​បេក្ខជន​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​គ្រប់​ទាំងអស់​១៦៤៦​ឃុំ​-​សង្កាត់ ដែល​មាន​បេក្ខជន​ជាង​២​ម៉ឺន​នាក់​ឈរឈ្មោះ ។

ចំណែក លោក អេ​ង ឆៃ​អ៊ា​ង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បានឱ្យ​ដឹង​ថា ពាក្យស្លោក​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា​«​មាន​ចរិត​ញុះញង់ បង្កហេតុ និង​ប្រមាថ​»​នោះ វា​ជា​គ្រាន់តែ​ជា​ពាក្យស្លោក​ក្នុង​ការ​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​មេឃុំ​ដែល​ទទួល​បាន​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ថា «​ចំពោះ​ខ្ញុំ​យល់​ឃើញ​ថា ពាក្យស្លោក​នេះ​ជា​ការ​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​មេឃុំ ដែល​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ពេល​បោះ​ឆ្នោត ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​កុំឱ្យ​បម្រើ​បក្ស​តែ​ប៉ុណ្ណោះ ។ ពាក្យស្លោក​នេះ គេ​អាច​ហាម​មិន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​យក​មក​ប្រើ​បាន តែ​គេ​ក៏​មិន​អាច​ហាម​ប្រជាពលរដ្ឋ មិន​ឱ្យ​យក​មក​ប្រើ​បាន​ដែរ ព្រោះ​ពាក្យស្លោក​នេះ កើត​ចេញពី​ប្រជាពលរដ្ឋ​» ៕