កងទ័ពអីុរ៉ាក់កាលពីថ្ងៃទី៧ មីនា បង្កើនការវាយរុលទៅមុខនៅភាគខាងលិចក្រុងម៉ូសស៊ុលហើយដណ្តើមយកបានពីក្រុមអ៊ិស្លាមអគារសាធារណៈជាច្រើនដូចជាសាលាខេត្ត និងសារមន្ទីរវត្តសិល្បៈជាដើម ។
ការវាយយកបានសង្កាត់រដ្ឋបាលក៏ត្រូវបានប្រកាសដែរដោយក្រុងបាដាដនាថ្ងៃទី៣ នៃការវាយលុកថ្មី ដើម្បីដណ្តើមយកទីតាំងចុងក្រោយរបស់ពួកជីហាដនៅក្រុងម៉ូសស៊ុល ។ កងទ័ពរដ្ឋាភិបាលពេលនេះរុលចូលដល់ជិតតំបន់ទីក្រុងចាស់ជាតំបន់មានប្រជាជនច្រើន ដែលការប្រយុទ្ធនៅទីនោះពិតជាខ្លាំងក្លាជាពិសេស។ កងទ័ពអុីរ៉ាក់វាយបណ្តេញពួកជីហាដចេញពីសង្កាត់រដ្ឋបាលមួយដែលមានសាលាខេត្តនីនីវ ព្រមទាំងទីតាំងប៉ូលិសនិងអគារធនាគារកណ្តាលជាកន្លែងដែលក្រុមរដ្ឋអ៊ិស្លាមប្រមូលយកបានប្រាក់ជាច្រើនលានដុល្លារ កាលពីឆ្នាំ២០១៤ ពេលក្រុមនោះដណ្តើមត្រួតត្រាទីក្រុងធំទី២នោះរបស់ប្រទេស ។
ចាប់តាំងពីបើកធ្វើប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំលើក្រុងម៉ូសស៊ុលភាគខាងលិចពីថ្ងៃទី១៩ កុម្ភៈមកកងទ័ពអុីរ៉ាក់ប្រកាសនាថ្ងៃទី៧ មីនាពីការដណ្តើមត្រួតត្រាស្ពានទី២កាត់ទន្លេថៃហ្គ័រ ហើយប៉ុនប៉ងជួសជុលស្ពាននោះដើម្បីស្តារការតភ្ជាប់ដោយផ្ទាល់់រវាងភាគខាងកើតនិងភាគខាងលិចក្រុងម៉ូសស៊ុល ដែលនោះនឹងជាការរុលទៅមុខជាយុទ្ធសាស្ត្រចម្បងមួយ ។ បណ្តាទីប្រឹក្សាយោធាអាមេរិកនិងអង់គ្លេស កំពុងជួយដល់ការបង្កើតស្ពានបណ្តែតនានា ។
ការប្រយុទ្ធដែលកំពុងប្រព្រឹត្តទៅនៅក្រុងម៉ូសស៊ុលភាគខាងលិចញ៉ាំងឱ្យមានការរត់ភៀសខ្លួនរបស់មនុស្សជាង៥០.០០០នាក់ ក៏ប៉ុន្តែប្រជាជនប្រមាណជា៧៥០.០០០នាក់កំពុងជាប់់ក្នុងតំបន់នោះនៅឡើយដោយខ្វះស្បៀងនិងការព្យាបាល ៕
ចែករំលែកព័តមាននេះ