ប្រទេសឥណ្ឌូណេស៊ី ៖ ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីនឹងសំណូមពរទៅប្រទេស៦ឲ្យសាកល្បង និងពង្រីកការនាំចេញរបស់ឥណ្ឌូណេស៊ី ដោយចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មពេលប្រជុំថ្នាក់ខ្ពស់ជាមួយសមាជិក និងដៃគូសមាគមជាយសមុទ្រឥណ្ឌា (IORA) ក្នុងសប្តាហ៍នេះ ។
ប្រទេសទាំង៦នោះរួមមាន អេមីរ៉ាតអារ៉ាប់រួម, អាហ្វ្រិកខាងត្បូង, បង់ក្លាដែស, អុីរ៉ង់, សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។
អេមីរ៉ាតអារ៉ាប់រួម, អាហ្វ្រិកខាងត្បូង, បង់ក្លាដែស និងអុីរ៉ង់ គឺជាសមាជិករបស់ IORA ខណៈសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដៃគូរបស់ IORA នឹងចូលរួមកិច្ចប្រជុំ ពីថ្ងៃទី៥ ដល់៧ មីនា ។
លោក Enggartiasto Lukita រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី បានថ្លែងកាលពីថ្ងៃសុក្រ ក្នុងសន្និសីទកាសែតថា ៖ « ពួកយើងបានព្រមព្រៀងជាមួយអារ៉ាប៊ីសាអូឌីតថា នឹងចាប់ផ្តើមសិក្សារួមពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងចរចាបញ្ហាស្រដៀងគ្នាជាមួយប្រទេសទាំង៦ ក្នុងកិច្ចប្រជុំ IORA » ។
ការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់ឥណ្ឌូណេស៊ីដើម្បីជំរុញការនាំចេញ ។
សេដ្ឋកិច្ចធំជាងគេក្នុងអាស៊ីអាគ្នេយ៍នេះពិបាករក្សាការលូតលាស់នៃការនាំចេញ ព្រោះតម្លៃផលិតផលនាំចេញបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ។
យោងតាមភ្នាក់ងារស្ថិតិកណ្តាលឲ្យដឹងថា ការនាំចេញសរុបបានធ្លាក់ចុះ៣,៩៥% មកត្រឹម១៤៤,៤ប៊ីលានដុល្លារកាលពីឆ្នាំមុន ។
ក្នុងឆ្នាំនេះ ក្រសួងពាណិជ្ជកម្មនឹងដាក់គោលដៅមធ្យមសម្រាប់ការលូតលាស់នៃការនាំចេញ និងសង្ឃឹមថា វានឹងកើនឡើង៥,៦% ៕
ចែករំលែកព័តមាននេះ