ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ម្នាក់ខ្ចី​រថយន្ត​កុហក​ថា ​ទៅ​មើល​ឪពុក​ដេកពេទ្យ បែរជា​ខ្លួនឯង​ចូល​ពេទ្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ និស្សិត​ម្នាក់ បាន​ខ្ចី​រថយន្ត​បងប្អូន​ជិះ​ទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​មង្គលការ​មិត្តភក្តិ តែ​មិន​ប្រាប់​ត្រង់​ទេ គឺ​កុហក​ថា​

រាជធានី​ភ្នំពេញ ៖ និស្សិត​ម្នាក់ បាន​ខ្ចី​រថយន្ត​បងប្អូន​ជិះ​ទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​មង្គលការ​មិត្តភក្តិ តែ​មិន​ប្រាប់​ត្រង់​ទេ គឺ​កុហក​ថា​ ទៅ​មើល​ឪពុក​ឈឺ​នៅ​មន្ទីរពេទ្យ ។ លុះ​ពេល​ត្រឡប់​មក​ពី​ហូប​ការ​វិញ បើករថយន្ត​បុក​ខឿន​សួនច្បារ ហើយ​ព្យាយាម​បើក​គេច​ក៏​ទៅ​បុក​រទេះ​លក់​គ្រឿង​ម្ជូរ​នៅ​ផ្សារ​ដើម​គ​ទៀត ទើបត្រូវ​អាជីវករ​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​វាយ​បែកក្បាល និង​គប់​កញ្ចក់​រថយន្ត​បែក​ខ្ទេច ។

ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង ២០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមីនា នៅ​តាម​វិ​ថីព្រះ​មុនី​រ៉េ​ត កន្លែង​លក់​បន្លែ​ផ្សារ​ដើម​គ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំកា​មន​។

រថយន្ត​ដែល​ខ្ចី​គេ​នោះ​ម៉ាក តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២U-២៦៦០ ឯ​និស្សិត​រូប​នេះ​ឈ្មោះ ទេព បុរី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រៀន​ឆ្នាំ​ទី​៣​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ ចំណែកឯម្ចាស់​រទេះ​លក់​គ្រឿង​ម្ជូរ​ឈ្មោះ យុន សា​វ៉េ​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​ដើម​គ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា យុវជន​ខាងលើ​បើករថយន្ត​តូ​យ៉ូ​តា​ព្រូស​ចេញ​មក​ពី​ការ​មិត្តភក្តិ​នៅ​ម្តុំ​ស្ពាន​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​បឹង​សាឡា​ង ខណ្ឌទួលគោក ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦​ក្នុង​ល្បឿន​លឿន ។

លុះ​មក​ដល់​មុខ​ភោជនីយដ្ឋាន​«​ឧត្តម​» ដោយសារ​តែ​កំណាត់​ផ្លូវជាតិ​លេខ​៦​កំពុង​ជួសជុល​មិន​ទាន់​រួចរាល់ ក៏​បើក​ធ្លាក់​ចូល​ផ្លូវ​ដែល​គេ​កុំ​ពុង​ជួសជុល​នោះ​ហើយ​រេ​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច ។ រីឯ​រថយន្ត​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង និង​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​ដែរ តែ​មិន​បាន​ឈប់​ទេ​និង​ព្យាយាម​បើក​រត់គេច​ចេញពី​កន្លែង​កើតហេតុ​ទាំង​បែក​កង់​។ ខណៈ​ឃើញ​បែប​នេះ អ្នក​រស់នៅ​ជិត​នោះ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ។

ស្រប​ពេល​នោះ​ដែរ សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​ក៏​ដេញ​តាម ។ លុះ​ទៅ​ដល់​កន្លែង​លក់​បន្លែ​នៅ​ផ្សារ​ដើម​គ​តាម​វិ​ថី​ព្រះ​មុនី​រ៉េ​ត រថយន្ត​នេះ​បាន​បើក​ជែង​ខាងស្តាំ​រថយន្ត​មួយ​គ្រឿង​ទៀត​ក៏​ជ្រុល​ទៅ​បុក​រទេះ​លក់​គ្រឿង​ម្ជូរ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​រទេះ​រង​ការ​ខូចខាត​បន្តិចបន្តួច រីឯ​ម្ចាស់​រទេះ​រត់​ចេញ​ទាន់​មិន​មាន​រង​របួស​ទេ គ្រាន់តែ​ពេល​រត់​នោះ​បណ្តាល​ឲ្យ​ថ្លោះ​ចង្កេះ ។

ក្រោយ​ពេល​កើតហេតុ អ្នកលក់​បន្លែ​នៅ​ផ្សារ​ដើម​គ និង​អ្នក​នៅ​ទីនោះ​រាប់រយ​នាក់​ផ្ទុះកំហឹង នាំ​គ្នា​យក​ជ្រញ់​និង​អង្រែ​បុក​គ្រឿង​ព្រមទាំង​កញ្ច្រែង​ដាក់​បន្លែ​គប់​ទៅ​លើ​រថយន្ត​ធ្វើ​ឲ្យ​បែក​កញ្ចក់​អស់ទាំង​ស្រុង ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ទៅ​ដល់ បាន​បើកទ្វារ​ឲ្យ​យុវជន​ជា​អ្នក​បើករថយន្ត​ចេញ និង​ប្រជាពលរដ្ឋ​នាំ​គ្នា​វាយ​មួយ​អង្រែ​បុក​គ្រឿង​និង​មួយ​ជ្រញ់​បែកក្បាល មុន​ពេល​សមត្ថកិច្ច​នាំ​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​ទី​២ ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ខាងលើ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ចំណែកឯ​រថយន្ត​និង​រទេះ​លក់​ម្ជូរ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕