រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ នៅទីតាំងមួយកន្លែងដែលមានស្លាកយីហោ អឹមអិល ដោយនៅក្នុងនោះមានជនបរទេស និងជាតិខ្មែរផងដែរ។

ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ដែរ មានស្លាកយីហោអឹមអិល ML ដែលស្ថិតនៅតាមបណ្តោយផ្លូវប្រឡាយលូ១០៥ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ហើយការចុះអន្តរាគមន៍នេះ មានការចូលរួមពីកម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយក្នុងនោះមានកម្លាំងមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន កងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការណ៍ចុះបង្ក្រាបខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១៣៤នាក់ ស្រី៥៨នាក់ រួមមានកាំភ្លើ.ងខ្លីចំនួន០២ដើម ដោយសង្ស័យជាប់ពាក់ព័ន្ធ និងករណីគ្រឿងញៀ.ន និងល្បែងស៊ីសងនៅក្នុងទីតាំងអគារមួយកន្លែងដែលមានស្លាកយីហោ អឹមអិលខាងលើនេះ។

គួររម្លឹកដែរថា ការចុះបង្គ្រាបនៅទីតាំងដែលមានស្លាកយីហោ អឹមអិលខាងលើនេះ ជាការបង្ក្រាបលើកទី២ហើយ ដោយកន្លងមកកម្លាំងអាវុ.ធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបម្តងរួចមកហើយ។

បច្ចុប្បន្នមនុស្សស្រីដែលឃាត់ខ្លួន នៅក្នុងទីតាំងខាងលើ នេះត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិង អនុវត្តបន្តតាមនីតិវិធីច្បាប់។
ព័ត៌មានលម្អិតនឹងមានផ្សាយលើកាសែតកោះសន្តិភាព៕




ចែករំលែកព័តមាននេះ