រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៧ មីនា កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនខ្លួនយុវជនម្នាក់ជាបុគ្គលិកក្រុមហ៊ុន ផាត ហ្វាញឌឺ ត្រាវែល ទៅតុលាការ ពាក់ពន្ធបទរំលោភលើសេចក្តីទុកចិត្តរឿងកេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុន ៣៧.៥០៤ (បីម៉ឺនប្រាំពីរពាន់ប្រាំរយបួនដុល្លារ) ។ យុវជនរូបនោះឈ្មោះ សំ លីហេង អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
ទាក់ទិនការឃាត់ខ្លួនយុវជនរបនេះបញ្ជូនទៅសាលាដំបូងរាជធានីត្រូវបានមន្ត្រីកងរាជអាវុធហត្ថឲ្យដឹងថា ជាការធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ ឈឺន ហ្វូជូវ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន ជាពាណិជ្ជករតំណាងឲ្យក្រុមហ៊ុន ផាត ហ្វាញឌឺ ត្រាវែល ។ ក្រោយពីឃាត់ខ្លួនយុវជនជាជនសង្ស័យឈ្មោះ សំ លីហេង បានសារភាពថា ខ្លួនបានចូលបំរើការងារនៅក្រុមហ៊ុនខាងលើនេះចំនួន៥ខែ ហើយមានមុខងារជាផ្នែកលក់សំបុត្រ និងទទួលបានប្រាក់ខែ៦៥០ដុល្លារអាមេរិកក្នុង១ខែ ។
នៅក្នុងអំឡុងខែកុម្ភៈដល់ថ្ងៃទី៤ មីនា ឆ្នាំ២០១៧ ខ្លួនបានលក់សំបុត្រយន្តហោះឲ្យអតិថិជនចំនួន១៦សន្លឹក សរុបជាទឹកប្រាក់ចំនួន៦.៤១៤ដុល្លារអាមេរិក តែខ្លួនពុំទាន់បានប្រមូលប្រាក់ពីអតិថិជននោះយកទៅបង់ឲ្យក្រុមហ៊ុនទេ ខ្លួនបានយកលុយនេះដើរចាយវាយខ្លះ និងខ្លះនៅអតិថិជនមិនទាន់ទូទាត់ ។
មន្ត្រីកងរាជអាវុធហត្ថបន្តថា ភាគីខាងក្រុមហ៊ុនបានហៅឈ្មោះ សំ លីហេង ទៅនិយាយច្រើនលើកច្រើនសារ ហើយឲ្យដោះស្រាយបំណុលនោះជាមួយក្រុមហ៊ុនប៉ុន្តែឈ្មោះ សំ លីហេង បានប្រងើយកន្តើយ ថែមទាំងគេចវេសមិនចូលខ្លួនទើបក្រុមហ៊ុនដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន ។ នៅសាលាដំបូងរាជធានីភ្នំពេញឈ្មោះ សំ លីហេង ទទួលស្គាល់ការពិតដូចការចោទប្រកាន់ពីតំណាងក្រុមហ៊ុនខាងលើនោះប៉ុន្តែដល់ដំណាក់កាលនេះគ្មានអ្វីក្រៅពីផ្ញើប្រាណក្នុងពន្ធនាគារនោះទេ ៕
ចែករំលែកព័តមាននេះ