ទីបញ្ជាការកងទ័ពអាមេរិកនៅប៉ាស៊ីហ្វិករាយការណ៍កាលពីថ្ងៃទី៧ មីនា ថា សហរដ្ឋអាមេរិកចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីស៊ីល THAAD នៅកូរ៉េខាងត្បូងជាការឆ្លើយតបចំពោះការបាញ់មីស៊ីលថ្មីៗកាលពីថ្ងៃទី៦ មីនា របស់កូរ៉េខាងជើង ។
ឧត្តមនាវី HARRY HARRIS ក្នុងសេចក្តីប្រកាសមួយគូសបញ្ជាក់ថា ការបង្កហេតុផ្ទួនៗរបស់កូរ៉េខាងជើងអះអាងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់យើងកាលពីឆ្នាំទៅមិញដាក់ពង្រាយប្រព័ន្ធការពារ THAAD នៅកូរ៉េខាងត្បូង ។
មុននេះបន្តិចសេតវិមានប្រកាសថា ការផ្តល់ប្រព័ន្ធការពារនេះ ដំបូងគ្រោងនារដូវស្លឹកឈើជ្រុះនោះ នឹងត្រូវជម្រុញ ទោះបីមានការប្រឆាំងជំទាស់របស់ចិនក៏ដោយ ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ កាលពីយប់ថ្ងៃទី៦ មក៧ មីនា បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក HWANG KYO AHN និងជាមួយនាយករដ្ឋមន្ត្រីជប៉ុន ពីការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាង ហើយអះអាងប្រាប់ដល់ប្រទេសទាំង២ពីការជួយទ្រទ្រង់ពេញទំហឹងរបស់ក្រុងវ៉ាស៊ីនតោន ។
អ្នកនាំពាក្យសេតវិមានលោក SEAN SPICER អះអាងថា សហរដ្ឋអាមេរិកនឹងជម្រុញការដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីស៊ីល THAAD នៅកូរ៉េខាងត្បូង ។ យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP ថា ប្រព័ន្ធ THAAD ២គ្រឿងបញ្ជូនមកដល់ដែនដីកូរ៉េខាងត្បូងរួចហើយ ។ ការដាក់ពង្រាយនឹងបង្ហើយរយៈពេលពី១ខែទៅ២ខែ រួចប្រព័ន្ធ THAAD អាចធ្វើប្រតិបត្តិការបានចាប់ពីដើមខែមេសាទៅ ៕
ចែករំលែកព័តមាននេះ