ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាញ់​មី​ស៊ី​ល កូរ៉េ​ខាងជើង​ថា ​ជា​ការ​ហ្វឹកហ្វឺន​សម្រាប់​វាយប្រហារ​បណ្តា​មូលដ្ឋាន​អា​មេ​រិ​ក

9 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​អះអាង​កាលពី​ថ្ងៃ​ទី​៧ មីនា ថា ការ​បាញ់​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​ខ្លួន​ គឺជា​ការ​ហ្វឹកហ្វឺន​មួយ​សំដៅ​វាយប្រហារ​បណ្តា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ជប៉ុន ខណៈ​ការ​ថ្កោលទោស​ប្រទេស​នេះ​ដែល

ប្រទេស​កូរ៉េ​ខាងជើង​អះអាង​កាលពី​ថ្ងៃ​ទី​៧ មីនា ថា ការ​បាញ់​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​ខ្លួន​ គឺជា​ការ​ហ្វឹកហ្វឺន​មួយ​សំដៅ​វាយប្រហារ​បណ្តា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ជប៉ុន ខណៈ​ការ​ថ្កោលទោស​ប្រទេស​នេះ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ផ្ទុះ​ឡើង​គ្រប់កន្លែង ។

ក្នុង​ចំណោម​មី​ស៊ី​ល​ដែល​បាញ់​ចេញ​កាលពី​ថ្ងៃ​ទី​៦ មីនា ៣​គ្រាប់​បាន​ធ្លាក់​ប្រកបដោយ​គ្រោះថ្នាក់​ជិត​ប្រទេស​ជប៉ុន​គឺ​ក្នុង​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ ZEE របស់​ប្រទេស​នេះ ដែល​នោះ​ជា​ការ​ផ្គើន​ថ្មី​ដល់​សហគមន៍​អន្តរជាតិ និង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ។

លោក​ត្រាំ ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​អះអាង​ជា​ថ្មី​ពី​ការ​ធានា​របស់​ប្រទេស​លោក​នៅ​ពីក្រោយ​សម្ព័ន្ធមិត្ត​ជប៉ុន និង​កូរ៉េ​ខាងត្បូង ។

ចំណែក​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប នឹង​រួម​ប្រជុំ​នា​ថ្ងៃ​ទី​៨ មីនា តាម​សំណើ​របស់​ក្រុង​តូ​ក្យូ និង​ក្រុង​សេ​អ៊ូ​ល ដើម្បី​ពិភាក្សា​ពី​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​ទាំងនេះ​របស់​ក្រុង​ព្យុ​ង​យ៉ាង ។

បណ្តា​ដំណោះស្រាយ អ​.​ស​.​ប ហាមឃាត់​ក្រុង​ព្យុ​ង​យ៉ាង​មិន​ឱ្យ​មាន​រាល់​កម្មវិធី​នុយក្លេអ៊ែរ ឬ​បាលី​ស្ទិ​ក ។ ក៏​ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម​៦​លើក​រួច​មក​ហើយ នៅ​តែ​ពុំ​អាច​ជម្រុញ​ឱ្យ​របប​លោក​គី​ម ជុង​អ៊ុ​ន បោះបង់​ចោល​មហិច្ឆតា​យោធារបស់​ខ្លួន ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA ថា ការ​បាញ់​មី​ស៊ី​ល​កាលពី​ថ្ងៃ​ទី​៦ មីនា ត្រូវ​បាន​តាមដាន​ត្រួតពិនិត្យ​ផ្ទាល់​ដោយ​លោក​គី​ម ជុង​អ៊ុ​ន ។ លោក​គី​ម ជុង​អ៊ុ​ន ស្រែកច្រៀង​សរសើរ​ដល់​កងឯកភាព​កាំភ្លើង​ធំ HWOSONG ដែល​ជា​អ្នក​បាញ់​មី​ស៊ី​ល​ទាំងនេះ ។ លោក​គី​ម ជុង​អ៊ុ​ន និយាយ​ថា មី​ស៊ី​ល​បាលី​ស្ទីក​៤​គ្រាប់​ដែល​បាញ់​ចេញ​ដំណាលគ្នា​ពិតជា​អស្ចារ្យ​ដោយ​មី​ស៊ី​ល​ទាំងនោះ​ហោះហើរ​ដល់​យន្តហោះ​ពេល​ហោះ​សម្តែងឫទ្ធិ ។ លោក​បន្ត​ថា ទិស​ដៅ​គឺ​វាយប្រហារ​បណ្តា​មូលដ្ឋាន​យោធា​របស់​អ្នក​ឈ្លានពាន​ចក្រពត្តិនិយម​អា​មេ​រិ​ក​នៅ​ជប៉ុន ក្នុង​ករណី​ចាំបាច់ ។ ការ​បាញ់​មី​ស៊ី​ល​ទាំងនេះ​ជា​ការ​បង្ហាញ​ថា កូរ៉េ​ខាងជើង​ត្រៀម​លុប​ចោល​ពី​ផែនដី​កងកម្លាំង​សត្រូវ​តាម​មធ្យោបាយ​នៃ​ការ​វាយប្រហារ​នុយក្លេអ៊ែរ​ដោយ​គ្មាន​ការ​ត្រា​ប្រណី ។

បណ្តា​រូបភាព​ចេញផ្សាយ​ដោយ​កាសែត RODONG SINMUN គេ​ឃើញ​លោក​គី​ម ជុង​អ៊ុ​ន តាមដាន​មើល​បណ្តា​មី​ស៊ី​ល​ពេល​កំពុង​ហោះហើរ​លើ​អាកាស​ដោយ​លោក​ទះដៃ​អបអរសាទរ​ទាំង​ញញឹម​ពព្រាយ​អម​ដោយ​បណ្តា​អ្នក​ទទួលខុសត្រូវ​កូរ៉េ​ខាងជើង ៕