សំណុំរឿង គឹម សុខ តុលាការ2ថ្នាក់ចេញដីកាសម្រេចមិនព្រមដោះលែងឱ្យនៅក្រៅឃុំ
រាជធានីភ្នំពេញ ៖ លោក ជួង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ អ្នកវិភាគនយោបាយនិងតាមដានកិច្ចការសង្គម កាលពីព្រឹកថ្ងៃទី៦ ខែមីនា បានថ្លែងថា
រាជធានីភ្នំពេញ ៖ លោក ជួង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ អ្នកវិភាគនយោបាយនិងតាមដានកិច្ចការសង្គម កាលពីព្រឹកថ្ងៃទី៦ ខែមីនា បានថ្លែងថា
រាជធានីភ្នំពេញ ៖ លោក ជួង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ អ្នកវិភាគនយោបាយនិងតាមដានកិច្ចការសង្គម កាលពីព្រឹកថ្ងៃទី៦ ខែមីនា បានថ្លែងថា សាលាដំបូងរាជធានីភ្នំពេញ បានបដិសេធលើបណ្តឹងសុំឲ្យកូនក្តីរបស់លោកបាននៅក្រៅឃុំ ពោលគឺមិនសម្រេចឲ្យលោក គឹម សុខ កូនក្តីរបស់លោកនៅក្រៅឃុំឡើយ ។
លោកមេធាវី ជួង ជូងី បន្តថា បើទោះបីសាលាដំបូងសម្រេចបែបនេះក្តី ក៏លោកបានឯកភាពជាមួយកូនក្តីហើយ គឺនឹងដាក់ពាក្យបណ្តឹងថ្មីមួយទៀតទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យសុំឲ្យកូនក្តីរបស់លោកបាននៅក្រៅឃុំជាបណ្តោះអាសន្ន ។ ពាក្យបណ្តឹងនោះលោកបានដាក់ចូលសាលាឧទ្ធរណ៍រួចហើយ នៅរង់ចាំសភាសើុបសួរសម្រេច និងមានជំនឿថា សាលាឧទ្ធរណ៍នឹងអនុញ្ញាតឲ្យកូនក្តីលោកបាននៅក្រៅឃុំ តាមអង្គហេតុក្នុងពាក្យបណ្តឹងនោះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមីនាកន្លងទៅ លោកចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ រស់ ពិសិដ្ឋ បានចេញដីកាសម្រេចមិនឲ្យលោក គឹម សុខ នៅក្រៅឃុំទេ ដោយរួមមានលោក សៀង សុខ ព្រះរាជអាជ្ញារងបានចុះហត្ថលេខាលើដីកាសម្រេចនោះផងដែរ ។
លោក គឹម សុខ អ្នកវិភាគនយោបាយ និងតាមដានកិច្ចការសង្គម ដែលតែងតែធ្វើបទសម្ភាសន៍តាមវិទ្យុអាសុីសេរី និងវិទ្យុ VOA ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈតាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ខណៈបានចេញដីកាកោះហៅលោកឲ្យចូលបំភ្លឺជុំវិញពាក្យបណ្តឹងរបស់លោកមេធាវី គី តិច តំណាងស្របច្បាប់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក គឹម សុខ ត្រូវបានឃុំខ្លួនចាប់តាំងពីពេលនោះមក ដូច្នេះហើយបានជាមេធាវីការពារក្តីរបស់លោក ស្វះស្វែងតាមផ្លូវច្បាប់ដាក់ពាក្យសុំឲកូនក្តីបាននៅក្រៅឃុំជាបណ្តោះអាសន្ន ។
លោកមេធាវី ជួង ជូងី បានសរសេរក្នុងពាក្យសុំដោះលែងលោក គឹម សុខ ថា លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» តាមបញ្ញត្តិមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា ៣០៥
នៃក្រមព្រហ្មទណ្ឌ ដោយសំអាងហេតុថា ៖
+កាតព្វកិច្ចទាំងឡាយនៃការត្រួតពិនិត្យតាមផ្លូវតុលាការ មានលក្ខណៈមិនគ្រប់គ្រាន់ ដោយធៀបនឹងគោលដៅ ដែលមានចែងនៅក្នុងមាត្រា២០៣ និងមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
+និងយល់ឃើញថា ការឃុំខ្លួនបណ្តោះអាសន្ន គឺជាមធ្យោបាយតែមួយគត់ដើម្បី ៖
-បញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឱ្យកើតជាថ្មី
-ធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី
-ធានារក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឱ្យមានការច្របូលច្របល់ដែលបណ្តាលមកពីបទល្មើស ។
លិខិតដដែលបន្តថា តាមមាត្រា៤៩៥ នៃ ក្រមព្រហ្មទណ្ឌ លុះត្រាតែលោក គឹម សុខ ពិតជាបានប្រព្រឹត្តបទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋមែន នោះទើបត្រូវមានទោសពី៦ខែទៅ២ឆ្នាំ ប៉ុន្តែតាមគតិច្បាប់ រហូតមកដល់ពេលនេះ យើងមិនទាន់អាចសន្និដ្ឋានបានថា តើលោក គឹម សុខ ពិតជាបានប្រព្រឹត្តបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋមែន ឬមិនមែននោះទេ ពីព្រោះ ៖
១-លោក គឹម សុខ ធ្វើការវិភាគពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយកម្ពុជាតាមវិទ្យុ ។
២-មិនមែនបទឧក្រិដ្ឋណាមួយបានកើតឡើយ ដោយសារការវិភាគរបស់លោក គឹម សុខ ទេ ។
៣-រហូតមកដល់ពេលនេះ មិនមានសញ្ញាណអ្វីដែលអាចឱ្យយើងសន្និដ្ឋានបានថា អាចកើតមានបទឧក្រិដ្ឋ ចេញពីមូលហេតុនៃការវិភាគតាមវិទ្យុរបស់លោក គឹម សុខ នោះដែរ ។
សាលាឧទ្ធរណ៍ច្រានចោលបណ្តឹងនៅក្រៅឃុំ
លោក ឃុន លាងម៉េងចៅក្រមសភាស៊ើបសួរសាលាឧទ្ទរណ៍ នៅរសៀលថ្ងៃទី៦ ខែមីនាឆ្នាំ២០១៧បានសម្រេចបន្តឃុំខ្លួនលោកគឹម សុខ បន្ទាប់ពីសាលាឧទ្ធរណ៍បានចំណាយពេលជិត២ម៉ោងជំនុំជម្រះលើបណ្តឹងប្រឆាំងនឹងការឃុំខ្លួនលោក ដោយសាលាដំបូងរាជធានីភ្នំពេញ ។
លោក គឹម សុខ ជនជាប់ចោទត្រូវបាននាំខ្លួនចូលក្នុងបន្ទប់សវនាការអសាធារណៈ ដែលមានតែមេធាវីការពារសិទ្ធិជនជាប់ចោទលោក ជួង ជូងី និងមេធាវីដើមបណ្តឹងលោក គី តិច ចូលរួម ។
លោក គឹម សុខបានស្រែកប្រាប់អ្នកកាសែតមុនពេលអនុរក្សរុញរូបគាត់ចូលរថយន្តនាំទៅពន្ធនាគារព្រៃសវិញថា ៖«លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យគេទៅបញ្ចុះបញ្ចូលខ្ញុំ គំរាមកំហែងខ្ញុំដាក់គុកខ្ញុំគឺគុកងងឹត ។ ម្យ៉ាងវិញទៀតជាថ្នូរគេឲ្យខ្ញុំសសេរលិខិតសុំទោស» ។
លោកមេធាវី គី តិច តំណាងសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ សាលាឧទ្ធរណ៍បានលើកឡើងតែជុំវិញការសុំនៅក្រៅឃុំរបស់លោក គឹម សុខ តែប៉ុណ្ណោះទេ ។ លោកបានអះអាងថា តុលាការបានសួរលោក គឹម សុខ ថាហេតុអ្វីបានជាប្តឹងឧទ្ធរណ៍ប្រឆាំងការឃុំខ្លួននេះ និងមិនសុខចិត្តនៅចំណុចណា ? លោកមេធាវីដើមតំណាងសម្តេចតេជោ ហ៊ុន សែន អះអាងថា នៅសាលាឧទ្ធរណ៍នេះលោកមិនមានភស្តុតាងអ្វីទេ ហើយសំណុំរឿងអង្គសេចក្តីនៅតុលាការក្រុងទេ ។
លោកមេធាវី គី តិច បានបញ្ជាក់ថា ក្រោយពេលសាកសួរលើដីកាសម្រេចឃុំខ្លួនជនជាប់ចោទចៅក្រមសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញចាត់ទុកជាបានការដដែល ។ ចំណែកមេធាវីជនជាប់ចោទលោក ជួង ជូងី មិនបានផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតទេ ក្រោយពេលតុលាការសម្រេចច្រានចោលបណ្តឹងប្រឆាំងការឃុំខ្លួនរបស់កូនក្តីលោកបែបនេះ និងមិនដឹងថា លោកបន្តប្តឹងប្រឆាំងការសម្រេចរបស់សាលាឧទ្ធរណ៍ទៅតុលាការកំពូលទៀតឬបែបណាទេ ៕
ចែករំលែកព័តមាននេះ