ខេត្តឧត្តរមានជ័យ ៖ ហេតុការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈទឹកអូរហូរខ្លាំងច្រោះដីរហូតស្រុតបាក់ផ្ទះនិងរោងជួសជុលរថយន្តរបស់ប្រជាពលរដ្ឋ១ខ្នង ដែលរស់នៅក្បែរមាត់អូរនោះ រងការខូចខាតធ្ងន់ធ្ងរ តែសំណាងល្អដែលមិនមានមនុស្សរងគ្រោះថ្នាក់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិកុងប៊ិញ ឃុំអន្លង់វែង ស្រុកអន្លង់វែង ។

យោងតាមការឲ្យដឹងពីម្ចាស់ផ្ទះឈ្មោះម៉ឹង តេកឡុង ភេទប្រុស អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះគី លីកា អាយុ២៨ឆ្នាំ ជាអ្នកលក់គ្រឿងបន្លាស់រថយន្ត និងជួសជុលរថយន្ត បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី៣០ កញ្ញា គាត់សង្ស័យដែរ ព្រោះផ្ទះចំហៀងខាងលិចដែលជាប់មាត់អូរ គឺមានស្នាកស្នាមប្រេះស្រុតទៅហើយ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែស្រុតដីបាក់មួយចំហៀងចូលទៅក្នុងអូរតែម្តង ។

លោកងួន ទ្ធីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែងបានឲ្យដឹងថា ទាក់ទិនទៅនិងគ្រោះធម្មជាតិជំនន់ទឹកភ្លៀងហូរច្រោះស្រុតដីផ្ទះបណ្តាលឲ្យបាក់មួយចំហៀងចូលទៅក្នុងអូរ គឺមានទំហំ១៦ម×៤៥ម សាងសង់អំពីថ្ម លាយដែក ប្រក់ស័ង្កសីជាផ្ទះលក់គ្រឿងបន្លាស់រថយន្ត និងជួសជុល។

លោកអភិបាលស្រុកបានបន្តថា បន្ទាប់ពីទទួលព័ត៌មានបានពីប្រជាពលរដ្ឋមក ភ្លាមៗនោះ លោកបានដឹកនាំកំលាំងចម្រុះក្នុងមូលរដ្ឋានចុះទៅកន្លែងកើតហេតុភ្លាមៗជួយអន្តរាគមន៍ដឹកជញ្ជូនសម្ភារចេញទៅកន្លែងមានសុវត្ថិភាព និងកាត់ផ្ទះដែលបាក់ចេញកុំឱ្យប្រទាញគ្នាបាក់បន្តទៀត ។

លោកអភិបាលបញ្ជាក់ទៀតថា ពាក់ព័ន្ធករណីច្រោះស្រុតដីបាក់ផ្ទះនេះដែរ ដោយមានការខូចខាតដល់ទ្រព្យសម្បត្តិអស់មួយចំនួនរបស់ម្ចាស់ផ្ទះ តែពុំមាននណារម្នាក់ទទួលរងរបួសនោះទេ ។ ក្នុងខណៈនេះដែរ កំលាំងចម្រុះមានការហត់នឿយពេក លោកបានជួយឧបត្ថម្ភនំប៉័ងដល់កងកំលាំងផងដែរ ៕












ចែករំលែកព័តមាននេះ