ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​បញ្ចេញ​សារ​ទាក់ទង​គ្នា​ទាំងអស់​ប្រឆាំង​អ្នក​ហួច​ហៅ​ខ្យល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបីជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ថា​នឹង​ទម្លាយ​សំឡេង​ទាំងអស់ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួលស្គាល់​សំឡេង​ដែល

រាជធានី​ភ្នំពេញ ៖ ទោះបីជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ថា​នឹង​ទម្លាយ​សំឡេង​ទាំងអស់ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួលស្គាល់​សំឡេង​ដែល​បែកធ្លាយ​ក្នុង​ជំនួប​ពិ​ភាក្សា​តាម​ទូរស័ព្ទ​យ៉ាងណា​ក្តី ក៏​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​ការ​មិន​ចាប់​អា​ម្មរណ៍​នោះ​ឡើយ ។

លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​៦ មីនា ក្នុង​ជំនួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ខេត្តកណ្ដាល​បាន​បញ្ជាក់​ថា​៖ «​យើង​ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​លំដាប់ថ្នាក់ ស្គាល់​ខ្លួនឯង​ច្បាស់​ណាស់​ថា យើង​កើត​ចេញ​មកពីណា បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ណា ហើយ​យើង​ធ្វើ​ដំណើរ​ទៅ​ណា និង​ដើម្បី​អ្វី​» ។ លោក កឹ​ម សុខា បាន​លើក​ឡើង​បញ្ជាក់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​មិន​ចាប់អារម្មណ៍​នឹង​ការ​ព្រមាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ថា​នឹង​ទម្លាយ​ខ្សែអាត់​សំឡេង​នោះ​ទេ ។ លោក​ថា យើង​បន្ដដំណើរ​រួម​គ្នា​ទៅ​មុខជា​និច្ច អ្វី​ៗ​ទុក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​វិនិច្ឆ័យ​ចុះ អ្នក​ណា​ត្រូវ អ្នក​ណា​ខុស ។

ខ្ញុំ​យល់​ឃើញ​ថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​តាមដាន​ស្ថានភាព​នយោបាយ​ដោយ​យកចិត្តទុកដាក់ មាន​ភាព​វៃឆ្លាត និង​យល់​ដឹង​ច្រើន​ហើយ ។ លោក កឹ​ម សុខា បាន​លើក​ឡើង​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ កើតឡើង​ពី​ការ​រួបរួម​គ្នា ។ អ្វី​ៗ​យើង​តែងតែ​រួម​គ្នា​គិត រួម​គ្នា​ធ្វើ រួម​គ្នា​សម្រេច ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង ។

នៅ​ថ្ងៃ​ទី​៦ មីនា​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ព្រមាន​ទម្លាយ​សារ​ឆ្លើយឆ្លង​ទាំងអស់​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​នៅ​កម្ពុ​ជាមួយ​នេះ នៅ​តែ​ផ្គើន​មិន​ទទួលស្គាល់​សារ​សំឡេង​សន្ទនា​រវាង​សម្តេច និង​លោក កឹ​ម សុខា ដែល​បាន​បែកធ្លាយ​កាលពី​ស​ប្តា​ហ៍​មុន ។

ការ​ព្រមាន​ទម្លាយ​សារ​ឆ្លើយឆ្លង​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធើ​ឡើង​ក្នុង​ពេល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​២ នឹង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​១ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ដោយ​បាន​បញ្ជាក់​ថា​៖ «​អ្នកឯង​ចង់​សាក​ហេ ! បើ​ចង់​សាក​ខ្ញុំ​ទម្លាយ​ចេញ​ទាំងអស់ ។ តាំងពី​ក្នុង WhatApp SMS តិច​អ្នកឯង​ថា ខ្ញុំ​ជា​មនុស្ស​មិន​បានការ ។ គ្រាន់តែ​ឯកសារ​ស្តុក ដែល​អ្នកឯង SMS មក​ខ្ញុំ អ្នកឯង Whatapp មក​ខ្ញុំ អ្នកឯង Telegram មក​ខ្ញុំ អ្នកឯង Line មក​ខ្ញុំ​គ​គោក ។ អ្នកឯង​ចង់​ឲ្យ​ខ្ញុំ​បញ្ចេញ ខ្ញុំ​នឹង​បញ្ចេញ​ឲ្យ​អ្នកឯង​មើល​ទាំងអស់ ។ នៅ​ស្រុក​ខ្មែរ​មាន​នរណា​ជេរ ហ៊ុន សែន ថា អា​យ៉ង ក៏​ប៉ុន្តែ​មក​ធ្វើ​ជា​អា​យ៉ង​របស់​ហ៊ុន សែន​» ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៧ Facebook ឈ្មោះ «​សីហា​» បាន​ទម្លាយ​សារ​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​មួយ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ ក្នុង​សារ​សំឡេង​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក កឹ​ម សុខា បាន​ពិភាក្សា​គ្នា​ពី​ការ​រក​ច្រក​ឲ្យ​លោក កឹ​ម សុខា បាន​រួច​ផុត​ពី​ទោសទណ្ឌ ជា​ពិសេស​ផែនការ​ជួយ​ឲ្យ​លោក កឹ​ម សុខា ដណ្តើម​បាន​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​លោក សម រ​ង្ស៊ី ផង​ដែរ ។

ក្នុង​សារ​សន្ទនា​បែកធ្លាយ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ពី​ការ​ខឹងសម្បា​ខ្លាំង​ជាមួយ​លោក សម រ​ង្ស៊ី ដែល​បាន​ចោទប្រកាន់​ភរិយា និង​កូន​របស់​សម្តេច​ថា​ជា​កូន​របស់​មេដឹកនាំ​វៀតណាម ឡេ ឌឹ​ក​ថូ ។ ត្រង់​ចំណុច​នេះ ត្រូវ​បាន​លោក កឹ​ម សុខា បន្ទរ​តប​បង្ហាញ​ការ​មិន​ពេញចិត្ត​ជាមួយ​លោក សម រ​ង្ស៊ី ផង​ដែរ ។

សារ​ដែល​បាន​បែកធ្លាយ​នេះ មិន​មានការ​ចេញ​បដិសេធ ឬ​ប្រតិកម្ម​ណាមួយ​ពី​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ តែ​លោក សម រ​ង្ស៊ី ប្រមុខ​បក្ស​ប្រឆាំង​ទើប​បាត់បង់​តំណែង បាន​ចេញ​មក​ថ្លែង​អំពាវនាវ​ឲ្យ​សាធារណជន កុំ​ចាប់​អាម្ម​ណ៍​ទៅ​លើ​សារ​សំឡេង​នោះ ។ លោក សម រ​ង្ស៊ី បាន​ហៅ​សំឡេង​សន្ទនា​បែកធ្លាយ​នោះ​ថា ជា​សំឡេង​កាត់ត និង​ប្រឌិត​ឡើង​ក្នុង​បំណង​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​បាន​សរសេរ​លើ​បណ្តាញ​សង្គម​បញ្ជាក់​ថា «​សូម​បងប្អូន កូនក្មួយ កុំ​ឲ្យ​តម្លៃ​ទៅ​លើ​ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​ជា​សំឡេង ដែល​គេ​ប្រឌិត ឬ​កាត់ត​យក​មក​ផ្សព្វផ្សាយ​ក្រៅ​បរិបទ​របស់​វា ហើយ​ក៏​កុំ​ជឿ​ការ​បកស្រាយ​អកុសល និង​ការ​ញុះញង់​ទាំងឡាយ ដែល​ធ្វើ​ឡើង​ក្នុង​គោលបំណង​ប៉ុនប៉ង​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​» ។

លោក សម រ​ង្ស៊ី បាន​បន្ថែម​ថា តាម​ការ​ពិត គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រឹង​មាំ​ដដែល ពីព្រោះ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ស្រលាញ់​យុត្តិធម៌​ទាំងអស់​យល់​ច្បាស់​ថា ឯកភាព​ជា​លក្ខខណ្ឌ​ចាំបាច់ ដើម្បី​សង្គ្រោះ​ជាតិ​យើង​ទាំងអស់​គ្នា ។ គ្រប់​កាលៈទេសៈ ទោះជា​មាន​តំណែង​ជា​ប្រធាន ឬ​គ្មាន​តំណែង​អ្វី​ក្នុង​បក្ស​ក៏​ដោយ លោក កឹ​ម សុខា និង​រូប​ខ្ញុំ សម រ​ង្ស៊ី នៅ​តែ​ជា​មនុស្ស​តែ​មួយ គឺជា​ដៃគូ​ស្លាប់​រស់​ដើម្បី​សង្គ្រោះ​ជាតិ​យើង ។

អ្នក​តាមដាន​នយោបាយ​បាន​ធ្វើការ​កត់​សម្គាល់ថា ពេល​នេះ​គេ​សង្កេត​ឃើញ​ថា​ស្ថាន​ការ​នយោបាយ​កំពុង​តែ​ឡើងក​ម្តៅ​ខ្លាំង ពិសេស​នោះ​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា បាន​និង​កំពុង​តែ​ធ្វើ​ឲ្យ​សាធារណជន​តាមដាន​យ៉ាង​យកចិត្ត​ដាក់ ខណៈ​ពេល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៧​ខាង​មុខ​នេះ ៕