រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរូបគាត់ជិះម៉ូតូធ្វើដំណើរសុខៗ ស្រាប់តែមានរថយន្តហាយឡេនឌ័រមួយគ្រឿងបើកលឿនបុកអូសជាង១០ម៉ែត្រ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ទល់មុខគ្រឹះស្ថានហិរញ្ញវត្ថុ AMK ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
បុរសចំណាស់រងគ្រោះ មានឈ្មោះ សុខ សុផាត អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្រុម៧ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ រថយន្តបង្កម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AB-3706 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ចំណែកម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ រតនះគិរី 1A-8221 បើកបរដោយបុរសរងគ្រោះខាងលើ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្ក និងម៉ូតូជនរងគ្រោះជិះធ្វើដំណើរស្របគ្នា តាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចមុខគ្រឹះស្ថានហិរញ្ញវត្ថុ AMK រថយន្តបង្កបានបើកបុកពីក្រោយម៉ូតូ ពេញទំហឹងដួលអូសជាង១០ម៉ែត្រទាំងមនុស្ស និងម៉ូតូ បណ្តាលឱ្យបុរសចំណាស់ជាអ្នកបើកបរម៉ូតូបោកខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែង ។ បន្ទាប់ពីបង្កហេតុបុរសជាអ្នកបើករថយន្តបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តចោលនៅចំនុចខាងលើ ។
ក្រោយពេលកើតហេតុសាច់ញាតិជនរងគ្រោះបានមកដល់ និងត្រៀមបញ្ចូនបុរសរងគ្រោះទៅសង្គ្រោះ ប៉ុន្តែរូបគាត់បានដាច់ដង្ហើមទៅហើយ ទើបស្ត្រីជាប្រពន្ធសម្រេចដឹកសពប្តីតាមម៉ូតូ ដោយឱ្យកូនប្រុសជាអ្នកឌុបបញ្ចូនទៅលំនៅឋានដើម្បីធ្វើបុណ្យតាមប្រពៃណីតែម្តងទៅ ៕
ចែករំលែកព័តមាននេះ