ឥណ្ឌា ៖ តាមប្រភពពី Metro បានឱ្យដឹងថា កូនភ្លោះប្រុសមានអាយុ៣ឆ្នាំ បានលង់ទឹកក្នុងម៉ាស៊ីនបោកខោអាវស្លាប់យ៉ាងអាណោចអាធ័ម ពេលដែលម្តាយទុកពួកគេមិននៅផ្ទះ ត្រឹមរយៈពេល៦នាទីប៉ុណ្ណោះ ។
បើតាមការរាយការណ៍ពី The Times of India បានឲ្យដឹងថា ក្មេងប្រុសទាំង២នាក់ត្រូវបានគេរកឃើញដាំក្បាលចុះក្រោមនៅក្នុងធុងបោកខោអាវ ដែលការស៊ើបអង្កេតដំបូងគិតថា វាជាករណីគ្រោះថ្នាក់ដោយចៃដន្យ ។ ក្មេងប្រុសទាំងពីរមានឈ្មោះLaksh និង Neeshu ពួកគេរស់នៅក្នុងទីក្រុង New Delhi ។
នៅថ្ងៃកើតហេតុនោះ ពួកគេទាំងពីរនាក់ ត្រូវបានម្តាយទុកចោលក្នុងផ្ទះរយៈពេល៦នាទី ដើម្បីទៅទិញម្ស៉ៅសាប៊ូនៅជិតផ្ទះ។ ស្ត្រីជាម្តាយបានបញ្ជាក់ថា មុនគាត់ចេញទៅ បានដាក់ទឹកបំពេញក្នុងម៉ាស៊ីន ហើយរៀបចំខោអាវត្រូវបោកនៅជិតនោះ ។ នៅពេលគាត់រកកូនមិនឃើញ គាត់ប្រាប់ប្តីគាត់ឈ្មោះ Ravinderឱ្យមកជួយរក ស្រាប់តែប្រទះឃើញកូនទាំងពីរនាក់ ដាំក្បាលចុះក្រោមក្នុងម៉ាស៊ីនបោកខោអាវនោះ។
កូនភ្លោះអាយុ៣ឆ្នាំខាងលើ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ តែបានខាងពេទ្យប្រាប់ថា ពួកគេបានដាច់ខ្យល់ទៅហើយ ។ ប៉ូលិសបាននិយាយថា «ក្មេងទាំងពីរនោះរពឹសដៃ ចង់ចូលទៅក្នុងម៉ាស៊ីនបោកខោអាវនោះ ។ តែខាងសមត្ថកិច្ចកំពុងវិភាគទៅលើវិធីនៃការឡើងចូលទៅម៉ាស៊ីននោះថា តើពួកគេធ្វើយ៉ាងណា» ។
ចែករំលែកព័តមាននេះ